មេឈ្មួញឧកញ៉ា ឆាយ ជ្រាយ ដែលល្បីឈ្មោះ ក្នុងជំនួញរកស៊ី ដឹកជញ្ជូនឈើខុសច្បាប់ នៅស្រុកតំបែរ យកទៅ លក់ចែកចាយ ទៅកាន់ខេត្តព្រៃវែង និងប្រទេសយួន ហើយបច្ចុប្បន្ននេះ ឧកញ៉ា ឆាយ ជ្រាយ និងជាអ្នកប្រមូលទិញ ឈើក្នុងតំបន់ព្រៃឡង់ ខេត្តកំពង់ធំ ព្រំប្រទល់ខេត្តក្រចេះ ដឹកជញ្ជូនឆ្លងកាត់ ស្រុកព្រែកប្រសព្វ ហើយឆ្លងតាម កំពង់ដរឆ្លូង យកមកគរទុក នៅចំណុចក្រោយ វត្តកំប្រឺស ស្ថិតនៅក្នុងភូមិកំប្រឺស ឃុំទំញំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ព្រៃចម្ការកៅស៊ូ របស់គាត់ ដើម្បីនាំចេញទៅលក់បន្ត ។
ប្រភពពីឈ្មួញរកស៊ីបាននិយាយថា ឧកញ៉ា ឆាយ ជ្រាយ រកស៊ីដឹកជញ្ជូនឈើរាល់ថ្ងៃ ដោយសារបានមានការបង់ ប្រាក់អោយអាជ្ញាធរ សមត្ថកិច្ច និងជំនាញពាក់ព័ន្ធ ក្នុងនោះ សូម្បីតែខាងរដ្ឋបាលព្រៃឈើ ក៏ត្រូវបានឧកញ៉ា ឆាយ ជ្រាយ អះអាងថា បានចាត់ចែងរួចហើយដែរ ។
ប្រភពព័ត៌មានបានបន្តឱ្យដឹងថា ឧកញ៉ា ឆាយ ជ្រាយ បានប្រមូលទិញឈើ មួយចំនួនមានច្បាប់អនុញ្ញាត និងមួយចំនួនគ្មានច្បាប់អនុញ្ញាត ភាគច្រើនបង្កប់ឈើធ្នង់ ដើម្បីដឹកជញ្ជូន ចេញពីចំណុចក្រោយវត្តកំប្រឺស ឆ្ពោះទៅ ប្រទេសវៀតណាម តាមច្រកទន្លេចាមផងដែរ។
ដោយឡែកសមត្ថកិច្ចដែលពាក់ព័ន្ធ បាននឹងកំពុងទទួលលាភសក្ការៈ ពីឧកញ៉ា ឆាយ ជ្រាយ ទើបការមានដឹកជញ្ជូន ឈើដោយរលូន មិនដែលមាននរណាហ៊ានប៉ះពាល់នោះទេ ព្រោះសមត្ថកិច្ចមន្ត្រីជំនាញ ក្នុងខេត្តត្បូងឃ្មុំនេះ មិនសុខ ចិត្តវាយបំបែក ប្រភពឆ្នាំងបាយរបស់ខ្លួន ។
សារព័ត៌មានយើងពុំអាចសុំការទំនាក់ទំនងពីសមត្ថកិច្ចជំនាញក្នុងខេត្តត្បូងឃ្មុំ និងឧកញ៉ា ឆាយ ជ្រាយ បានទេ នៅពេលនេះ ។/