កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៤ មានអាជីវករ ប្រមាណជាង ៣០៨នាក់ ទាំងខាងក្នុង និងក្រៅផ្សារ បានលុង បានធ្វើលិខិតសំណើសុំកិច្ចអន្តរាគមន៍ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួយទប់ស្កាត់អំពីករណីដែលលោកអភិបាលក្រុង បានលុង មានគម្រោងសាងសង់ផ្ទះល្វែង និងធ្វើតូបសម្រាប់ជួយនៅមុខផ្សារបានលុង ដែលបាន ប្រកាស កាលពីថ្ងៃ ទី ២៨ ខែតុលា ឆ្នាំ២០១៤ និងកំណត់ហេតុអង្គប្រជុំមួយ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្តីអំពីការចុះប្រមូលព័ត៌មាន លំអិតពាក់ព័ន្ធករណីសំណើសុំគោលការណ៍វិនិយោគដីទំហំ ១០០ម៉ែត្រ គុណ ៤០ម៉ែត្រ ខាងមុខផ្សារបានលុង ដែលជាទីតាំង សម្រាប់បំរើផលប្រយោជន៍សាធារណៈ ជាពិសេសនោះ គឺជាកន្លែងផ្ញើកង់-ម៉ូតូរបស់អាជីវករ ភ្ញៀវជាតិ និងអន្តរជាតិសព្វថ្ងៃ ។
សេចក្តីប្រកាសរបស់សាលាក្រុងបានលុង ដូចខាងលើនេះ ធ្វើឱ្យអាជីវករទាំងខាងក្នុង និងក្រៅផ្សារបានលុង មានការ ព្រួយបារម្ភយ៉ាងខ្លាំង អាចនឹងប៉ះពាល់ការលក់ដូរ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ផងដែរ បើសិន ជាគម្រោងនេះ បានកើតមានឡើងពិតប្រាកដមែននោះ ។ ពួកគាត់បានប្រតិកម្មថា សេចក្តីប្រកាសនេះវាផ្ទុយទៅនឹង ចំណារឯកភាព របស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១០ ដែលមានខ្លឹមសារថា ដីទំហំ ៥៤ ម៉ែត្រ គុណ ១១០ម៉ែត្រ ខាងមុខផ្សារបានលុងរក្សាទុកសម្រាប់ជាផលប្រយោជន៍សាធារណៈ ហើយក៏វាផ្ទុយទៅនឹងខ្លឹមសារនៃលិខិតលេខ ស.ជ.ណ ចុះថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១០ របស់ទីស្តីការគណៈរដ្ឋមន្ត្រីផងដែរ ។
ដោយសារតែមានចំណាររបស់សម្តេចតេជោ ហ៊ុន សែន រួចម្តងមកហើយនោះ ធ្វើឱ្យអាជីវករអ្នកលក់ដូរ ទាំងខាងក្នុង និងខាងក្រៅផ្សារបានលុង បានសុខសប្បាយរហូតមកដល់សព្វថ្ងៃនេះ ។ ក៏ប៉ុន្តែក្នុងរយៈពេលឆ្នាំ ២០១៤ ថ្មីៗកន្លងមកនេះ ចេះតែលេចឮពាក្យចចាមអារាមថា លោកអភិបាលក្រុងបានលុងមានគម្រោង សាងសង់ផ្ទះល្វែង និងធ្វើតូបសម្រាប់ជួលនៅលើដីខាងមុខផ្សារបានលុងទៅវិញ ។ នៅក្នុងរឿងនេះ តំណាងផ្សារបានលុង ក៏បានឱ្យដឹងផងដែរថា ក្រុមហ៊ុនរបស់លោកបានទទួលការវិនិយោគដីទំហំ ៩ម៉ែត្រ បន្ថែមទៀត ដើម្បីទុកជាកន្លែងផ្ញើកង់-ម៉ូតូ ដែលមានទីតាំង នៅខាងមុខផ្សារបានលុង ។
តំណាងផ្សារបានលុង បានបន្តថា ប្រសិនបើសាលាក្រុងបានលុង មានគម្រោងសាងសង់ផ្ទះល្វែង និងធ្វើតូប ជួល នៅខាងមុខផ្សារបានលុង ពិតប្រាកដមែននោះ តើមានកន្លែងឯណាសម្រាប់ផ្ញើកង់-ម៉ូតូ វាអាចមានប្រតិកម្ម ពីអាជីវករលក់ដូរ ជាពិសេសខាងក្នុងផ្សារដែលបណ្តាលមកពីលក់មិនដាច់ដោយសារមានស្តង់លក់ដូរនៅខាងក្រៅ ។ លោកតំណាងផ្សារក៏បានឱ្យដឹងអំពីការប្រមូលភាស៊ីកន្លងមកនេះ អនុវត្តទៅតាមសៀវភៅបន្ទុក គឺទារភាស៊ីឈ្នួល តូប, រាន ស្តង់ ក្នុង និងក្រៅបរិវេណផ្សារហើយក្រុមហ៊ុនពុំដែលបានជួលបរិវេណខាងក្រៅផ្សារបានលុង ទៅឱ្យអាជីវករអ្នកលក់ដូរនោះ ទេ គឺគ្រាន់តែយកភាស៊ីតែប៉ុណ្ណោះ ។
លោកតំណាងផ្សារបានលុងឱ្យដឹងថា រហូតមកដល់បច្ចុប្បន្ននេះ សាលាក្រុងបានលុង បានចេញសេចក្តីណែនាំ មួយដល់ អាជីវករនៅជុំវិញផ្សារបានលុង មិនឱ្យបង់ភាស៊ីទៅឱ្យក្រុមហ៊ុន ហេង ដារា ដែលកំពុងវិនិយោគផ្សារបាន លុងសព្វថ្ងៃ អាចបាត់បង់ចំណូលជាច្រើនសម្រាប់បង់ជូនរដ្ឋ ។ ក្នុងរឿងនេះតំណាងផ្សារបានលុង បានធ្វើលិខិតបក ស្រាយ និងធ្វើសំណូមពរ ទៅដល់មន្ទីរពាក់ព័ន្ធក្នុងខេត្ត និងក្រសួងពាក់ព័ន្ធជាបន្តបន្ទាប់រួចហើយ ។
តាមប្រភពព័ត៌មានមួយទៀតបានឱ្យដឹងថា ថ្មីៗនេះកាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៤ មានលិខិតជូនដំណឹង មួយរបស់ សាលាក្រុងបានលុង ជម្រាបមកលោកនាយកក្រុមហ៊ុន ហេង ដារា ផ្សារបានលុង ស្តីពីសាលាក្រុងបាន លុង នឹងចាប់ផ្តើមអនុវត្តផែនការគ្រប់គ្រង និងរៀបចំសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយនៅទីតាំង បរិវេណជុំវិញ ផ្សារបានលុង ដែលអាជីវករកំពុងលក់ដូរ និងកំពុងផ្ញើកង់-ម៉ូតូសព្វថ្ងៃ ។
តំណាងផ្សារ និងអាជីវករមានចម្ងល់ថា បើគ្រាន់តែរៀបចំ សណ្តាប់ធ្នាប់សោះ ហេតុអ្វីបានជាអភិបាលក្រុង បានលុង ណែនាំមិនឱ្យបង់ភាស៊ី ទៅក្រុមហ៊ុនហេង ដារា ជាអ្នកគ្រប់គ្រងផ្សារបានលុងទៅវិញ ប្រហែលជាអាចបាត់ បង់ផលប្រយោជន៍របស់សាលាក្រុង ឬលាភសក្ការៈផ្ទាល់ខ្លួនទេដឹង ។
នៅក្នុងរឿងរ៉ាវទាំងអស់នេះ ទាំងតំណាងផ្សារបានលុង និងអាជីវករលក់ដូរខាងក្នុង និងខាងក្រៅកំពុង ផ្តោតអារម្មណ៍ យកចិត្តទុកដាក់ទៅលើចំណាត់ការរបស់សាលាក្រុងបានលុង តើគេនឹងអាចធ្វើបំពានទៅនឹងចំណារ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែរឬ ? តើអនុភាពសាលាក្រុងធំជាងសម្តេចតេជោ នាយករដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រីមានអានុភាពខ្លាំងជាងសាលាក្រុង ។
អាជីវករជាងប្រមាណ ៣០៨នាក់ ទាំងក្នុង និងក្រៅផ្សារបានលុង មានសង្ឃឹមយ៉ាងមុតមាំថា សម្តេចតេជោ ហ៊ុន សែន តែមួយគត់ ពិតជាអាចជួយអន្តរាគមន៍ក្នុងរឿងនេះជាក់ជា ពុំខានឡើយ ៕