មណ្ឌលគិរី៖ នៅថ្ងៃអាទិត្យ ៦រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២០:០០នាទី ដោយមានការបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត, កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពីលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានធ្វើការចុះបង្រ្កាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចយេីងបានឃាត់ខ្លួនជនសង្ស័យជួញដូរ ចែកចាយថ្នាំញៀនចំនួន០១នាក់ ឈ្មោះ យឹម សុខលី (ហៅ វ៉ា) ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និងអ្នកពាក់ព័ន្ធចំនួន០១នាក់ ឈ្មោះ ម៉ូត ស្រីម៉ៅ ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-សង្កាត់ជាមួយគ្នា។ និងបានឆែកឆេរដកហូតវត្ថុតាងរួមមាន៖ ១.សារធាតុសង្ស័យថាជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លាចំនួន ២៨កញ្ចប់ (២៥កញ្ចប់តូច និង០៣កញ្ចប់ធំល្មម) ទម្ងន់ ១៦.៦៥ ក្រាម, ២.ទូរស័ព្ទដៃចំនួន ០១គ្រឿង, ប្រាក់រៀល ចំនួន ៣៣១,៥០០រៀល និងឧបករណ៍កែច្នៃសម្រាប់ជក់ថ្នាំញៀនមួយចំនួនទៀត។
បច្ចុប្បន្នករណីនេះ កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង០២នាក់ខាងលើរួមនឹងវត្ថុតាងទៅសាលាដំបូងខេត្តចាត់ការតាមនីតីវិធីច្បាប់៕