ខេត្តកណ្តាលៈ ដើម្បីអនុវត្តតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន បង្ការពីជំងឺកូវីដ១៩ បានផ្ទុះឡើងក្នុងឆ្នាំ២០២០នេះ បានសម្លាប់មនុស្សអស់រាប់លាននាក់នៅលើពិភពលោក តែដោយឡែកប្រទេសកម្ពុជា មានឆ្លងកូវីដមែនពិត តែមិនមានអ្នកស្លាប់ឡើយ។
កត្តាទាំងនេះដោយមានការយកចិត្តទុកដាក់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតែងតែគិតគូរខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលមិនដែលគិតពីការនឿយហត់ឡើយ រួមជាមួយមន្ត្រីក្រោមឳវាទទាំងអស់ ទើបកម្ពុជាឆ្លងផុតពីជំងឺដ៏កាចចង្រៃនេះបាន មិនត្រឹមតែប៉ុណ្ណោះ ប្រទេសកម្ពុជា បានជួយឧបត្ថម្ភនូវសម្ភារៈកូវីដ ទៅដល់ប្រទេសជិតខាងថែមទៀតផង ដើម្បីចែករំលែកនូវទឹកចិត្តសប្បុរសធម៌ជួយគ្នាក្នុងគ្រាលំបាក បើទោះជាយ៉ាងនេះក្តី សម្តេចនៅតែដាក់បំរាមកំហិតជានិច្ចទៅដល់មន្ត្រីជំនាញពាក់ពន្ធ័នានា ដើម្បីបញ្ចៀសបាននូវការឆ្លងរីករាលដាលនៃជំងឺមួយនេះដល់ពលរដ្ឋ។
នៅរសៀលថ្ងៃទី១ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៏ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងតបតាមបទបញ្ជារបស់ ឯកឧត្តម គង់ សោភណ្ឌ័ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានដាក់បញ្ជាអោយកំលាំងជំនាញស្នងការរងខេត្ត/អធិការក្រុងក្រុងតាខ្មៅ ចុះផ្អាកហាងផឹកស៊ី(បៀរហ្គាឌែន)ណាដែលមានបន្ទប់កញ្ចក់បិទជិត អោយទុកតែកន្លែងកញ្ចុះស្រឡះៗមិនមានការបិទបាំង និងធ្វើការណែនាំដល់ម្ចាស់ហាង(បៀរហ្គាឌែន)ទាំងនោះ អោយគោរព និងអនុវត្តអោយបាននូវវិធានការទប់ស្កាត់នូវជំងឺកូវីដ១៩ ចំពោះភ្ញៀវ និងបុគ្គលិកក្នុងហាង។
ពលរដ្ឋក្នុងក្រុងតាខ្មៅទាំងអស់សាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការ ចុះផ្អាកហាងផឹកស៊ីទាំងនោះ ដើម្បីបញ្ចៀស និងគោរពទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ពីជំងឺកូវីដ១៩ តែពលរដ្ឋមួយចំនួនរង់ចាំមើលថាតើ ការចុះអនុវត្តនូវវិធានការផ្អាកហាងផឹកស៊ីនេះបានប៉ុន្មានថ្ងៃ ដែលពួកគាត់គោរព និងមិនគោរព ទោះជាយ៉ាងណា ពលរដ្ឋភាគច្រើនគាំទ្រ លោកឧត្តមសេនីយ៏ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានប្រើកណ្តាប់ដៃដែក ចុះផ្អាកហាងផឹកស៊ី(បៀរហ្គាឌែន) នៅក្រុងតាខ្មៅ ទាំងអស់ ដើម្បីបញ្ចៀស និងបង្ការជំងឺកូវីដ១៩។