មណ្ឌលគិរី៖នារសៀលថ្ងៃអង្គារ ៩កេីត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅប៉ុស្តិ៍ច្រកទ្វារទ្វេភាគីការពារព្រំដែនប៊ូប្រាំង ខេត្តដាក់ណុង វៀតណាម បានរៀបចំកិច្ចប្រជុំផ្លាស់ប្តូរព័ត៌មាន និងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ និងបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ នៅតាមតំបន់ព្រំដែនប្រចាំឆ្នាំ២០២០ រវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី (កម្ពុជា) និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តដាក់ណុង (វៀតណាម) ។
ក្នុងគោលបំណងបង្កើនចំណងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការល្អក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់តាមតំបន់ព្រំដែនរវាងខេត្តទាំងពីរ(មណ្ឌលគិរី-ដាក់ណុង) ជាពិសេសការចូលរួមសហការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ របស់ខេត្តទាំងពីរ, ។
ភាគីកម្ពុជា ដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងជាប្រធានប្រតិភូ រួមនឹងបណ្តាសមាជិកប្រតិភូសរុបចំនួន ០៩រូប។
ភាគីវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក ង្វៀង វ៉ាន់លឺ មេបញ្ជាការកងទ័ពការពារព្រំដែនខេត្តដាក់ណុង និងជាប្រធានប្រតិភូ រួមនឹងបណ្តាសមាជិកប្រតិភូសរុបចំនួន ០៨រូប។
នៅក្នុងកិច្ចប្រជុំនេះដែរ ភាគីទាំងពីរ បានលេីកឡេីងពីបញ្ហាខកខានមិនបានជួបប្រជុំអស់រយៈពេលមួយឆ្នាំកន្លងទៅនេះ មូលហេតុភាគីទាំងពីរបិទច្រកចេញ-ចូលមួយរយៈ ដេីម្បីបង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ រហូតមកដល់ពេលនេះ វិធានការទប់ស្កាត់ជម្ងឺនេះ ត្រូវបានភាគីទាំងពីរនៅរក្សាបន្តដដែល។
ទោះបីមួយរយៈពេលកន្លងមកនេះ ភាគីទៃងពីរមិនបានធ្វេីការជួបប្រជុំទ្វេភាគីពិតមែន ប៉ុន្តែចំពោះការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តដាក់ណុង នៅតែរក្សាបានភាពល្អប្រសេីរដដែល ដោយភាគីទាំងពីរបានធ្វេីការទំនាក់ទំនងគ្នាតាមរយៈលិខិតស្នាម និងប្រព័ន្ធទំនាក់ទំនងនានា ដែលបម្រេីឲ្យកិច្ចសហប្រតិបត្តិការ ។
កិច្ចប្រជុំបានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត ៕