បាត់ដំបង ៖ ប្រជាពលរដ្ឋ ប្រទះរកឃើញសព បុរសម្នាក់ស្លាប់ ក្នុងទឹកស្ទឹងសង្កែ ដោយដឹងថា បុរសរងគ្រោះ ជាជនប្រមឹកអាណាថា កាលពីម៉ោង ៨ និង៣០ នាទី ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៤ មុខស្នងការរដ្ឋាននគរបាលចាស់ ឋិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
សាក្សីនៅកន្លែងកើតហេតុ ឈ្មោះ នង សុផល ភេទស្រី អាយុ ៧៦ ឆ្នាំ មានទីលំនៅក្រោយក្លិបជ័យជំនះ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បានប្រាប់សមត្ថកិច្ចអោយដឹងថា បុរសរងគ្រោះ ដែលលង់ទឹកស្លាប់ មានឈ្មោះ យីគ អាយុ៤៥ឆ្នាំ មានប្រពន្ធឈ្មោះ ច្រិប អាយុ ៤៣ ឆ្នាំ មានកូនស្រីតូចអាយុ ១ ខួប ៣ ខែ មានទីលំនៅមិនពិតប្រាកដ ដេកតាមសួន មាត់ស្ទឹង និងក្បែរផ្ទះខ្ញុំ ។ កាលពីម៉ោង ៣ រសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤ បុរសរងគ្រោះ បានចុះទៅងូតទឹកស្ទឹង ក្បែរអ្នកបង់សំណាញ់ រកត្រី ក្រោយមកក៏បាត់ជនរងគ្រោះ ឃើញតែខោអាវ នៅលើគោក រួចផ្អើលនាំគ្នាជួយរាវ រក តែរកមិនឃើញ ។ ជនរងគ្រោះកាលពីមុន មានប្រពន្ធមុនរស់នៅភូមិឃុំនរា ស្រុកសង្កែ ដោយតូចចិត្តនិងប្រពន្ធមុនរត់ចោល ទៅយកប្តីនៅស្រុកថៃបាត់ ក្រោយមកបាននាង ច្រិប បង្កើតបានកូន ១ នាក់ ផឹកស្រាព្រឹកល្ងាច ។ ពេលដែលបានប្រពន្ធក្រោយ ជនរងគ្រោះធ្លាក់ខ្លួនឈឺ ក្អកក្អួតចេញឈាម មិនអាចប្រកបការងារអ្វីបាននោះទេ គឺបានប្រពន្ធក្រោយដើរសុំទានគេ យកមកចិញ្ចឹមជីវិត និងព្យាបាលជំងឺ ។ ហើយនៅព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៤ ទើបប្រជាពលរដ្ឋប្រទះរកឃើញសពអណ្តែត នៅមុខស្នងការរដ្ឋាន នគរបាលចាស់ ឋិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងតែម្តង ។
ពាក់ព័ន្ធករណីនេះ លោក ឡាច ប្រុស នាយការិយាល័យ បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ យីគ ពិតជាលង់ទឹកស្លាប់ ដោយមានជំងឺ ជាប់ខ្លួន បើតាមការស្រាវជ្រាវជន រងគ្រោះមុនចុះមុជ ទឹកបានកោសខ្យល់ ហើយមិនទាន់យកប្រេងកូឡា សងអ្នកជិតខាងវិញផង ។ ចំណែកស្នាមឈាមចេញ ពីលើថ្ងាស់ វាអាចបណ្តាលមកពីពេលលង់ទឹក ដួលផ្កាប់មុខបោក ឬជង់ និងវត្ថុរឹង ឬក៏ទឹកហូរនាំបោកនឹងថ្មគល់ស្ពាន ដូច្នេះមិនមានករណីឃាតកម្មអ្វីផ្សេងនោះទេ ៕ ភារម្យ