ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃពុធ ៤រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងនគរបាលជាតិ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិ ជូនមន្រ្តីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលពេជ្រាដា ចំនួន៣០រូប ។
អញ្ជើញចូលរួមក្នុងពិធីនេះមានៈ លោកស្នងការរង លោកអធិការ អធិការរង នាយ.នាយរងផ្នែក នាយ.នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤ នៃអធិការដ្ឋាននគរបាលស្រុកពេជ្រាដា។ ពិធីនេះបានរៀបចំនៅអធិការដ្ឋាននគរបាលស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
ជាកិច្ចចាប់ផ្តើម លោកវរសេនីយ៍ឯក តាត់ យ៉េន អធិការ នៃអធិការដ្ឋាននគរបាលស្រុកពេជ្រាដា បានឡើងអានរបាយការណ៍ស្វាគមន៍សង្ខេប ជូនគណៈអធិបតី និងអង្គពិធីជ្រាប។
ជាកិច្ចបន្ទាប់មកលោកវរសេនីយ៍ឯក ម៉ៅ រិទ្ធី នាយការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្ត បានឡើងអាន ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង របស់ក្រសួងមហាផ្ទៃ និងសេចក្តីសម្រេច របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។
លោកវរសេនីយ៍ត្រី ស្រាំ ផាត់ ដែលទេីបបានទទួលតំណែងថ្មី ជាអធិការរង នៃអធិការដ្ឋាននគរបាលស្រុកពេជ្រាដា បានឡើងធ្វេីកិច្ចសន្យាចិត្តក្នុងនាមតំណាងមន្ត្រីនគរបាល៣០រូប ត្រូវប្តេជ្ញាការពារនិងស្មោះត្រង់ជានិច្ចចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់។
ប្រសាសន៍ផ្តាំផ្ញើរបស់ឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ដល់មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពេជ្រាដា ដែលទើបទទួលបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លេីងឋានន្តរស័ក្តិថ្មី ត្រូវខិតខំធ្វើការងារឲ្យបានល្អប្រសើរបន្ថែមទៀត មានកិច្ចសហការគ្នាល្អ ត្រៀមលក្ខណៈរួចជាស្រេចក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ថែរក្សាសុខសន្តិភាព ស្ថិរភាព និងទប់ស្កាត់នូវរាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងឲ្យទទួលបានល្អប្រសើរ ជាពិសេសការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីឲ្យគោលនយោបាយនេះសម្រេចបានជោគជ័យ៕