ឯកឧត្ដម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា ទោះបីឆ្នាំនេះ រាជរដ្ឋាភិបាល មិនបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រោះ កត្តាគ្រោះធម្មជាតិ និងជំងឺកូវីដ១៩ ប៉ុន្តែប្រជាពលរដ្ឋមន្ត្រីរាជការគឺមានថ្ងៃសម្រាកជាធម្មតា ដែលនឹងមានអ្នកទេសចរមកលេងនៅខេត្តមណ្ឌលគិរី ដូចរៀងរាល់ឆ្នាំ ចំណុចនេះហើយទើបលោកដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាពទូទៅក្នុង ក្រុង និងរៀបសណ្ដាប់ធ្នាប់ឲ្យមានរបៀបរាបរយ តួយ៉ាងគឺនៅចំណុចរង្វង់មូលគោព្រៃ លោកនឹងរៀបចំឲ្យមានទីធ្លាធំ ទម្លាយដើម្បីស្រួលដំណើរ និងមានទីតាំងសម្រាប់អ្នកទេសចរឈប់សំចត ចំណែកតាមដងផ្លូវមួយចំនួនក្នុងក្រុងលោក ក៏បានបញ្ជាឲ្យមន្ត្រីជំនាញជួសជុលការខូចខាត និងសម្អាតតាមដងផ្លូវផងដែរ។
ឯកឧត្ដម បញ្ជាក់ថា កន្លងមកក្នុងក្រុងសែនមនោរម្យ ពុំមានផ្សារនោះទេ ដែលកត្តានេះបានធ្វើឲ្យកើតមានការលក់ ដូរតាមទីសាធារណៈច្រើន ហើយបញ្ហានេះអាជ្ញាធរបាននឹងកំពុងបង្កើតផ្សារធំមួយ ដើម្បីឲ្យអាជីវករមានកន្លែងលក់ដូរត្រឹមត្រូវ និងងាយស្រួលឲ្យភ្ញៀវទេសចរ ចេញចូលទិញទំនិញផងដែរ។
ឯកឧត្ដម អភិបាលខេត្តមណ្ឌលគិរី បន្តទៀតថា ផ្សារថ្មីរបស់ក្រុងសែនមនោរម្យ មានទីតាំងធំទូលាយនិងងាយស្រួល ដល់ប្រជាពលរដ្ឋ និងអ្នកទេសចរចេញចូល ហើយនៅចុងឆ្នាំនេះផ្សារសែនមនោរម្យនឹងបើកដំណើរការចំនួន២៥០តូប។ ឯកឧត្ដម ស្វាយ សំអ៊ាង បញ្ជាក់ទៀតថា ក្រៅពីនេះអាជ្ញាធរ ក៏បាននិងកំពុងជម្រុញការសាងសង់វិមានឯករាជ្យឲ្យឆាប់ រួចរាល់ជា ស្ថាពរ ដែលនេះជាសំណង់ប្រវត្តិសាស្ត្រមួយរបស់ខេត្ត នឹងជួយឲ្យខេត្តមណ្ឌលគិរីកាន់តែទាក់ទាញ ស្រស់ស្អាត និងជាទីតាំងកម្សាន្តថ្មីមួយរបស់ប្រជាពលរដ្ឋ និងអ្នកទេសចរទៀតផង៕