មណ្ឌលគិរី ៖ នៅថ្ងៃសុក្រ ៧កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នាវេលាម៉ោង៨:០០នាទីព្រឹក ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពីប្រព័ន្ធគ្រប់គ្រងការកត់ត្រាទិន្នន័យបទល្មើសព្រហ្មទណ្ឌ e-Crime 2020 ដល់សិក្ខាកាមមកពីបណ្តាការិយាល័យជំនាញពាក់ព័ន្ធក្នុងស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងសិក្ខាកាមជាអធិការ អធិការរងទទួលការងារសេនាធិការ អធិការរងទទួលការងារព្រហ្មទណ្ឌ មកពីតាមបណ្តាអធិការនគរបាលក្រុង-ស្រុកទាំងប្រាំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំ-សង្កាត់ ដែលបានចូលរួមសរុបចំនួន ៥៦នាក់។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត។
ឯកឧត្តម ឧត្តមសេនីយ៍ស្នងការ មានប្រសាសន៍ ណែនាំឲ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់តាមគ្រូបង្គោលដែលឡើងធ្វើបទបង្ហាញនូវខ្លឹមសារក្នុងមេរៀននីមួយៗ។ បន្ទាប់មកឯកឧត្តមឧត្តមសេនីយ៍ទោស្នងការ បានអនុញ្ញាតឲ្យគ្រូបង្គោលចំនួន ០៥នាក់ឡើងធ្វើបទបង្ហាញស្តីពី ប្រព័ន្ធគ្រប់គ្រងការកត់ត្រាទិន្ន័យបទល្មើសព្រហ្មទណ្ឌ e-Crime 2020 ជូនសិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តានេះ។ គ្រូបង្គោលដែលជាអ្នកឡើងធ្វើបទបង្ហាញរួមមាន ៖
-លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ
-លោកវរសេនីយ៍ឯក ហ៊ូ តារា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់
-លោកស្រីវរសេនីយ៍ត្រី ព្យុះ ចិន្តា នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល
-លោកវរសេនីយ៍ទោ ម៉ិញ ឈុន នាយរងការិយាល័យសរុបផែនការ
-លោកអនុសេនីយ៍ត្រី ធឹម សុភាក់ នាយផ្នែក ការិយាល័យសរុបផែនការ។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅមានរយៈពេលពេញមួយថ្ងៃ ហើយត្រូវបានបិទបញ្ចប់នៅវេលាម៉ោង០៤:០០នាទីរសៀល ក្នុងថ្ងៃខែឆ្នាំដដែល ៕