មណ្ឌលគិរី៖ ឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងលោកស្រី បានដឹកនាំមន្ត្រីក្រោមឱវាទទាំងអស់ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្តួចផ្តើមប្រារព្ធពិធីបុណ្យកឋិនទានសាមគ្គីមួយ ដែលប្រព្រឹត្តទៅនារសៀលថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និងជួបជុំពុទ្ធបរិស័ទ បងប្អូនញាតិមិត្តជិតឆ្ងាយ ដើម្បីប្រារព្ធពិធីក្រុងពាលី មនសិការ ព្រះរតនៈត្រៃ សមាទានសីល និមន្តព្រះសង្ឃចំរើនព្រះបរិត្ត និងសំដែងធម៌ទេសនា ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមាន មាតា បិតា ជីដូន ជីតា ញាតិការទាំង៧សណ្តាន និងឧទ្ទិសដល់វិញ្ញាណក្ខន្ធវីរៈយុទ្ធ ជនវីរៈយុទ្ធនារី ដែលបានពលជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។
លុះព្រឹកឡើងថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលាឆ្នាំ២០២០ ក្បួនដង្ហែកឋិនទានបានរៀបចំចេញដំណើរទៅវេរប្រគេនបច្ច័យដែលទទួលបាន ដល់ព្រះសង្ឃ ដែលគង់នៅវត្តធម្មគិរីជ្រៃមាស (ហៅវត្តដាក់ដាំ) ដែលស្ថិតក្នុង ភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ទទួលបានបច្ច័យសរុបចំនួន ៨៥,០៧២,៥០០រៀល (ប៉ែតសិបប្រាំលាន ចិតសិបពីរពាន់ ប្រាំរយរៀល) និងប្រាក់ដុល្លាចំនួន ៧,០០០$ (ប្រាំពីរពាន់ដុល្លាអាមេរិក) ដើម្បីវេរប្រគេនព្រះសង្ឃជាកិច្ចបង្ហើយនៃកម្មវិធីបុណ្យ ៕