ខេត្តមណ្ឌលគិរី ៖ គិតត្រឹមចុងឆ្នាំ២០២០នេះ គេសង្កេតឃើញសំណង់អគារ ផ្ទះសំណាក់ សណ្ឋាគារ សួនច្បារ និងប្រព័ន្ឋហេដ្ឋារចនាសម្ពន្ឋនានា បានផុសអណ្តែតឡើងពាសពេញផ្ទៃខេត្តមណ្ឌលគិរី ធ្វើឲ្យឈ្មោះខេត្តនេះល្បីល្បាញជាខ្លាំងនារយៈកាលចុងក្រោយនេះ ខុសកាលកន្លងមកធ្លាប់ជាតំបន់ដាច់ស្រយាលពីរាជធានីពីតំបន់ប្រជុំជន ដែលគ្រាន់តែឮឈ្មោះគ្មាននរណាម្នាក់ចង់ទៅឡើយ។
គ្រប់សកម្មភាពនៃការអភិវឌ្ឍន៍លើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលគ្រប់ទិសទី បច្ចុប្បន្ននេះខេត្តមណ្ឌលគិរី ដែលធ្លាប់តែនៅឆ្ងាយ ពីរាជធានីនឹងប្រជុំជននោះ ហាក់បីដូចជានៅកៀកជិតលែងឆ្ងាយដូចមុនទៀតហើយ ព្រោះតែប្រព័ន្ធផ្លូវថ្នល់ បានតភ្ជាប់យ៉ាងល្អប្រណិតពីរាជធានីភ្នំពេញ ឆ្ពោះទៅក្រុងសែនមនោរម្យយ៉ាងរលោងស្រិល ។
ប្រជាពលរដ្ឋបានលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខេត្តមណ្ឌលគិរីបានរីកចម្រើនខ្លាំងណាស់ បើធៀបនិងពេលកន្លងទៅ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះខេត្តមណ្ឌលគិរី ជាពិសេសក្រុង សែនមនោរម្យ បាននិងកំពុងអភិវឌ្ឍន៍គួរជាទីមោទនៈ ។
ដោយកាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០-១៩៩០ ការរស់នៅរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះ គឺរស់នៅក្នុងសភាពស្ងាត់ជ្រងំ ស្ទើរតែគ្មានប្រព័ន្ធគមនាគមន៍សម្រាប់ ធ្វើចរាចរណ៍ទៅកាន់ទីប្រជុំជន និងរាជធានីនោះឡើយ ហើយការធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗ និងរាជធានីភ្នំពេញ កាលជំនាន់នោះ ភាគច្រើនគឺធ្វើដំណើរឆ្លងកាត់តាមប្រទេសវៀតណាម ត្រូវប្រើពេលវេលារាប់សិបថ្ងៃទម្រាំដល់គោលដៅម្តងៗ ប៉ុន្តែបច្ចុប្បន្ននេះ គឺខេត្តមណ្ឌលគិរីមានគ្រប់យ៉ាង ប្រជាពលរដ្ឋរស់នៅយ៉ាងស្រួល មិនលំបាកដូចពេលមុនឡើយ ។
គេសង្កេតឃើញថា បច្ចុប្បន្នខេត្តមណ្ឌលគិរីបាននឹងកំពុងរីកលូតលាស់លើគ្រប់វិស័យ តួយ៉ាងដូចជាវិស័យ កសិកម្មកសិឧស្សហកម្ម វិស័យរ៉ែ និងទេសចរណ៍ វិស័យសំណង់…ជាដើម។ ហើយចំពោះក្រុងសែនមនោរម្យវិញនោះ ក៏កំពុងមានការអភិវឌ្ឍន៍គួរឲ្យកត់ សម្គាល់ទៅលើវិស័យសំណង់ សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័នរបស់ក្រុងសែនមនោរម្យទាំងមូលតែម្ដង ។
សព្វថ្ងៃក្រុងសែនមនោរម្យ កំពុងមានការអភិវឌ្ឍន៍លើផ្នែកជាច្រើន ដូចជាការកសាងសួនច្បារនៅលើអតីតព្រលានយន្តហោះ ឲ្យទៅជាសួនកម្សាន្តរបស់ប្រជាពលរដ្ឋ ការកសាងប្រព័ន្ធគមនាគមន៍ ដោយផ្ដើមចេញពីក្រុងសែនមនោរម្យគឺពលរដ្ឋអាចធ្វើ ដំណើរទៅកាន់បណ្ដាស្រុកទាំង០៤របស់ខេត្តមណ្ឌលគិរី យ៉ាងងាយស្រួលបំផុតលើផ្លូវកៅស៊ូ មិនតែប៉ុនណោះក៏អាចទៅខេត្តនានា ដែលនៅជាប់ខេត្តមណ្ឌលគិរី រួមមានខេត្តក្រចេះ រតនគិរី ស្ទឹងត្រេងជាដើម។
មួយវិញទៀតវិស័យទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី ក៏កំពុងរីកធំធាត់ ទាក់ទាញចំណាប់អារម្មណ៍ ភ្ញៀវទេសចរណ៍ ឲ្យមកលេងកំសាន្តកើនឡើងជាលំដាប់ ហើយអ្វីដែលជាចំណុចពិសេសបំផុតនោះ គឺដោយសារប្រទេស កម្ពុជាមានស្ថេរភាពសន្តិសុខល្អប្រសើរ បានធ្វើឲ្យពលរដ្ឋក្នុងខេត្តមណ្ឌលគិរីអាចប្រកបរបរការងារ ឬរបរទ្រទ្រង់ជីវភាព មានការរីកចំរើនពីមួយថ្ងៃ-ទៅមួយថ្ងៃ ។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា កត្តាដែលជម្រុញឲ្យក្រុងសែនមនោរម្យក៏ដូចជា ខេត្តមណ្ឌលគិរី មានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់នោះគឺ ប្រទេសកម្ពុជាមានសន្តិភាពល្អ ហើយផ្អែកលើកត្តាសន្តិភាពនេះ បានផ្ដល់ឲ្យពលរដ្ឋអាចអភិវឌ្ឍន៍ជីវភាពរបស់ខ្លួន កាន់តែប្រសើរពីមួយថ្ងៃ-ទៅមួយថ្ងៃ ហើយការអភិវឌ្ឍន៍របស់ប្រជាពលរដ្ឋនេះហើយ គឺជា ចំណែកដ៏វិសេសវិសាលអភិវឌ្ឍន៍ក្រុងសែនមនោរម្យទាំងមូលតែម្ដង ។
ហើយកត្តាពិសេសមួយទៀតនោះ គឺផ្អែកលើហេដ្ឋានរចនាសម័្ពនខេត្តមណ្ឌលគិរី កាន់តែល្អប្រណិត ដែលជាផ្នែកមួយបានទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តច្រើន ធ្វើពលរដ្ឋបានទទួលចំណូលច្រើន ពីវិស័យឧស្សាហកម្មគ្មានផ្សែងនេះ ។
ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ទាក់ទិននិងវិស័យសំណង់ក្នុងក្រុងសែនមនោរម្យ ក៏សង្កេតឃើញថា មានការរីកចម្រើនខ្លាំងក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ (អាណិត្តគ្រប់គ្រងរបស់ឯកឧត្តម)ពោលបើគិតចាប់ពីឆ្នាំ២០១៦ គឺមានកំណើនសំណង់នានាខ្លាំង ។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីបានថ្លែងដែរថា បើទោះបីពេលនេះខេត្តមណ្ឌលគិរីកំពុងមានការ អភិវឌ្ឍន៍លើវិស័យនានាបានល្អប្រសើរជាងពេលកន្លងទៅ ប៉ុន្តែរដ្ឋបាលសាលាខេត្តមណ្ឌលគិរី នៅតែស្វាគមន៍ដៃគូ វិនិយោគអភិវឌ្ឍន៍នៅលើទឹកដីនៃខេត្តមណ្ឌលគិរី លើវិស័យទូទៅក្នុងតំបន់បន្ថែមទៀត សំដៅធ្វើឲ្យជីវភាពរបស់ពលរដ្ឋក្នុង ខេត្តមណ្ឌលគិរីទាំងមូល មានជីវភាពកាន់តែប្រសើរ ។
យោងតាមមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បច្ចុប្បន្នខេត្តមណ្ឌលគិរី មានសណ្ឋាគារ ផ្ទះសំណាក់ ប្រមាណជាង១ពាន់បន្ទប់ សម្រាប់ភ្ញៀវទេសចរណ៍សម្រាក និងមានភោជនីដ្ឋានប្រមាណជិត៤០កន្លែង ៕