ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមទាំងលោកប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញ ជួបសំណេះសំណាល និងនាំយកកូនឈើហូបផ្លែ ចែក ជូនដល់ប្រជាពលរដ្ឋចំនួន៨០គ្រួសារ ស្ថិតនៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគីរី នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា វិស័យកសិកម្ម ជាវិស័យមួយយ៉ាងសំខាន់សម្រាប់បង្កើននូវចំណូលសេដ្ឋកិច្ចជាតិ ជាពិសេសបង្កើននូវកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន តាមគោលនយោបាយរបស់រដ្ឋាភិបាល ដែលបានដាក់ចេញ ជម្រុញវិស័យកសិកម្ម ឱ្យមានការលូតលាស់ទៅមុខយ៉ាងសកម្ម នៅគ្រប់ទីកន្លែង។
ឯកឧត្តម បន្ថែមថា ខេត្តមណ្ឌលគិរី មានដំណាំបីដែលកំពុងមានការចាប់អារម្មណ៍ជាគេង ទី១ ផ្លែប័រ ទី២ ផ្លែក្រូចវល្ល៍ ឬក្រូចផាសិន ទី៣ បន្លែផ្តោតសំខាន់ទៅលើស្ពៃក្តោប ដែលដំណាំទាំងបីនេះ កំពុងមានការចាប់អារម្មណ៍ និងជាការទាក់ទាញភ្លៀវទេសចរ ដែលមកលេងកម្សាន្តនៅខេត្តមណ្ឌលគិរី។
ដូចនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់ប្រជាកសិករទាំងអស់ ដែលមានផ្ទៃដីដាំដុះ គួរតែធ្វើការបង្ករបង្កើនផលដំណាំ បន្លែផ្សេងៗឱ្យបានច្រើន ដើម្បីធ្វើឱ្យជីវភាពរស់នៅមានលក្ខណៈសមរម្យ ជៀសវាងទុកដីទំនេរចោល។ ម្យ៉ាងទៀត រដូវនេះ ជារដូវវស្សា សូមថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះអាកាសធាតុ នៅពេលមានភ្លៀង ផ្គរ រន្ទះ ត្រូវបិទគ្រឿងអេឡិចត្រូនិច ជៀសវាងបង្ករគ្រោះថ្នាក់ផ្សេងៗដល់អាយុជីវិតផងដែរ។
ឯកឧត្តមក៏បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋទាំងអស់
ត្រូវមានការប្រុងប្រយត្ន័ និងត្រូវចូលរួមការការពារជំងឺកូវិដ១៩ ដោយត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួង សុខាភិបាល ដោយត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយទឹកអាល់កុល ឬជែល ពាក់ម៉ាស់នៅទីកន្លែងដែលមានមនុស្សច្រើន ដើម្បីចៀសវាងការឆ្លងរីករាលដាលនៃជំងឺកូវិដ១៩ ក្នុងសហគមន៍។


