ខេត្តមណ្ឌលគិរី ៖ ក្នុងគោលបំណងធានាបាននូវស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម សំដៅក្នុងការរួមចំណែកបង្កបរិយាកាសសប្បាយ រីករាយជូនប្រជាពលរដ្ឋ និងមហាជនក្នុងឱកាស ពិធីបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ តាមប្រពៃណីទំនៀមទម្លាប់ដ៏រុងរឿងរបស់ជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ, នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមឧត្តម សេនីយ៍ទោ ឡោ សុខា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០៧ សណន ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីវិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២០ និងដាក់ចេញនូវផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យកាន់បិណ្ឌ-បុណ្យ ភ្ជុំបិណ្ឌ ឆ្នាំ២០២០ របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។
ក្នុងកិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីស្នងការរង លោកមេបញ្ជាការវរសេនាតូចនគរបាលព្រំដែនគោកទាំងពីរ លោកអធិការនគរបាលក្រុង-ស្រុកទាំងប្រាំ។
ក្នុងអង្គប្រជុំនោះដែរ ឯកឧត្តមឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ទៅដល់អង្គប្រជុំ ដែលជាថ្នាក់ដឹកនាំ និងជាប្រធានអង្គភាពទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ឲ្យបង្កើនការយកចិត្តទុកដាក់ពង្រឹងកម្លាំងគ្រប់អង្គភាព និងក្តាប់ឲ្យបាននូវសភាពការណ៍សន្តិសុខ ក្នុងមូលដ្ឋាន និងមជ្ឈដ្ឋានខាងក្រៅ ចាប់ពីពេលនេះ, បន្ថែមពីនេះទៀតត្រូវត្រៀម កម្លាំងប្រចាំការ២៤/២៤ម៉ោង នៅគ្រប់អង្គភាពនីមួយៗសម្រាប់ចេញអន្តរាគមន៍ពេលមានហេតុការណ៍កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ និងថែរក្សាឲ្យបាននូវស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងពិធីបុណ្យកាន់បិណ្ឌ-បុណ្យ ភ្ជុំបិណ្ឌ ៕