ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែ កក្កដា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារខែបន្ត។ កិច្ចប្រជុំនេះបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត និងមានការអញ្ជើញចូលរួមពីអស់លោក លោកស្រីជាស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យជំនាញ លោកមេបញ្ជាការ មេ បញ្ជាការរងទទួលការងារសេនាធិការ វរសេនាតូចនគរបាលព្រំដែនគោកទាំងពីរ លោកអធិការ អធិការរងទទួលការងារសេនាធិការ នៃអធិការដ្ឋាននគរបាលក្រុងស្រុកទាំងប្រាំ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំ-សង្កាត់ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង១៤ និងលោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីទាំង៣ ផងដែរ។
ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំ លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍បើកកិច្ចប្រជុំ និងបានអនុញ្ញាតអោយលោកវរសេនីយ៍ទោ មុំ អុីន នាយការិយាល័យសរុប ផែនការ ឡើងអាន របាយការណ៍សង្ខេប ស្តីពីលទ្ធផលការងារកិច្ចប្រត្តិបត្តិការប្រចាំខែកក្កដា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារបន្ត។
ឯកឧត្តមឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ណែនាំ សូមអោយកងកម្លាំងនគរបាលជាតិ នៃស្នងការនគរបាលខេត្តទាំងអស់ ត្រូវបង្កើននូវការយកចិត្តទុកដាក់ទៅលើសកម្មភាពការងារប្រចាំថ្ងៃ ពិសេសការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដេីម្បីអោយគោលនយោបាយនេះសម្រេចបានជោគជ័យ និងបានដាក់វិធានការបង្កើនយុទ្ធនាការឃោនាផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ពង្រឹងវិធានការអនុវត្តច្បាប់ និងអនុវត្តការងារជំនាញតាមតួនាទី ភារកិច្ចរបស់ខ្លួន អោយទទួលបានលទ្ធផលល្អប្រសេីរបន្ថែមទៀត, ត្រូវបន្តចុះល្បាតនៅតាមភូមិសាស្ត្រដែលខ្លួនគ្រប់គ្រងជាប្រចាំដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានអោយបានល្អប្រសើរ៕