ខេត្តមណ្ឌលគិរី: ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីបានអះអាងថា ដំណក់រ៉ែមាសលើកដំបូងលើទឹកដីខេត្តមណ្ឌលគិរី នឹងលេចចេញជារូបរាងនៅអំឡុងចុងឆ្នាំ២០២០ ឬឆ្នាំ២០២១ ខាងមុខនេះ។
ឯកឧត្តម ស្វាយ សំអ៊ាង បានគូសបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួនពីរ គឺរបស់ប្រទេសអូស្ដ្រាលី និង ប្រទេសចិន បានទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ពីរាជរដ្ឋាភិបាលបានបញ្ចប់ការសិក្សារួចហើយ ដែលអាចធ្វើអាជីវកម្មរ៉ែមាស នៅខេត្ដមណ្ឌលគិរី អំឡុងឆ្នាំ២០២០ ឬ២០២១ខាងមុខនេះ ពោលនៅពេលក្រុមហ៊ុនរៀបចំខ្សែសង្វាក់ផលិតកម្មរួចរាល់។
បើតាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្ដថា ក្រុមហ៊ុនទាំង២ដែលកំពុងសិក្សាបរិមាណរ៉ែមាសនោះ គឺក្រុមហ៊ុនរឺនីសង់របស់ប្រទេសអូស្ដ្រាលី និងក្រុមហ៊ុនរ៉ុងឆេង របស់ប្រទេសចិន។
ឯកឧត្តមអភិបាលខេត្ដបានថ្លែងទៀតថា នៅខេត្តមណ្ឌលគិរី មានសក្ដានុពលរ៉ែ មានរ៉ែច្រើនប្រភេទដូចជា រ៉ែមាស សំណ បុកស៊ីត។ល។ ហើយរហូតមកដល់បច្ចុប្បន្ននេះ មានក្រុមហ៊ុនសិក្សាជម្រករ៉ែចំនួន១០ ក្រុមហ៊ុន ស្មើនឹង១១អាជ្ញាប័ណ្ណ៕