ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តបានបញ្ជាក់ថា បច្ចុប្បន្ននេះមានមន្រ្តីខិលខូចមួយចំនួនបានដើរចង្អុលដីព្រៃលក់ ហើយអ្នកទិញចេះតែទិញ អ្នកលក់ ចេះតែលក់ទៅ ហើយបើសិនជាអភិបាលក្រុង/ស្រុក/ឃុំ/សង្កាត់ និងមន្រ្តីជំនាញ ទៅបញ្ជាក់លើលិខិតទិញ-លក់លើដីទាំងនោះ នេះជាការខុសធ្ងន់ ហើយនឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់។
ឯកឧត្តម បានសង្កត់ធ្ងន់ថា ដោយសារបច្ចុប្បន្ននេះ មានការទិញ-លក់ដីជាន់លើគ្នា ហើយមន្រ្តីយើងនៅតែបញ្ជាក់ឱ្យទៀត នេះជាការឃុបឃិតគ្នា ហើយក្លាយជាបញ្ហាស្មុគស្មាញនៅក្នុងខេត្ត ដូច្នេះក៏សូមឱ្យអាជ្ញាធរក្រុង/ស្រុក និងមន្ទីរអង្គភាពជំនាញ ត្រូវហាមដាច់ខាត ការចូលកាប់ទន្រា្ទនដីថ្មី ទោះបីជាអ្នកធំក៏ដោយ ត្រូវចាត់វិធានការណ៍តាមនីតិវិធីច្បាប់។ ទន្ទឹមនោះឯកឧត្តម អភិបាលខេត្តក៏បានជំរុញដល់អាជ្ញាធរក្រុង/ស្រុក/ឃុំ/សង្កាត់ និងមន្រ្តីជំនាញ យកចិត្តទុកដាក់សហការគ្នា ក្នុងការគ្រប់គ្រងទិន្នន័យ និងស្ថិតិប្រជាពលរដ្ឋ និងដីធ្លីដែលកំពុងកាន់កាន់ និងអាស្រ័យផលជាក់ស្តែងជាយូរឆ្នាំមកហើយនៅតំបន់ការពារធម្មជាតិ និងគម្រប់ព្រៃឈើនៅក្នុងខេត្ត ដើម្បីចាត់ចែង និងឆ្វៀលដី និងផ្តល់កម្មសិទ្ធិដីជូនពួកគាត់ ព្រមទាំងត្រៀមបម្រុងដី១០% សម្រាប់ការប្រើប្រាស់រួមរបស់សហគមន៍។
ឯកឧត្តម អភិបាលខេត្ត បានណែនាំបន្ថែមដល់អាជ្ញាធរក្រុង/ស្រុក/ឃុំ/សង្កាត់ និងមន្រ្តីជំនាញ ត្រូវខិតខំអប់រំប្រជាពលរដ្ឋឲ្យចូលរួមថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ ការពារដីធ្លីសាធារណៈ ដីសហគមន៍ និងចូលរួមអនុវត្តច្បាប់ ដើម្បីរួមគ្នាទប់ស្កាត់ការចូលទន្រ្ទានកាន់កាប់ដីព្រៃ ការរានព្រៃដើម្បីកាន់កាប់ ការចូលទន្រ្ទានកាន់កាប់ដីសាធារណៈ ដីសហគមន៍ និងដីឯកជន តាមគ្រប់រូបភាព៕