ព្រះពុទ្ធសករាជព្រះសាសនា អតិក្កន្តាកន្លងទៅហើយបាន ២៥៥៧ ត្រឹមថ្ងៃ ១៥កើត ខែពិសាខ លុះដល់ថ្ងៃ ១រោច ខែពិសាខ ឆ្នាំមមី ឆស័ក តទៅចូលពុទ្ធសករាជ ២៥៥៧ ។ នឹងគណនាឆ្នាំមមី ឥឡូវនេះសង្ក្រាន្តចូលមកនៅថ្ងៃច័ន្ទ ១៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែ មេសា គ.ស. ២០១៤ វេលាម៉ោង ៨ និង០៧នាទីព្រឹក ។
ពេលនោះព្រះអាទិត្យចេញពីមីនរាសីទៅឋិតនៅមេសរាសីតាមផ្លូវគោ វិថី គឺផ្លូវ កណ្តាល ទើបមានទេវធីតាមួយ ព្រះអង្គជា មគ្គនាយិកា ព្រះនាម គោរាគៈទេវី ជាបុត្រីទី ២ នៃកបិលមហា ព្រហ្មគង់នៅចាតុម្មហារាជិការទ្រង់អម្ពរពណ៌ លឿង លម្អ នៅព្រះកាណ៌ដោយសៀតផ្កា អង្គារបុស្ស អភរណៈទ្រង់ពាក់ កែវ មុក្កា ភក្សាហារទ្រង់សោយ តេលំ ព្រះហស្ថស្តាំទ្រង់ព្រះខ័ន្ធ ព្រះ ហស្តឆ្វេងទ្រង់ ឈើច្រត់ទ្រង់គង់លើខ្នង ព្យាគ្ឃៈ (ខ្លា)ជាពាហនៈ ។ ទើបនាំអស់ទេវបុត្រ ទេវធីតាទាំង មួយសែនកោដិ ហោះទៅកាន់គុហាកែវធម្មមាលីនាទីភ្នំកៃលាសខេត្តហិមពាន្តជាទីតំកល់ទុកនូវព្រះសិរសាកបិលមហាព្រហ្មដែលតំកល់លើពានមាសនាំមកដង្ហែ ប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន ៦០នាទី (២៤ម៉ោង) ។ ទើបនាំយកទៅ តម្កល់ទុកកន្លែង ដើមវិញ ហើយ ប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដិចូលទៅស្រង់ទឹក អន្តោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ដែលជា មាត់គោ ឧសភរាជទាំង ៧ ត្រជាក់ក្សេមក្សាន្តព្រះរាជហឬទ័យ ហើយនាំគ្នាចូលទៅសមទានរក្សាសីលដោយសោមនស្ស រីករាយ គ្រប់ព្រះអង្គក្នុងភគវតីសភាសាលាដែលវិស្សកម្មទេវបុត្រនិមិត្តថ្វាយដើម្បីបន្ទោបង់អពមង្គលឱ្យជ្រះស្រឡះហើយចម្រើននូវសិរីសូស្តី ជ័យមង្គល ជន្មាយុយឺនយូរ ដល់ទេវតា និងមនុស្សសត្វផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះ បានធូរទូលំទូលាយសុខក្សេមក្សាន្ត តរៀងទៅ ។
ថ្ងៃចន្ទ ១៥កើត ខែច្រេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែ មេសា គ្រឹស្តសករាជ ២០១៤ វេលាម៉ោង ០៨និង០៧ នាទី ព្រឹក ជាថ្ងៃចូលឆ្នាំមមី ឆស័ក (ថ្ងៃមហាសង្ក្រាន្ត) ។
ថ្ងៃអង្គារ ១រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៥ ខែមេសា គ្រឹស្តសករាជ ២០១៤ ជាវារៈវន័បត ។
ថ្ងៃពុធ ២រោច ខែច្រេត្រ ត្រូវនឹងថ្ងៃទី ១៦ ខែ មេសា គ្រឹស្តសករាជ ២០១៤ នៅវេលា ១២ និង០៩ នាទីជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃ ស្រេចបរិបូណ៍ចូលជាសកល ឆ្នាំ មមី ឆស័ក ចុល្លសករាជ ១៣៧៦និងមហាសករាជ ១៩៣៦ តទៅ ។
នៅក្នុងឱកាសសង្ក្រាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយរៀបចំពលិការ គ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ទេវបុត្រ ទេវធិតី ឆ្នាថ្មាំី ហើយខំលះបង់ចិត្តអាក្រក់ អន្យតិរ្ថីយ ជាចិត្តអប្រិយ៍ជាប់ ដោយគំនុំ គុំគួនព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះតាំងចិត្ត ប្រព្រឹត្តល្អ ប្រកបដោយ មេត្តាករុណា មុទិតា ឧបេក្ខា និង បញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណ៍ រក្សាសីលប្រាំឱ្យ បានជាប់ជានិច្ច នោះទេវតា នឹងឱ្យពរសព្ទសាធុការ លោកអ្នកនឹងមាន សិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការ តាំងពីឆ្នាំថ្មីនេះតរៀងទៅ ។
រណ្តាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមកត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះ មួយ សម្រាប់តាំងគ្រឿង ពលីការ ផ្សេងៗ ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំ នូវគ្រឿងសក្ការបូជាទេវតា មានជា អាទិ៍បាយ សី ៩ថ្នាក់ មួយគូ បាយសី ៧ ថ្នាក់ មួយគូ បាយសី ៥ថ្នាក់ មួយគូ បាយសី ៣ថ្នាក់ មួយគូ បាយសីប៉ាឆាម មួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ (ទៀនធូប៥) លាច៥ ផ្កា ៥ ដាក់លើជើងពាន ១គូ ចេកនួន ចេកណាំវ៉ា ជើងពានមួយគូ ផ្លែឈើ ១១មុខរៀប ដាក់ជើងពាន ១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ ។
ឆ្នាំនេះគួររក ប្រេង ដាក់ទទួលទេវតា ផង ព្រោះជាភក្សាហាររបស់ទេវធីតា ។ ស្រេចហើយនៅវេលាម៉ោងដែលទេវតា ចុះមកត្រូវជួប ប្រជុំក្រុមគ្រួសារ ដើម្បីថ្វាយបង្គំព្រះ នមស្សការព្រះរតនៈត្រ័យ សមាទានសីលហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធ
ជ្រះស្រឡះនូវ មន្ទិល ទាំងពួង តម្កល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ
ជាទីពឹងទីរឮកលុះចប់ពិធីទទួល ទេវតា ។
ចំពោះបាយសី ៩ថ្នាក់ ៧ថ្នាក់ តំណាងឱ្យព្រះរាជា ព្រះបរមរាជវាំង ចំពោះប្រជារាស្ត្រគួរធ្វើត្រឹម
៥ថ្នាក់ ចុះមក ឬ រៀបត្រឹមគ្រឿង សក្ការៈបូជាដែលមានទៀនប្រាំ ធូបប្រាំ ស្លាធម៌កូនចេក មួយគូក៏ល្អដែរ។ ចំពោះផ្លែឈើ សម្រាប់ ប្រជារាស្ត្រ គួរៀបឱ្យបានត្រឹម ៣ ឬ៥មុខជាការ ប្រសើរគឺរៀបទៅតាមធនធានរបស់ខ្លួន ។ នៅគ្រប់ ដង្វាយទាំង អស់ ត្រូវដាក់ផ្កាម្លិះភួង ពីលើ គ្រប់ដង្វាយ នៅលើជើងពាន និងបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ ៕