ភ្នំពេញ ៖ បន្ទាប់ពីមានការរិះគន់ទៅលើភាពអសកម្មពុករលួយ និងអំពើបក្ខពួកនិយម នៃ បញ្ញត្តិករទូរគមនាគមន៍កម្ពុជាដែលចុះផ្សាយដោយអ្នកសារព័ត៌មាន លិខិតមួយច្បាប់ដែលមានន័យច្រានចោលព័ត៌មានខាងលើ ត្រូវបាន ចេញផ្សាយដោយ បញ្ជាក់ថា ជារឿងមិនពិត ។ ហើយបើតាមខ្លឹមសារលិខិតនោះ មើលទៅដូចជា ក្រុមមន្ត្រីដែល រង ការិះគន់ ទាំងនោះមានភាពស្អាតស្អំ ។
ជាទូទៅប្រសិនបើពុំមានកំហុសឆ្គងក្នុងការគ្រប់គ្រងដឹកនាំអង្គភាពបញ្ញត្តិករទូរគមនាគមន៍កម្ពុជាទេនោះ ព័ត៌មាន រសើបនានា ពិតជាពុំលេច ចេញ មកក្រៅដែល ចេញពីមាត់ចាបមាត់ព្រាបមន្ត្រីបុគ្គលិកនៃ អង្គភាពមួយនេះ ទម្លាយប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយនោះដែរ ។
ដោយឡែក ពាក់ព័ន្ធនឹងលេចឮ បែកធ្លាយ អំពីអង្គភាពបញ្ញត្តិករទូរគមនាគមន៍ ធ្វើអាជីវកម្មតាមបែបបក្ខពូកគ្រួសារ បំផ្លាញចំណូលថវិកាជាតិ ដោយគ្មានញញើត ច្បាប់នោះ ហាក់មិនមានការបំភ្លឺឲ្យមានភាពច្បាស់លាស់នោះឡើយ ។ ការបែកធ្លាយនោះ ត្រូវបានបណ្តាញអ្នកសារព័ត៌មានជាច្រើនលើកឡើង ក្នុងស្ថាបនា ដើម្បីឲ្យអង្គភាពបញ្ញត្តិករមួយនេះ អនុវត្តនូវកំណែទម្រង់ស៊ីជម្រៅរបស់លោកនាយករដ្ឋមន្រ្តី ក៏ដូចជាផ្តល់នូវភាពស្មើភាពគ្នា ដល់មន្រ្តីដែលបម្រើអង្គភាពស៊ីតែប្រាក់ខែរដ្ឋយ៉ាងស្អាតស្អំ ក្នុងក្របខណ្ឌរដ្ឋសុទ្ធសាធ ។
យោងតាមលិខិតបំភ្លឺមួយបានដាក់ចំណងជើង “ លិខិតបដិសេធ ” ដែលគ្មានចុះលេខ ចុះថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៤ មានតែត្រាគ្មានឈ្មោះដោយលើកឡើងថា “ ក្នុងពេលថ្មីៗនេះ មានសារព័ត៌មាន និងគេហ ទំព័រមួយចំនួនបាន ចុះ ផ្សាយ អត្ថបទ ដោយមានចេតនា បង្កាច់បង្ខូចកិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ថ្នាក់ដឹកនាំ នៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ និងបញ្ញត្តិករទូរគមនាគមន៍កម្ពុជា។ ហើយការចោទប្រកាន់ទាំងនោះ ខុសពីការពិតទាំងស្រុង ដែលមិន អាចទទួលយកបានឡើយ។ បញ្ញត្តិករទូរគមនាគមន៍កម្ពុជា សូមបដិសេធចំពោះ អត្ថបទបែបនេះ ហើយសូមបណ្តា សារព័ត៌មាន និងគេហទំព័រទាំងនោះ ធ្វើការកែតម្រូវឡើងវិញ”។
គួរបញ្ជាក់ថា ទោះជាលិខិតបដិសេធនេះ មិនបានផ្ញើទៅកាន់ សារព័ត៌មាន ដែលបានចុះផ្សាយ ពីភាព អសកម្មទាំងនេះ ដោយផ្ទាល់ឬបដិសេធ ត្រង់ចំណុចណាមួយក៏ដោយ ក៏អាចចាត់ទុកថា ជាសិទ្ធិក្នុងការបំភ្លឺរបស់ មន្ត្រីពាក់ព័ន្ធ ដើម្បីកុំ ឱ្យមានការយល់ច្រឡំដែរ ។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្នុងអាណត្តិថ្មីនេះ លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន បាន ខំប្រឹងណែនាំឱ្យ មន្ត្រីទាំងអស់ ដែលពាក់ព័ន្ធក្នុងការប្រមូលចំណូលពន្ធជូនរដ្ឋត្រូវតែ ប្តេជ្ញាធ្វើការកែទម្រង់ ឱ្យបានស៊ី ជម្រៅ តាមរយះការឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែលខ្លួនឯង ឡើងវិញ ដើរឱ្យ ទាន់សភាពការណ៍ ព្រោះគ្មានការយោគយល់ ចំពោះមន្ត្រីដែលអសកម្មទៀតទេ ។ ផ្ទុយទៅវិញ លិខិតបដិសេធនេះ ហាក់ដូចជាមិនទាន់ មានន័យគ្រប់គ្រាន់បញ្ជាក់ពីការស្អាតស្អំនោះទេ ។
ពាក់ព័ន្ធនឹងបញ្ហានោះ គេចង់ឃើញ លោក ប្រាក់ សុខុន បើកការស៊ើបអង្កេតឱ្យបានស៊ីជម្រៅទៅលើភាព អសកម្ម និង អំពើបក្ខពួកនិយម និងលក្ខណៈសម្បត្តិរបស់ក្រុមមន្ត្រីនៅក្នុងអង្គភាព បញ្ញត្តិករទូរគមនាគមន៍កម្ពុជា ជាបន្ទាន់ផង ជៀស វាងការរួមដៃគ្នាបិទបាំងអំពើពុករលួយយ៉ាងគ្មានតម្លាភាពលើការប្រមូលពន្ធក្នុងអង្គភាពនេះ តាមតែបុគ្គលមាន អំណាច ជាអ្នកបញ្ជា នៅពីក្រោយ ។ ហើយដើម្បីកុំឱ្យមានមន្ទិលសង្ស័យទៀតនោះ លោក ប្រាក់ សុខុន មិនគួរមើល រំលង ពីទង្វើអសកម្ម ពីរបីរូបនោះក្នុងអង្គភាពបញ្ញត្តិករនោះទេ ! ។ ព្រោះថាហេតុអ្វីក៏មន្ត្រីក្រប ខណ្ឌនៅទីនោះដូចគ្នា បែរជាជិះត្រឹមតែម៉ូតូ និងម៉ូតូឌុបតាំងពីឆ្នាំ១៩៨៩មក ឯមន្ត្រីពីរបីនាក់នេះ បែរជាដូរស៊េរីឡាន គ្រប់ម៉ូត ៕