ខេត្តមណ្ឌលគិរី : នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានដឹកនាំក្រុមការងារអញ្ជើញចុះទៅស្រុកកោះញែក ដើម្បីលើកទឹកចិត្តដល់កងកម្លាំង និងក្រុមគ្រូពេទ្យ រួមទាំងអាជ្ញាធរមូលដ្ឋាន ដែលបានរួមសហការគ្នា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត១៩ ដោយធ្វើការវាស់កំដៅដល់ប្រជាពលរដ្ឋ និងធ្វើការអប់រំណែនាំដល់ពួកគាត់ ដែលធ្វើដំណើរចេញចូលពីខេត្តរតនគិរី និងបណ្តាខេត្តផ្សេងៗ មកកាន់ខេត្តមណ្ឌលគិរីឱ្យមានការយល់ដឹងនូវវិធានការបង្ការ ដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺដ៏កាចសាហាវនេះ ជាពិសេសប្រជាពលរដ្ឋ ដែលមកពីបណ្តាប្រទេសជិតខាង ត្រូវឱ្យពួកគាត់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅក្នុងខេត្តមណ្ឌលគិរី មិនទាន់មានករណីរកឃើញនឹងមានការសង្ស័យ ឫផ្ទុកជំងឺកូវីត១៩នោះទេ។
នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ក៏បានឧបត្ថម្ភភេសជ្ជៈ ទឹកបរិសុទ្ធ និងថវិកាចំនួន ៤០០$ ផ្តល់ជូនកងកម្លាំង និងក្រុមគ្រូពេទ្យ ដែលប្រចាំការនៅព្រំប្រទល់ខេត្តមណ្ឌលគិរី-រតនគិរី ដើម្បីចាត់ចែងដោះស្រាយការហូបចុកប្រចាំថ្ងៃ ក្នុងពេលចុះយុទ្ធនាការ បង្ការទប់ស្កាត់ និងការឆ្លងរីករាលដាលនៃជំងឺកូវីត១៩នេះ៕