កាលពីព្រឹកថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២០ នេះ កម្លាំងសមត្ថកិច្ចចម្រុះខេត្តមណ្ឌលគិរី បានធ្វើការរុករកនិងបង្ក្រាបបានឈើល្មើសចំនួន ៥៥កំណាត់ ដែលក្រុមជនមិនស្គាល់មុខយកមកលាក់ទុកនៅចំណុចផ្លូវឆ្ពោះទៅក្រុមរកា ស្ថិតនៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
ក្នុងប្រតិបត្តិការបង្ក្រាបឈើកាលពីព្រឹកថ្ងៃទី១៤នេះមានសមត្ថកិច្ចជាច្រើនស្ថាប័ន រួមមានកម្លាំងកងរាជអាវុធហត្ថដឹកនាំដោយមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ស្នងការខេត្តមណ្ឌលគិរី លោក ឡោ សុខា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក អ៊ុំ វណ្ណសុភៈ រួមនិងអាជ្ញធនៅមូលដ្ឋានស្រុកអូររាំងជាច្រើននាក់ទៀត។
សមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបបទល្មើសឈើខាងលើនេះ សមត្ថកិច្ចបានធ្វើចំនួន២ទីតាំង ប្រមូលឈើបាន៥៥កំណាត់ប្រគាល់អោយខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកអូររាំង។
លោក អ៊ុំ វណ្ណសុភៈ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ឱ្យដឹងថា ករណីនេះពុំមែនជាបទល្មើសឈើថ្មីនោះទេ កំណាត់ឈើទាំងនេះត្រូវបានជនសង្ស័យយកមកលាក់ទុកក្នុងព្រៃ ពុំមែនឈើកាប់ អាថ្មីៗនោះទេ បច្ចុប្បន្នកំណាត់ឈើទាំងត្រូវបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកអូររាំង។
សុំបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃដដែលនេះ ក្រុមសមត្ថកិច្ចចម្រុះក៏បានចុះស្រាវជ្រាវរុករកបទល្មើសឈើតាមខ្សែក្រវ៉ាតព្រំដែនក្នុងស្រុកអូររាំងផងដែរ ជាលទ្ធផលសមត្ថកិច្ចរកពុំមានបទល្មើសនោះទេ៕