បាត់ដំបង ៖ សពបុរសម្នាក់ហើមស្អុយសត្វស៊ីអស់ ១ កំណាត់ខ្លួនត្រូវ គេប្រទះឃើញចំងាយ ៤០០ ម៉ែត្រពីមណ្ឌលពីភព នៃក្តីសង្ឃឹម (មណ្ឌលកែប្រែ បន្សាបគ្រឿងញៀន) នៅម៉ោង ៨ និង ៣០ នាទី ព្រឹកថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ២០១៤ ហើយសពនេះ បានរត់ចេញពីមណ្ឌល ពីភពនៃក្តីសង្ឃឹម កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ ស្លាប់ដោយអាថ៌កំបាំង ។ នេះជាលើកទី ២ ដែលមានមនុស្សបះបោរ និងស្លាប់នៅមណ្ឌលកែប្រែដែលមានទីតាំងស្ថិតក្នុងភូមិដំណាក់ដង្កោ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា សាកសពបុរសរងគ្រោះ មានឈ្មោះ សុទ្ធ រចនា អាយុ២៥ឆ្នាំ មានប្រពន្ធ កូនម្នាក់ រស់នៅ ភូមិដូង ឃុំបឹរាំង ស្រុកកំរៀង (ជាអ្នកញៀនថ្នាំ)។ មានឪពុកជនរងគ្រោះឈ្មោះ ចាន់ ម៉ៅ អាយុ ៦២ ឆ្នាំ និងម្តាយ ឈ្មោះ វ៉ា វី អាយុ ៥៤ ឆ្នាំរស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
ឪពុកជនរងគ្រោះ ឈ្មោះ ចាន់ ម៉ៅ បានប្រាប់អ្នក យកព័ត៌មាន តាមទូរស័ព្ទ ឲ្យដឹងថា កូនប្រុសរបស់គាត់ បានមកមណ្ឌលពិភព នៃក្តីសង្ឃឹម ដើម្បីបន្សាបគ្រឿងញៀន ជាង ៤ ខែមកហើយ នៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៤ គឺគ្រប់ ៥ ខែដល់ថ្ងៃវិលត្រឡប់ទៅផ្ទះវិញ ។ នៅព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៤ ពួកគាត់បានរៀបចំ បាយដឹកយក ទៅជួបកូននៅមណ្ឌលពិភព នៃក្តីសង្ឃឹម តែមិនទាន់បានទៅផង ស្រាប់តែប្រធានមណ្ឌលឈ្មោះ ប៊ុត ធឿន បានទូរស័ព្ទប្រាប់ថា កូនប្រុសឈ្មោះ សុទ្ធ រចនា បានស្លាប់បាត់ ហើយដោយលើកហេតុផលថា ជនរងគ្រោះ បានរត់ចេញពីមណ្ឌល កាលពីថ្ងៃទី១៧ ខែកុម្ភៈ ទើបប្រទះឃើញសព ។ ភ្លាមនោះ ពួកខ្លួនមានការតក់ស្លុតជាខ្លាំង និងមានការខឹងខ្លាំងណាស់ ព្រោះពេលកូនចេញពីមណ្ឌល ពួកគេមិនប្រាប់ លុះកូនស្លាប់ ទើបគេប្រាប់បញ្ហានេះ ប្រធានមណ្ឌលត្រូវតែទទួលខុសត្រូវលើកសពនេះ ។
ពាក់ព័ន្ធលោក ជេត វណ្ណនី ស្នងការរងកណ្តាលយុត្តិធម៌ បានអោយដឹងថា ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ ជនមានសារធាតុញៀន ក្នុងខ្លួនចំនួន ១៣ នាក់បានបាស់បោរ សំរុកចេញពីមណ្ឌលពិភព នៃក្តីសង្ឃឹម ហើយសមត្ថកិច្ចតាមរកមិនឃើញ ទើបតែព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ រកឃើញសពបុរសម្នាក់ហើយនេះ មិនមែនជាករណីឃាតកម្មឡើយ ។ ការស្លាប់របស់ជនរងគ្រោះ អាចមកពីការហេវហត់ អត់ចំណី ធ្វើដំណើរទៅមុខទៀតលែងរួច តែទោះជាយ៉ាងណា សមត្ថកិច្ចបានបញ្ជូន ក្រុមកោសល្យ វិច័យ បច្ចេកទេស ចុះធ្វើការស្រាវជ្រាវស៊ើបរកការពិត ដើម្បីអោយអាណាព្យាបាលជនរងគ្រោះអស់ចិត្ត ។
លោក ជា ឆេង ប្រធានការិយាល័យកោសល្យវិច័យ និងបច្ចេកទស បានអោយដឹង នៅវេលាម៉ោង ១ និង ៤០ នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ តាមទូរស័ព្ទថា សពមិនមានការប្រើប្រាស់សម្ភារៈវាយ ឬកាំភ្លើងបាញ់ឡើយ មានដៃរួចខ្វេ ហើយសពហើមរលួយ ប្រែសម្បុរខ្មៅ មានស្នាមដាច់ជើងត្រឹមជង្គង់ ដោយសារសត្វខាំអូសចំណែកដៃខ្វេ គឺមានពីកំណើត ដូច្នេះសន្និដ្ឋានថា សពនេះស្លាប់ដោយការអត់បាយទឹក ឬជំងឺប្រចាំកាយ ៕ ភារម្យ