ខេត្តបន្ទាយមានជ័យ ៖ ក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញពីព្រំដែនសៀមឆ្លងកាត់ផ្លូវជាតិលេខ៥ មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បានអំពាវនាវឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននិងលោកសេង ឈួនប្រធានគណៈ កម្មការគ្រប់គ្រងជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសគួរចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់មន្ត្រីជញ្ជីងចល័តថ្លឹងរថយន្តនៅចំណុចភូមិកូនដំរី ខ្លះផង។
ក្រុមឈ្មួញនិងក្រុមអាជីវករដឹក ជញ្ជូនទំនិញក៏ដូចជា ពល រដ្ឋដែលប្រកបរបរដឹកកសិផល ដឹកខ្សាច់ ដឹកដីបានលើកឡើងថា ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុចកូនដំរី មិនអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនោះទេ គឺតម្រូវឲ្យពួកគាត់បង់លុយ តាមការកំណត់ទើបអាចគេចផុតពីការរំខាន។
ប្រភពសេចក្ដីរាយការណ៍ពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តបន្ទាយ មានជ័យ បានឲ្យដឹងថា ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយ ប៉ែត បានបណ្ដោយឲ្យរថយន្តដឹកខ្សាច់លើសទម្ងន់បើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តឆ្ពោះទៅក្រុងប៉ោយប៉ែត ដោយមិនអនុវត្តន៍តាម ច្បាប់នោះឡើយ។
ដោយហេតុថា មានការបើកដៃឃុបឃិតពីលោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការនិងដឹក ជញ្ជូនខេត្តបន្ទាយមានជ័យ កំពុងបណ្ដោយឲ្យមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅចំណុចភូមិកូនដំរី ប្រព្រឹត្តអំពើពុករលួយប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅ ជាជញ្ជីងថ្លឹង តៃកុង ~ ព្រូ~លុយដោយល្មើសបទបញ្ជាដែលក្រសួងបានកំណត់។
ទន្ទឹមនឹងនេះរថយន្តដឹកទំនិញធំៗដែលផ្ទុកលើសទម្ងន់ក៏អាចបើកបរឆ្លងកាត់ផ្លូវជាតិលេខ៥ មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុចភូមិកូនដំរី តាមអំពើចិត្តដែរបើទោះបីរថយន្តធំៗទាំងនោះផ្ទុកលើសទម្ងន់ពី២០តោនទៅ៣០តោនយ៉ាងណាក៏ ដោយគេសង្កេតឃើញថាជញ្ជីងថ្លឹងនៅចំណុចនោះថ្លឹងតែតៃកុងរថយន្ត និងព្រូ រួចជាស្រេច?។
បញ្ហានេះកំពុងធ្វើឲ្យផ្លូវជាតិលេខ៥ និងផ្លូវផ្សេងៗទៀតក្នុងខេត្តបន្ទាយមានជ័យ ត្រូវខូចជាបន្តបន្ទាប់ព្រោះមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុចភូមិកូនដំរី គិតតែពីរឿងប្រមូលលុយចែកគ្នាធ្វើមានធ្វើបាន។
ប្រភពពីឈ្មួញម្ចាស់រថយន្តដឹកទំនិញធំៗក៏ដូចជាឈ្មួញដឹកខ្សាច់ ដឹកថ្ម បានឲ្យដឹងថា មន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តភូមិកូនដំរី តម្រូវឲ្យពួកគេបង់ លុយតាមការកំណត់ដោយមិនចាំបាច់ចូលថ្លឹងត្រឹមត្រូវតាមបទដ្ឋានបច្ចេក ទេសនោះទេ។
ប្រភព មន្ត្រីនៅក្នុងមន្ទីរសាធា រណការខេត្តបន្ទាយមាន ជ័យ បានបង្ហើបឲ្យដឹងទៀតថា ការដែលលោក ប៉ាល់ សុមេដា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយ ន្តចំណុចកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគឺដោយសារមានការឃុប ឃិតបើកដៃពីសំណាក់លោក គឹម សុវណ្ណ ដែលជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយ មានជ័យ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។
ហេតុនេះលោក ស៊ុន ចាន់ថុល រដ្ឋ មន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោក សេង ឈួន ដែលលោកប្រធានគណៈកម្មការគ្រប់គ្រងជញ្ជីងថ្លឹងទូទាំងប្រទេស មិនគួរមើលរំលងតទៅ ទៀតទេ ក្នុងខណៈដែលក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយ ន្តភូមិកូនដំរី ប្រែក្លាយជញ្ជីងថ្លឹងរថយ ន្តឲ្យទៅជាជញ្ជីងថ្លឹងលុយទៅវិញ។
ពាក់ពន្ធ័បញ្ហាខាងលើគេហទំព័រយើងរង់ចាំនូវការពន្យល់បកស្រាយពីលោក ប៉ាល់ សុមេដា ប្រធានជញ្ជីងចល័តខេត្ត និងលោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យរាល់ម៉ោងធ្វើការ៕