សេចក្តីរាយការណ៍មួយបានអោយដឹងថា បន្ទាប់ពីលោក ឈុន សុភមង្គល ដែលជាអតីតប្រធានសាខាគយ និងរដ្ឋាករខេត្តបាត់ដំបង បានផ្លាស់ប្តូរតំណែងមកធ្វើជាប្រធានសាខាគយ នឹងរដ្ឋាករខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៩ រួចមក គឺនៅបន្ត សកម្មភាពពុករលួយ ផ្ទុយពីអ្វីដែលខ្លួនបានប្រកាសនិងសច្ចារកាលពីថ្ងៃឡើងកាន់ដំណែងថ្មីនេះ ។ ដោយគេឃើញថាលោក ឈុន សុភមង្គល រូបនេះ នៅតែបើកឲ្យកូនចៅប្រព្រឹត្តអំពើពុករលួយដោយអោយកូនបើកច្រកអោយក្រុមឈ្មួញនាំទំនិញចូលមកគ្រប់ ប្រភេទ នៅតាមច្រកទ្វេរភាគីកម្ពុជា /ថៃ (ជាំ)។
សេចក្តីរាយការណ៍នេះបានបន្តថា ក្រុមឈ្មួញអាចនាំទំនិញចូលបានដោយសិរី ដោយគ្រាន់តែពេលមកដល់ប៉ុស្តិ៍គយ និងរដ្ឋាករ ហើយធ្វើការចុះបង់លុយទៅអោយស្ថាប័នគយនោះជាស្រេច មន្រ្តីគយនឹងធ្វើជាមិនដឹងមិនលឺ មិនឃើញ អ្វីទាំងហើយអនុញ្ញាតអោយ ក្រុមឈ្មួញចេញទៅភ្លាម ។ សេចក្តីរាយការណ៍នេះបានបន្ថែមថា ក្រុមឈ្មួញភាគច្រើនធ្វើសកម្មភាពនៅថ្ងៃអង្គារ៍ និងថ្ងៃព្រហស្បតិ៍។
ជាស្តែងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ អង្គភាពយើង បានចុះមកយកព័ត៌មានដល់ទីកន្លែងផ្ទាល់ដែលជាច្រកទ្វេរភាគី កម្ពុជា/ថៃ (ជាំ) ។ ខណៈពេលនោះផង ក្រុមការងារយើងបានឃើញសកម្មមិនប្រក្រតីមួយចំនួន ពីបងៗមន្រ្តីគយនៅទីនោះ ដោយឃើញមានរថយន្តឈ្មួញបានដឹកទំនិញជាច្រើន ចូលមកកម្ពុជា ដោយអាណាធិបតេយ្យ និងពុំមានការត្រួតពិនិត្យច្បាស់លាស់ទៅវិញ ដោយគ្រាន់តែឃើញតៃកុងឡាន ចូលទៅកាន់ស្ថាប័នមួយភ្លេត រួចក៏ត្រលប់មកវិញ ហើយបើកឡានចេញទៅបាត់ដោយគ្មានការត្រួតពិនិត្យតាមបច្ចេកទេសសោះ។
មតិសាធារណៈបានរិះគន់ថា ប្រសិនស្ថាប័នគយប្រចាំច្រក ជាំ នេះនៅតែបន្តសកម្មភាពបែបនេះ នោះធ្វើអោយប៉ះពាល់នឹងបាត់បង់ប្រយោជន៍ជាតិជាខ្លាំង ដោយសារចង់បានប្រយោជន៍ផ្ទាល់ខ្លួន ។ និងសំណូមពរដល់លោក គុណ ញឹម ប្រធានស្ថាប័នគយ និងរដ្ឋាករ និងលោក ឪម យិនទៀង ប្រធានស្ថាប័ន ប្រឆាំងអំពើពុករលួយ គួរធ្វើការស៊ើបអង្កេតទៅលើកសកម្មភាពនេះផង ។ កុំដោយសារបុគ្គលម្នាក់ ធ្វើអោយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះជាតិ និងរាជរដ្ឋាភិបាល ។
ចំពោះករណីខាងលើនេះ អង្គភាពគេហទំព័រយើង មិនអាចធ្វើទំនាក់ទំនង សុំការបំភ្លឺពីលោក ឈុន សុភមង្គល បាននៅឡើយទេនៅពេលនេះ ដោយសារពុំមានលេខទូរស័ព្ទ ៕