ក្រុមមន្ត្រីធំៗ ជាច្រើន នៅក្នុងខេត្តពោធិសាត់ រួមទាំងសមត្ថកិច្ច ក៍ដូចជាប្រជាពលរដ្ឋបានខ្សឹបមកប្រាប់ឱ្យដឹងថា ព្រៃអភិរក្សភ្នំ សំកុស និងព្រៃអភិរក្សជួរភ្នំក្រវាញ ត្រូវបានមេឧក្រិដ្ឋជនព្រៃឈើ ដែលមានងារជាឧកញ៉ា ឈ្មោះ តាំង អ៊ាង សង្ស័យឃុបឃិតគ្នាជាមួយ មន្ត្រីប៉េអឹមលើផ្ទៃ ប្រទេស ពាក់ផ្កាយ៣ម្នាក់ឈ្មោះ ហុង វីណុល ដែលជាប្រធានផ្នែកបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិប្រចាំទឹសតំបន់ខេត្តពោធិសាត់ រួមនឹងគូកន ជុំនិតៗមួយចំនួន បានប្រើមនុស្សរាប់រយនាក់ ចូលទៅកាប់បំផ្លាញយ៉ាងវិនាសកម្ម ដោយជ្រកក្រោមស្លាកក្រុមហ៊ុន MDS របស់ឧកញ៉ា ទ្រី ភាព ដើម្បីចែកប្រយោជន៍គ្នា ។
ក្រុមមន្ត្រីទាំងនោះ បានអះអាងប្រាប់បន្ថែមទៀតថា រាល់សកម្មភាពកាប់បំផ្លាញព្រៃអភិរក្ស ពីសំណាក់ក្រុមមន្ត្រីធំៗ និងឧកញ៉ាខាងលើ ជ្រកក្រោមស្លាកក្រុមហ៊ុន MDS យ៉ាងអនាធិបតេយ្យបែបនេះ ត្រូវបានគេមើលឃើញថា លោកឧកញ៉ា តាំង អ៊ាង និងលោកផ្កាយ៣ នោះ ទំនងចង់សំពង និងប្រឆាំងបទបញ្ជា សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាជាចក្រកម្ពុជា ក៍ដូចជាសម្តេចក្រឡាហោម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៍ដូចជា នាយឧត្តមសេនីយ៍ផ្កាយមាស៤ សៅ សុខា អ៊ីចឹង។
បើតាមមន្ត្រីនគរបាលជាន់ខ្ពស់ នៃស្នងការខេត្តពោធិ៍សាត់មួយរូប សុំមិនបញ្ចេញឈ្មោះ បានខ្សឹបប្រាប់ ឲ្យដឹងថា មួយរយៈ ចុងក្រោយមកនេះ សកម្មភាពកាប់ឈើ នៅក្នងតំបន់អភិរក្ស ដូចរៀបរាប់ខាងលើ ហាក់មានទ្រង់ទ្រាយធំ កាប់ដឹកជញ្ជូនយ៉ាងគគ្រឹងគគ្រេងដូចហែរកឋិនអ៊ីចឹង អមដោយអ្នកអាឈើរាប់រយនាក់ និងគ្រឿងចក្រ រថយន្តប្រកុង គោយន្ត ប្ញរទេះគោ ហើយ ឧកញ៉ា តាំ អ៊ាង បានប្រើមេការរបស់ខ្លួនពីរនាក់ ឈរចាំប្រមូលបន្តពីក្រុមហ៊ុន MDS យកទៅចែកចាយបន្តយ៉ាងរំភើយ ដោយគ្មានសមត្ថកិច្ចណា ហ៊ានប៉ះ ហ៊ានបង្ក្រាបនោះឡើយ។
ក្រុមមន្ត្រីខាងលើនោះ នៅបានខ្សឹបប្រាប់បន្តឱ្យដឹងទៀតថា សកម្មភាពក្រុមកាប់ឈើប្រណិត ក្នុងតំបន់ខាងលើ នៃខេត្តពោធិ៍សាត់នេះ គឺមានមេការធំ២នាក់ មា្នក់ឈ្មោះ ង៉ូវ ទី ដែលត្រូវជាប្អូនប្រុស របស់ឧកញ៉ា តាំ អ៊ាង ដែលមានដេប៉ូយ៉ាងធំសម្បើម នៅអាណាចក្រខេត្តនោះ ចាំប្រមូលទិញក្នុងបរិវណក្រុមហ៊ុន MDS ស្ថិតនៅឃុំអន្លង់រាប ស្រុកវាលវែង ។ ចំណែកមេការធំម្នាក់ទៀត ឈ្មោះ លីម ជាកូនប្រុសបង្កើតឧកញ៉ា លាង ចាន់មុនី ដែលល្បីឈ្មោះខាងកាប់បំផ្លាញព្រៃឈើ និងជាមនុស្សជំនិត របស់ឧកញ៉ា ទ្រី ភាព បានយកទីតាំងកែច្នៃឈើយ៉ាងធំ ទល់មុខក្រុមហ៊ុន MDS នៅដំណាក់សុក្រំ ស្ថិតក្នុងឃុំសំរោង ស្រុកក្រវាញ សម្រាប់ប្រមូលឈើខុសច្បាប់ និងស្ទួចដាក់រថយន្តវេអង ដឹកចេញទៅចែកចាយតាមខេត្ត និងទៅកាន់ក្រុងភ្នំពេញ ដើម្បីដឹកបន្តទៅលក់ នៅវៀតណាមផងដែរ។
ប្រភពខាងលើបានខ្សឹបប្រាប់ឱ្យដឹងបន្ថែមថា មេការធំៗទាំងពីរនាក់ខាងលើ ចែកតំបន់គ្នា ដើម្បីប្រមូលឈើកាប់ខុសច្បាប់ ដោយមេការឈ្មោះ ង៉ូវ ទី ទទួលឈើដែលគេកាប់ ពីតំបន់អភិរក្សភ្នំសំកុស ចាប់ពីច្រកអូរលាក់មាស ច្រកពងពង់ ច្រកចិនយំ ច្រកស្ទឹងតាតាំង ច្រកក្រពើពីរ ច្រកភ្នំទំព័រ និងតំបន់ភ្នំ ១៥០០ជាដើម។ រីឯមេការឈ្មោះ លីម មានសិទ្ធិ ចាំទិញឈើខុសច្បាប់ ដែលគេកាប់ចេញពីតំបន់អភិរក្សជួរភ្នំក្រវាញ ចាប់ពីតំបន់ខ្សាច់ពូក ច្រកដា ច្រកអំពិល ច្រករវៀង និងច្រកអូរលាក់មាស។
បើតាមប្រភពពីពលរដ្ឋ ក្នុងឃុំសំរោង ក៍បានខ្សឹបដឹងដែរថា ដោយសារតែអំណាចទឹកប្រាក់ របស់ឧកញ៉ាតាំង អ៊ាង ដែលចំណាយក្នុង១ខែៗ ខ្ទង់ជិតលានដូល្លារ យកទៅបិទមាត់ បិទត្រចៀក បិទភ្នែកមន្ត្រីៗចាប់តាំងពីថ្នាក់ខេត្ត ក្រសួងពាក់ព័ន្ធនិងគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើនៅតំបន់នោះ ដែលមានលោកផ្កាយ៣ ហុង វិណុល ជាប្រធានផងនោះ បានធ្វើឲ្យលោកឧកញ៉ាមេឈ្មួញ តាំង អ៊ាង មានអំណាចកាន់តែខ្លាំង ធ្វើព្យុះ ធ្វើភ្លៀងតាមទំនើងចិត្ត ហ៊ានដល់ប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដើរចាប់ឈើពីប្រជាពលរដ្ឋក្នុងតំបន់ ដែលរកស៊ីដឹកជញ្ជូនឈើ លក្ខណៈគ្រួសារតាមម៉ូតូ រទេះ គោ ដែលមិនព្រមលក់ ឲ្យក្រុមហ៊ុន MDS របស់ឧកញ៉ា តាំង អ៊ាង បែរជាមិនបំរើប្រជាពលរដ្ឋទៅវិញ។
ក្រុមមន្ត្រីខាងលើនោះ បានខ្សឹបឱ្យដឹងបន្ថែមថា ដើម្បីបានជ្រកក្រោមស្លាកក្រុមហ៊ុន MDS របស់ឧកញ៉ា ទ្រី ភាព នោះ គឺលោកឧកញ៉ា តាំង អ៊ាង បានចំណាយលុយប្រមាណពី ៣៥០ដុល្លារ ទៅ ៥០០ដុល្លារ ក្នុង១ម៉ែត្រគូប បង់ឲ្យឧកញ៉ា ទ្រី ភាព ដោយមានប្រធានតំបន់របស់ក្រុមហ៊ុនម្នាក់ ឈ្មោះ ឃៀង សុជីវ័ន្ត ហៅពៅ ចាំសម្របសម្រួលឯកសារច្បាប់ដឹងជញ្ជូន ចេញទៅលក់ចែកចាយបន្ត។
ប្រភពខាងលើ បាន បន្តថា ចំពោះប្រភេទឈើប្រណីតមួយចំនួន ត្រូវបានគេដឹកជញ្ជូនយកមកទុកនៅក្នុងក្រុមហ៊ុន ទី្រ ភាព គ្រុប នៅផ្លូវ៥១ត្មាតពង និងមួយចំនួនទៀត ដឹកយកទៅស្តុកទុក ក្នុងឃ្លាំងឈើមួយកន្លែងទៀត នៅក្រោយទីតាំរោងចក្រកាត់ដេរ៦ជាន់ ផ្លូវវេងស្រេង មុននាំចេញទៅលក់នៅក្រៅប្រទេស។
ថ្មីៗនេះ សម្តេចក្រឡា ហោម ស ខេង លោកបានព្រមានអភិបាលខេត្ត មួយចំនួន ពីបទល្មើសព្រៃឈើ ហើយសង្កត់ធ្ងន់ថា បើចៅហ្វាយខេត្តណា ពាក់ព័ន្ធបទល្មើសព្រៃឈើ បើរកឃើញ និងមានបញ្ហាជាក់ជាមិនខាន ។
ទាក់ទងនឹងជំនួញឈើខុសច្បាប់ទ្រង់ទ្រាយធំ ដោយជ្រកក្រោមស្លាកក្រុមហ៊ុន MDS នេះ សារព័តមានយើង នៅមិនទាន់អាចស្វែងរកការបកស្រាយ ពីមេឈ្មួញលោកឧកញ៉ា តាំង អ៊ាង បានទេ? ៕