ខេត្តបាត់ដំបង ៖ មានប្រភពពីមន្ត្រីគយតូចតាចបង្ហើបឱ្យដឹងថា បន្ទាប់ពី លោក យូ ហេង បានចូលកាន់តំណែង ជាប្រធានសាខាគយ ខេត្តបាត់ដំបង កាលពីរសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នដែលមានការខ្សឹបខ្សៀវថាចាយលុយមិនតិចទេ ដើម្បីផ្លាស់ចេញពីមេគយខេត្តឧត្តរមានជ័យនេះ ។ ទោះយ៉ាងណាមួយរយៈខ្លីនេះលោក យូ ហេង ចាយលុយ ដើម្បីអភិវឌ្ឍន៍មុខតំណែង ពីមេគយខេត្តកំពង់ឆ្នាំ ប្តូរទៅ មេគយខេត្តឧត្តរមានជ័យ ហើយបច្ចុប្បន្ននេះមកកាន់ខេត្តបាត់ដំបង ក៏ប៉ន្តែប្រភពមួយបានបង្ហើបថា លោក យូ ហេង មិនទាន់ស្កប់ចិត្តទេ ភ្នែកកំពុងសម្លឹងដោយស្រក់ទឹកមាត់ទៅកាន់ខេត្តបន្ទាយមានជ័យដែលជាខេត្តមានសក្តានុពល យ៉ាងខ្លាំងដែលឈ្មួញទំនិញនាំចូលពីប្រទេសថៃមានចំនួនច្រើនគ្រប់រដូវ ហើយវាជាប្រភពសេដ្ឋកិច្ចដ៏សម្បូរបែបដែលលោក យូ ហេង ប៉ងចង់បានមិនទាន់បានសម្រេច។
មានការលើកឡើងដែរថា ក្នុងតំណែងជាប្រធានសាខាគយ ខេត្តបាត់ដំបងលោក យូ ហេង កំពុងរៀបចំខ្សែបក្ខពួក ឱ្យកាន់ការងារ ហើយប្រើតិចនិកស្ទាប់ស្ទង់គោះទឹកបង្អើលត្រី ស្រឿសរសៃមេគយចល័តចំណុះសាខាគយខេត្តឱ្យរឹតបន្តឹងត្រួតពិនិត្យរថយន្តដឹកទំនិញឆ្លងកាត់ ឃ្លាំងស្តុកទំនិញក្នុងខេត្តដើម្បីឱ្យអ្នករកស៊ីដឹកទំនិញ និងថៅកែទំនិញ រត់មករកលោកប្រធានសាខាគយ ខេត្តបាត់ដំបងថ្មី។ ករណីនេះត្រូវបានមន្ត្រីតូចតាច លាន់មាត់ថា លោក យូ ហេង មានការរឹតត្បិតប្រមូលលុយខ្មៅ ប្រព្រឹត្តអំពើពុករលួយ ស្រង់ដើម មិនបង្អង់ដៃឡើយ ទំនងចាយលុយច្រើនណាស់ ដើម្បីបានធ្វើជាមេគយខេត្តបាត់ដំបងនេះ។ ក្រៅពីនេះ លោក យូ ហេង នឹងមិនឱ្យមេគយតាមច្រកអន្តរជាតិ និងច្រករបៀងរួចខ្លួនទេ គឺតម្រូវឱ្យសារេកញ្ចប់ប្រចាំខែ ជួយឧបត្ថមសាខា។ បើមិនដូច្នេះទេរាល់ទំនិញបង់ពន្ធមិនគ្រប់ ទំនិញជាប់អត្រាបង់ពន្ធខ្ពស់មកបង់ពន្ធទាប និងទំនិញខុសច្បាប់។ល។នឹងត្រូវឃាត់ចាប់ដើម្បីធ្វើរបាយការណ៍មកអគ្គនាយកគយថាមានការឃុបឃិតបញ្ចេញពីច្រកដែលលោកប្រធានចងបំបាក់នោះជាក់ជាមិនខាន។
លោក យូ ហេង កំពុងរងនូវការរិះគន់ពីក្រុមឈ្មួញ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញ អំពីការចាត់ចែងឱ្យមន្ត្រីជាដៃជើងរបស់ខ្លួន ប្រមូលសេដ្ឋកិច្ច តាមរយៈកេណ្ឌក្រុមឈ្មួញដែលរកស៊ីបង់ពន្ធមិនគ្រប់ និងការនាំចូលទំនិញខុសច្បាប់ដើម្បីងាយស្រួល លោក យូ ហេង មានឱកាសប្រមូលលុយស្រង់ដើមឆាប់រួច និងប្រមូលលុយចែកគ្នាធ្វើមានធ្វើបានដើម្បីយកមួយចំណែកទុកប្រើទប់មុខតំណែង និងអភិវឌ្ឍន៍មុខតំណែង ដែលលោក យូ ហេង ធ្លាប់ធ្វើពិធីនេះបានដោយជោគជ័យជាបន្តបន្ទាប់ពីខេត្តកំពង់ឆ្នាំង ទៅខេត្តឧត្តរមានជ័យ និងរហូតខេត្តដល់បាត់ដំបងនេះ។ ផ្ទុយស្រឡះពីបណ្តាំថ្នាក់លើ លោក យូ ហេង មិនត្រឹមតែ មិនទាន់ធ្វើ កំណែទម្រង់ភាពអសកម្មនិងអំពើពុករលួយ ក្នុងចំណោមមន្ត្រីគយ ដែលធ្វើឱ្យអ្នករកស៊ីដឹកជញ្ជូនទំនិញក្តៅក្រហាយ នោះទេ គាត់ថែមទាំងរក្សាទុកមន្ត្រីដែលចេះប្រមុលលុយ និងចេះអែបអប ឱ្យកាន់ការងារសេដ្ឋកិច្ច ។
ប្រភពបានបង្ហើបឱ្យដឹងថា សកម្មភាពនាំចូលទំនិញខុសច្បាប់ និងទំនិញបង់ពន្ធមិនគ្រប់ កំពុងកើតឡើងខ្លាំង នៅចំណុច ច្រកលេខ៤០០ នៃស្រុកសំឡូត និងច្រកអូររំដួល នៃស្រុកភ្នំព្រឹក ច្រកភ្នំដី ច្រកបឹងឆ្នាំងធ្វើឱ្យខាតបង់ ចំណូលថវិកាជាតិ យ៉ាងច្រើនសន្ធឹក ក្នុងមួយខែៗ។ ក្រុមឈ្មួញ បាននាំចូល ទំនិញបង់ពន្ធមិនគ្រប់ តាមរយៈអំពើសូកប៉ាន់ ពោលគឺជំនាញគយ បង្កើតឱ្យមាន នូវអំពើពុករលួយ បំបាត់ពន្ធនាំចូល មានទ្រង់ទ្រាយកាន់តែធំជាងមុន ដោយសារមានភ្លើងខៀវ ពីលោក យូ ហេង។ ទំនិញដែលហូរចូល មកពីប្រទេសថៃ តាមច្រកព្រំដែន ខេត្តបាត់ដំបង រួមមាន គ្រឿងបន្លាស់ រថយន្ត ម៉ូតូ សំបក កង់រថយន្ត និងទំនិញ ខុសច្បាប់ ផ្សេងទៀត ភាគច្រើន បង់ពន្ធមិនគ្រប់។
មន្ត្រីបានបង្ហើបថា ល្បិចបន្លំពន្ធ របស់ជំនាញគយ គឺស៊ីដោយ ស្របច្បាប់ គ្រាន់តែលួចបន្លំ បង្កាន់ដៃនាំចូល ពីប្រភេទ ទំនិញនាំចូល បង់ពន្ធខ្ពស់ មកបង់ពន្ធជា ប្រភេទ ទំនិញចម្រុះ ហើយការ បង់ពន្ធទំនិញចម្រុះ នេះទៀត គឺបង់យ៉ាងច្រើន ត្រឹមពាក់កណ្តាល ប៉ុណ្ណោះ។ ជាធម្មតា ទាំងច្រកតំបន់ ច្រកទ្វេភាគី និងច្រកអន្តរជាតិ ឈ្មួញអាច ដឹកទំនិញ ឆ្លងកាត់ ច្រកព្រំដែន ចាប់ពីវេលាម៉ោង ៧ព្រឹក និងបញ្ឈប់ ម៉ោងរដ្ឋបាល ត្រឹមម៉ោង ៦ល្ងាច ។ ប៉ុន្តែមន្ត្រីគយ ពុករលួយ បានអនុញ្ញាត ឱ្យរថយន្តធុនធំ ឆ្លងកាត់តាំងពី ម៉ោង ៣-៤ទៀបភ្លឺ មិនត្រឹមតែ ខុសច្បាប់រដ្ឋបាល ប៉ុណ្ណោះទេ រាល់សកម្មភាព ហូរចូល ទំនិញបែបនេះ ត្រូវបានគេ ដាក់ភាពសង្ស័យថាជា ទំនិញគេចពន្ធឬទំនិញខុសច្បាប់ ដែលជាប្រប្រភចំណូលលុយខ្មៅរបស់មន្ត្រីគយប្រមូលច្រកហោប៉ៅ ករណីនេះគយច្រកទ្វារ គយសាខា គយចល័ត សុទ្ធតែបានសើមមាត់គ្រប់ៗគ្នា៕