បាត់ដំបង ៖ បុរសសង្ស័យ ២ នាក់ និងថ្នាំញៀនយ៉ាម៉ា ៥៨ គ្រាប់ ត្រូវកម្លាំងនគរបាល ស្រុកភ្នំព្រឹក ធ្វើការឃាត់ខ្លួន បាន ជាបន្តបន្ទាប់ កាលពីវេលាម៉ោង ១១ និង ៣០ នាទី ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុច តាមដងផ្លូវ ស្ថិត ក្នុងភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក រួចកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ។
លោក សុង សុភ័ក្រ្ត អធិការនគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា បុរសសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន ទី ១ មានឈ្មោះ ម៉ុយ សុភាក់ អាយុ ២៥ ឆ្នាំ រស់នៅភូមិទួលជ្រៃឃុំ ស្រុកសំពៅលូន (មានថ្នាំញៀន ប្រភេទយ៉ាម៉ាពណ៌ផ្កាឈូក ចំនួន៤៧ គ្រាប់ ដាក់ក្នុងកញ្ចប់ពណ៌ខៀវ) ។ទី ២ មានឈ្មោះ យឿន ផុន ហៅ ឡូវ អាយុ ២៩ ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុក ភ្នំព្រឹក (ថ្នាំញៀន ១១ គ្រាប់) ។ វត្ថុតាងថ្នាំញៀន ប្រភេទយ៉ាម៉ាសរុបចំនួន ៥៨ គ្រាប់ ។
ជនសង្ស័យឈ្មោះ ម៉ុយ សុភាក់ បានឆ្លើយសារភាពថា ខ្លួនបានទិញថ្នាំញៀនពីឈ្មោះ វ៉ាញ វី ភេទប្រុសអាយុ ៣៥ ឆ្នាំរស់នៅ ក្នុងភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។
ជនសង្ស័យឈ្មោះ យឿន ផុន ហៅ ឡូវបានឆ្លើយសារភាពថា បក្ខពួកខ្លួនពិតជាបាន រកស៊ី ជួញដូរថ្នាំញៀន នេះពិតប្រាកដ មែន តែកន្លងមកសមត្ថកិច្ច មិនដែលចាប់បានទេ លុះថ្ងៃចុងក្រោយនេះ ក៏ត្រូវសមត្ថកិច្ចចាប់បានតែម្តង ។
លោក សុង សុភ័ក្រ្ត អធិការនគរបាលស្រុកភ្នំព្រឹក បានបញ្ជាក់ថា ក្រោយពីបាន ទទួលព័ត៌មាន ថាមានករណីជួញដូរគ្រឿង ញៀន រួចមក លោកបានបញ្ជាឲ្យលោក សារ៉េត វិសេដ្ឋ អធិការរង នគរបាលស្រុក ដឹកនាំកម្លាំងមួយក្រុម ចុះប្រតិបត្តិការ ។ ពេលនោះ ឃើញជនសង្ស័យឈ្មោះ ម៉ុយ សុភាក់ បើកម៉ូតូវីវ៉ាពណ៌ខ្មៅលឿន ក៏កាក់សួរនាំ ហើយឆែកឆេរ ឃើញថ្នាំញៀន ចំនួន ៤៧ គ្រាប់ បន្ទាប់ មកបន្តទៅរកផ្ទះឈ្មោះ វ៉ាញ វី ស្រាប់តែជនសង្ស័យម្ចាស់ទំនិញ ឈ្មោះ វ៉ាញ វី ឃើញសមត្ថកិច្ច បានរត់កាត់អូរឆ្លង ចូលទឹកដីថៃបាត់ស្រមោលតែម្តង ។ ហើយបន្តឆែកឆេរផ្ទះ ជនសង្ស័យ ឃាត់ខ្លួនបានម្នាក់ទៀត ឈ្មោះ យឿន ផុន ហៅ ឡូវ និងរកឃើញថ្នាំញៀនចំនួន ១១ គ្រាប់ទៀត ។ បច្ចុនប្បន្ន បុរសសង្ស័យទាំង ២ នាក់ និងថ្នាំញៀនយ៉ាម៉ា ៥៨ គ្រាប់ ត្រូវកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីចាត់ការ បន្តតាមច្បាប់ នៅព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៤ ៕
ភារម្យ