បាត់ដំបង ៖ នគរបាលចរាចរណ៍ ផ្លូវគោក ខេត្តបាត់ដំបង បានដាក់ប៉ុស្តិ៍ គោលដៅ ត្រួតពិនិត្យ យានយន្តគ្រប់ប្រភេទ ខុស បច្ចេកទេស ដឹកសំពីង សំពោង ដើម្បីរក្សាសណ្តាប់ធ្នាប់ និងកុំឲ្យមានការគ្រោះថ្នាក់ ដល់អាយុជីវិតយើងគ្រប់ៗគ្នា បន្ទាប់ពី ឈប់សំរាកជាច្រើនខែ កន្លងមកហើយ កាលពីម៉ោង ៨ ព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៤ ចំណុចរង្វង់មូលព្រាបស ភូមិច្រាប វាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។
នគរបាលគោលដៅចំណុចរង្វង់មូល ព្រាបស បានឃាត់រថយន្តកែច្នៃ ១ គ្រឿងខុសបច្ចេកទេស ដឹកសំពីសំពោង មានម៉ាក កាំម៉ារីស៊េរី ឆ្នាំ១៩៨៧ពណ៌ស ស្លាកលេខ៨៧៨ភ ដឹកកាដុងចំនួន ៧០០ ស្បៃរបាសំរាប់បាំងរបងពណ៌បៃតង ចំនួន ២០ ដុំ និងធុងស្ពិចត្រូចំនួន៥០០ធុង ។
ឈ្មោះ ឆន វុន ភេទប្រុសអាយុ ៣០ ឆ្នាំរស់នៅភូមិគោកទន្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជាអ្នកបើក បររថយន្ត បានអោយដឹងថា ពួកខ្លួនមានគ្នា ៣ នាក់បានដឹកសម្ភារៈនេះ ចេញពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅ ស្រុកមោងឬស្សី ខេត្តបាត់ដំបង យកទៅបោះអោយម៉ូយ ពេលធ្វើដំណើរមកដល់ចំណុចរង្វង់មូលព្រាបស ភូមិច្រាបវាល ឃុំ អន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ក៏ត្រូវនគរបាលកាក់តែម្តង ។ ហើយរបរនេះ បើមិនដឹកលើសទេ គឺមិនគ្រប់សាហ៊ុយថ្លៃ ហូបចុក និងសាំងឡើយ ។ ម៉្យាងទៀត ការរកស៊ីនេះមានរយៈពេល ២ ឆ្នាំមកហើយ ដោយដឹកជញ្ជូននៅពេលយប់ ដែលសមត្ថកិច្ចដេកលក់អស់ ។
ពាក់ព័ន្ធករណីនេះ លោក សាត គឹមសាន្ត នាយនគរបាលចរាចរណ៍ ផ្លូវគោក ខេត្តបាត់ដំបង បានអោយដឹងថា រថយន្តកែច្នៃ ដែលមិនមានឯកសារគ្រប់គ្រាន់ និងដឹកសំពីងសំពោង ត្រូវឃាត់ធ្វើការផាកពិន័យ ហើយអប់រំអោយម្ចាស់ អោយគាត់ធ្វើ សំបុត្រ អាជីវកម្ម និងទៅសុំមន្ទីរសាធារណៈ ការធ្វើឈៀក ទើបអោយដំណើរការឡើងវិញបាន នេះដើម្បីរក្សាសណ្តាប់ ធ្នាប់ តាមដងផ្លូវ និងកុំឲ្យមានការគ្រោះថ្នាក់ ដល់អាយុជីវិតយើងគ្រប់ៗគ្នា ៕
ភារម្យ