មណ្ឌលគិរី៖ នាព្រឹកថៃ្ងទី១៥ ខែតុលា ឆ្នាំ២០១៨ ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី មន្រ្តីរាជការអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សនុសិស្ស និងប្រជាពលរដ្ឋ បានអញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះបរមរតនៈកោដ្ឋ ព្រះបាទនរោត្តម សីហនុ គម្រប់ខួប ៦ឆ្នាំ ដែលបានប្រព្រឹត្តទៅ នៅលើសួនឧទ្យានក្រុងសែនមនោរម្យ ។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី រួមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ បានអញ្ជើញ គោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះបរមរតនកោដ្ឋរួចមក ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអានព្រះរាជជីវប្រវត្តិសង្ខេប ព្រះករុណាសម្តេចព្រះបាទនរោត្តមសីហនុ ព្រះអង្គប្រសូត្រនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ព្រះអង្គឡើងគ្រងរាជសម្បត្តិ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១ ព្រះអង្គបានបំពេញព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យបានទាំងស្រុង ពីអាណានិគមបារាំងនៅថ្ងៃទី៩ ខែវិឆ្ឆិកា ឆ្នាំ១៩៥៣ ។
ក្នុងមួយឆាកជីវិតរបស់ព្រះអង្គ ព្រះអង្គបានលះបង់នូវព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុជាតិមាតុភូមិ ឯករាជ្យ បូរណភាពទឹកដី ផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិ ជាពិសេស នៅក្នុងព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តម និងធំធេង ក្នុងការទាមទារឯករាជ្យ ពេញលេញជូនជាតិមាតុភូមិ និងប្រជារាស្រ្ត ជាកូន ចៅ ចៅទួត របស់ព្រះអង្គ នៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ រហូតដល់ព្រះអង្គបានទទួល នូវព្រះបរមនាមជា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ។
ព្រះអង្គបានគង់ជាម្លប់សំរាប់ប្រជារាស្រ្តរហូត ដល់ព្រះអង្គយាងចូលព្រះទីវង្គត នៅវេលាម៉ោង ១និង ២០នាទី យប់រំលងអាធ្រាត្រ ម៉ោងនៅរាជធានីភ្នំពេញ នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១២ នៅមន្ទីរពេទ្យមួយក្នុងទីក្រុង ប៉េកាំងប្រទេសចិន ក្នុងព្រះជន្ម ៩០ ព្រះវស្សាដោយព្រះជរាពាធ ។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ព្រមទាំងអ្នកចូលរួមបានអញ្ជើញ ព្រះសង្ឃចំនួន ៥អង្គ ដើម្បីធ្វើពិធីបង្សុកូលឧទ្ទិសកុសល ថ្វាយព្រះរាជកុសលដល់ ព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាសម្តេចព្រះបាទនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះករុណាព្រះបរមរតនកោដ្ឋ ៕