មណ្ឌលគិរី ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល និង ផ្តល់រង្វាន់ដល់សិស្សានុសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិជាប់និទ្ទេស B និង C សម័យប្រឡង នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ។ ពិធីនេះបានប្រព្រឹត្ត នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ស្ថិតនៅក្រុងសែនមនោរម្យ នារសៀលថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨ ។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ក្រសួងអប់រំយុវជន និង កីឡា បានការកែរទម្រង់ លើវិស័យអប់រំនៅកម្ពុជា ដើម្បីធ្វើយ៉ាងណា ពង្រឹងគុណភាព និង ប្រសិទ្ធភាពឱ្យកាន់តែខ្ពស់បន្ថែមទៀត ។
ឯកឧត្តម បានបញ្ជាក់ថា នៅខេត្តមណ្ឌលគិរីឆ្នាំនេះ អត្រាបេក្ខជនប្រឡងបាក់ឌុបជាប់ មិនបានខ្ពស់ជាងគេ ដូចបណ្តាឆ្នាំមុនៗ ក៏ពិតមែន តែជាមោទនៈភាពមួយ ដែលសិស្សានុសិស្សទាំងអស់ បានខិតខំប្រឹងប្រែង បញ្ចេញអស់ពីលទ្ធភាព ក្នុងការប្រឡងទទួលបានជោគជ័យរហូតដល់ ៩២.៧០% ។
ឯកឧត្តម បានបន្ថែមថា ចំពោះប្អូនៗដែលប្រឡងជាប់ ត្រូវសម្រេចចិត្ តឱ្យបានច្បាស់លាស់ ដើម្បីឈានទៅបន្តការសិក្សានៅសកលវិទ្យាល័យ ឬមហាវិទ្យាល័យនានា និង រៀនជំនាញផ្សេងៗ ដើម្បីទទួលបានចំណេះដឹង ក្នុងការចូលរួមចំណែកជួយអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី និង សង្គមជាតិឱ្យមានការរីកចម្រើន ។
ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវជៀសឱ្យឆ្ងាយអំពីគ្រឿងញៀន និង គ្រឿងឧបាយមុខផ្សេងៗ ហើយ សូមចូលរួមគោរពច្បាប់ចរាចរផងដែរ ។
នាឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី បានផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សប្រឡងជាប់និទ្ទេស B ចំនួន ៦នាក់ ក្នុងម្នាក់ៗ ថវិការ ៨០ ម៉ឺនរៀល និទ្ទេស C ចំនួន ៤១ នាក់ ក្នុងម្នាក់ៗថវិការ ២០ ម៉ឺនរៀល និងបន្ថែម សៀវភៅវចនានុក្រមសម្តេចជួនណាត ក្នុងម្នាក់ៗ ១ក្បាល និង លោកគ្រូ/អ្នកគ្រូចំនួន ១២នាក់ ក្នុងម្នាក់ៗថវិការ ៥ ម៉ឺនរៀល ។
សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់ប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្តមណ្ឌលគិរី លោក ទឹម សង្វាត បានឱ្យដឹងថា បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិនៅខេត្តមណ្ឌលគិរី សម័យប្រឡង ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ មានសិស្សសរុប ៤១២ នាក់ ស្រី ២១៣ នាក់ ក្នុងនោះសិស្សប្រឡងជាប់ ចំនួន ៣៨០ នាក់ ស្រី ១៩៩ នាក់ ស្មើនឹង ៩២.៧០% ។ ក្នុងនោះសិស្សប្រឡងជាប់និទ្ទេស B ចំនួន ៦នាក់ និទ្ទេស C ចំនួន ៤១ នាក់ និទ្ទេស D ចំនួន ១៣៥ នាក់ និង និទ្ទេស E ចំនួន ១៩៩ នាក់ ៕