ខេត្តមណ្ឌលគិរី ៖ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី កោះប្រជុំមន្រ្តីជាបន្ទាន់មួយក្រោយមានព័ត៌មានថា មានបទល្មើសដឹកជញ្ជូនឈើឆ្លងដែន ទៅកាន់ប្រទេសវៀតណាមនោះ គឺគ្មានដូចការផ្សព្វផ្សាយនោះ ឯកឧត្តម បានបដិេសធ និងមានការសោកស្តាយ ដែលព័ត៌មានមួយចំនួន ធ្វើការផ្សព្វផ្សាយចេញមកបែបនេះ ។
ឯកឧត្តម ស្វាយ សំអ៊ាង បានគូសបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែសីហានេះ លោកបានកោះហៅមន្រ្តីទូទាំងខេត្តជាបន្ទាន់ មកសួរនាំតែធាតុពិត គ្មានការចេញឈើដូចការផ្សព្វផ្សាយនោះឡើយ។
អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី លោក សុក សេរ៉ា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ បានធ្វើការបំភ្លឺថា ករណីមានរថយន្តធុនប៉ាកុង ដឹកឈើចេញពីតំបន់ដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា យកទៅទម្លាក់ទុកនៅដីចម្ការមួយកន្លែង នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ បម្រុងនាំចេញទៅប្រទេសវៀតណាមនោះ គឺមិនពិតនោះទេ ពោលឈើនេះប្រជាពលរដ្ឋដែលបានស្នើរសុំដើម្បីសាងសង់ផ្ទះប៉ុណ្ណោះ។
ការចេញមកបំភ្លឺបែបនេះ បានធ្វើឡើងបន្ទាប់ពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយថា មានការដឹកជញ្ជូនឈើស្ដុកទុក បម្រុងនាំចេញទៅប្រទេសវៀតណាម ដែលការចុះផ្សាយនេះ រដ្ឋបាលខេត្តមណ្ឌលគិរី សូមធ្វើការបដិសេធជាដាច់ខាត គឺមិនមានសកម្មភាពបែបនេះឡើយ ហើយចំពោះសកម្មភាពដឹកជញ្ជូនឈើនេះ ម្ចាស់ផ្ទះបានស្នើរសុំការអនុញ្ញាតពីគ្រប់ស្ថាប័នជំនាញ និងអាជ្ញាធរខេត្តផងដែរ។
អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី ក៏បានថ្លែងអំណរគុណ ចំពោះសេចក្តីរាយការណ៍របស់អ្នកសារព័ត៌មាន ដែលបានផ្តល់ព័ត៌មាននានា ជុំវិញករណីបទល្មើសព្រៃឈើ ឬបទល្មើសផ្សេងៗ កើតមានក្នុងទឹកដីខេត្តមណ្ឌលគិរី ដើម្បីទប់ស្កាត់ និងបង្ការករណីខុសប្រក្រតី ដែលអាចបង្កបញ្ហាអសន្តិសុខដល់សង្គម។
លោក សុក រ៉ា ក៏បានស្នើរដល់មហាជន កុំមានការយល់ច្រលំចំពោះការដឹកឈើ សម្រាប់ធ្វើជាគ្រឿងផ្ទះនោះអី ហើយខេត្តតែងមានគោលការអនុគ្រោះ ដល់ប្រជាពលរដ្ឋដែលមានលទ្ធភាពសាងសង់លំនៅដ្ឋាន អាចស្នើរសុំទៅមន្ត្រីជំនាញដើម្បីអាចសុំអារកាប់ឈើ ឬដឹកជញ្ជូនឈើគ្រឿងផ្ទះ ដោយគ្មានការចាប់ចងអ្វីឡើយ៕