ភ្នំពេញ ៖ គម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង ៥ ក្នុងឆ្នាំ២០១៨ ដែលដាក់ឱ្យដេញថ្លៃ កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៨ ទទួលបានដោយជោគជ័យ ដែលមានការអញ្ជើញចូលរួមពីលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងឱ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ និងមន្ត្រីថ្នាក់ខណ្ឌ និងសង្កាត់ ព្រមទាំងក្រុមហ៊ុនចំនួន ១៣ ចូលរួមដេញថ្លៃក្នុងឱកាសនោះផងដែរ ។
គម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង ៥ ក្នុងឆ្នាំ២០១៨ ដែលដាក់ឱ្យដេញថ្ងៃនោះរួមមាន ៖ ទី១-សង្កាត់ព្រែកព្នៅ ស្ថាបនាផ្លូវ ១ខ្សែ គ្មានឆ្ពឹងដែក ប្រវែង ៣៤១ម៉ែត្រ ទទឹង ៤,៥ម៉ែត្រ ។ ទី២-សង្កាត់សំរោង ជួសជុលផ្លូវគ្រួសធម្មជាតិ ប្រវែង ៣៤៩ម៉ែត្រ ទទឹង ៥ម៉ែត្រ ។ ទី៣-សង្កាត់ពញាពន់ ស្ថាបនាផ្លូវចាក់បេតុងគ្មានសរសៃដែកខ្សែ ប្រវែង ២១០ម៉ែត្រ ទទឹង ៦ម៉ែត្រ ។ ទី៤-សង្កាត់គោករកា ជួសជុលផ្លូវគ្រួសធម្មជាតិ ប្រវែង ៧៧៩ម៉ែត្រ ទទឹង ៥ម៉ែត្រ និងស្ថាបនាផ្លូវបេតុង គ្មានសរសៃដែកខ្សែ ប្រវែង ២៩០ម៉ែត្រ ទទឹង ៤ម៉ែត្រ និងទី៥-សង្កាត់ពន្សាំង ស្ថាបនាផ្លូវបេតុង គ្មានសរសៃដែកខ្សែ ប្រវែង ៤៩៣ម៉ែត្រ ទទឹង ៤.៥ម៉ែត្រ ។
ចំណែកលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍ថា វាមិនមានជារឿងថ្មីនោះទេ ការដេញថ្លៃនេះ ជាការចូលរួមចំណែកផ្នែកឯកជន តាមរបៀបប្រកួតប្រជែងក្នុងការដេញថ្លៃគម្រោងអភិវឌ្ឍន៍សង្កាត់ ដើម្បីកសាងសមិទ្ធផលក្នុងមូលដ្ឋានសង្កាត់ និងចូលរួមអភិវឌ្ឍន៍តាមតម្រូវការរបស់មូលដ្ឋាន ។
លោកបន្តថា បណ្តាក្រុមហ៊ុនអ្នកទទួលការដែលដេញថ្លៃគម្រោងបានឈ្នះក្នុងនេះ សូមរួសរាន់ចុះកិច្ចសន្យាអនុវត្ត គម្រោងជាមួយសង្កាត់ និងបន្ទាប់ពីបានចុះកិច្ចសន្យារួច ត្រូវអនុវត្តតាមផែនការសកម្មភាពការងារ ឱ្យបានច្បាស់លាស់ ពិសេសគម្រោងត្រូវធានាគុណភាព បទដ្ឋានបច្ចេកទេស សោភ័ណភាព អនុវត្តគម្រោងទាន់ពេលកំណត់ ព្រមទាំងរក្សា បានសុវត្ថិភាពល្អក្នុងការដ្ឋាន ។
លោក សុខ សម្បត្តិ បានលើកឡើងថា គោលបំណងនៃការដេញថ្លៃនាពេលនេះ ទាមទារឱ្យមានការចូលរួមពីក្រុង បឹក្សាសង្កាត់ គណៈកម្មការលទ្ធកម្មសង្កាត់ជនបង្គោលតាមដានត្រួតពិនិត្យ និងវាយតម្លៃ ជាពិសេសតំណាងប្រជាពលរដ្ឋ ដែលជាអ្នកទទួលផលពីគម្រោងឱ្យទទួលបានជោគជ័យ និងមានតម្លាភាព ដើម្បីឱ្យឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលអាណត្តិទី ៦ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ។
លោក សុខ សម្បត្តិ បន្តថា តាងនាមឱ្យក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ ក្រុមប្រឹក្សាសង្កាត់ ព្រមទាំងប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ថវិកាដល់សង្កាត់ទាំង ៥ របស់ខណ្ឌព្រែកព្នៅ សម្រាប់អភិវឌ្ឍន៍មូលដ្ឋានក្នុងឆ្នាំ២០១៨ នាពេលនេះ ៕