អភិបាលក្រុងមួយរូប បាននិងកំពុង ប្រឈមមុខ នឹងតុលាការ ដោយសារតែ ធ្វើដល់អភិបាលក្រុង តែមានចរិត មិនសំបូរ ទៅ ដោយ សេចក្តីថ្លៃថ្នូរ រហូតដល់កូនចៅ មានការខឹងសម្បារជាខ្លាំង មិនអាចលើកលែងឲ្យបាន ហើយប្តឹងទាមទារជាដាច់ខាត ឲ្យជនប្រព្រឹត្ត ត្រូវតែទទួលទោសទណ្ឌ ។
សេចក្តីរាយការណ៍ ព័ត៌មានដ៏អាម៉ាស់មុខនេះ បានបែកធ្លាយ ខណៈពេលជនរងគ្រោះមិនសុខចិត្ត បានប្តឹងទាមទាររកយុត្តិធម៌ទៅតុលាការ ដោយមិនយល់ព្រមតាមការសម្រួល អង្វរកពីអភិបាលក្រុងរូបនេះឡើយ ។ ករណីនេះ ក៏មានការជួយអន្តរាគមន៍ពីសំណាក់មេធំរបស់ខ្លួនថែមទៀត ប៉ុន្តែជនរងគ្រោះនៅមិនទាន់យល់ព្រម និងអនុគ្រោះដល់ទង្វើដ៏អាម៉ាស់នេះទេ ។
មានការលេចឭឲ្យដឹងទៀតថា ដំណើរការសម្របសម្រួល ជាអាថ៌កំបាំង នៅតែបន្ត រហូតដល់មានការស្នើសុំសំណង លុបលាងការអាម៉ាស់ រហូតដល់រាប់ម៉ឺនដុល្លារ ។ ហើយលើសពីនេះទៀត ថែមទាំងមានការសន្យាដោះដូរតំណែងថែមទៀត ។
ពាក់ព័ន្ធនឹងបញ្ហានេះ ភាគីខាងជនរងគ្រោះ ចង់ឲ្យមានការដាក់ទណ្ឌកម្ម លើសនេះ ទៅ ទៀត មិនអាចលុបលាងលាក់បាំងទង្វើអភិបាលក្រុងរូបនោះ ដោយគ្រាន់តែសងសំណង បិទបាំងទិញទឹកចិត្តអោយនោះទេ ។
ឆ្លើយតបនឹងអ្នកសារព័ត៌មាន ដែលបានព្យាយាមសុំការបំភ្លឺពីអភិបាលក្រុងរូបនោះ ពាក់ព័ន្ធនឹងទង្វើដ៏អាម៉ាស់នេះ អភិបាលក្រុងរូបនោះ ហាក់ដូចជាធ្វើមិនដឹង មិនឭ ទៅវិញ ។
ដោយឡែក អភិបាលក្រុងដែលប្រពឹត្តទង្វើអសីលធម៌រូបនេះ នៅមិនទាន់ទទួលនូវការផ្តន្ទាទោសឲ្យសមនឹងទោសកំហុសនៅឡើយ ហើយថែមទាំងបន្តបម្រើការ យ៉ាងសឿងបឿងថែមទៀត ។
ករណីធ្វើដល់អភិបាលក្រុង តែមានចរិតអសីលធម៌នេះ មជ្ឈដ្ឋាននានាលើកឡើងថា ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ សូមមេត្តាមានចំណាត់ការឲ្យបានហ្មឺងហ្មាត់ ដើម្បីភាពស្អាតស្អំ និងសេចក្តីថ្លៃថ្នូរបស់ថ្នាក់ដឹកនាំខេត្តក្រុង ផ្សេងទៀត ដែលមិនគួរបន្សល់ទុកនូវជនអសីលធម៌មួយចំនួនតូច ធ្វើឲ្យអាប់អោនដល់អ្នកស្អាតស្អំដទៃទៀត ក៏ដូចជាគំរូដើម្បីកុំឲ្យមានករណីនេះ កើតឡើងថែមទៀត នៅពេលអនាគត ៕