បាត់ដំបង ៖ រថយន្តបាឡែន ដឹកឈើគ្រញូង បើកលឿន បុកស្រ្តីថ្មើរជើង ស្លាប់ ពេលទូលប្រហុក ដើរឆ្លងផ្លូវ ហើយអ្នកបើកបរ គេចខ្លួនបាត់ កាលពីម៉ោង ៩ និង ៥០ នាទី ព្រឹកថ្ងៃទី ១២ ខែកុម្ភ៖ ឆ្នាំ២០១៤ លើកំណាត់ ផ្លូវជាតិលេខ ៥ ខាងកើត អនុវិទ្យាល័យ ព្រៃតូច ឋិតក្នុងភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។
សមត្ថកិច្ចនគរបាល បានអោយដឹងថា ស្រ្តីរងគ្រោះ មានឈ្មោះ ដួង ពៅ អាយុ ៤៥ ឆ្នាំ រស់ក្នុងភូមិកើតហេតុ ។ ចំណែករថយន្ត ម៉ាកកាំម៉ារីបាឡន ពណ៌ទឹកប្រាក់ មានស្លាកលេខ 2I-8698 ភ្នំពេញ មានឈើគ្រញូង ពេញរថយន្ត ។
ឈ្មោះ ប៊ុន សៀក មេភូមិថ្មី បានអោយដឹងថា មុនពេល កើតហេតុ ស្រ្តីរងគ្រោះ បានទូលចានដែក ដាក់ប្រហុក ធ្វើដំណើរ ឆ្លងកាត់ផ្លូវ យកមកលក់ ពេលនោះ ក៏ឃើញរថយន្ត ម៉ាកបាឡែន បើកលឿន ពីលិចទៅកើត (ពីបាត់ដំបង ទៅភ្នំពេញ) បានបុកស្រ្តីរងគ្រោះ បណ្តាលអោយស្លាប់ នៅកន្លែង កើតហេតុតែម្តង មួយសន្ទុះក្រោយមក ក៏ឃើញរថយន្ត ២គ្រឿងទៀត ដឹកឈើគ្រញូងដែរ មកឈប់បើកទា្វរ យកអ្នកបើកបរ រថយន្តបង្កទៅបាត់។
សមត្ថកិច្ចនគរបាល បានអោយដឹងថា សពស្រ្តីឈ្មោះ ដួង ពៅ បានប្រគល់ អោយប្តី យកទៅធ្វើបុណ្យ តាមប្រពៃណីរីឯរថយន្ត ដឹកឈើគ្រញូង សមត្ថកិច្ច បានយក ទៅរក្សាទុក នៅអធិការដ្ឋាន ស្រុកមោងឬស្សី ដើម្បីធ្វើការ ស្រាវជ្រាវ សាវតា អ្នកបើកបរ ។
រថយន្តដឹកឈើគ្រញូង ដឹកជញ្ជូន យ៉ាងគគ្រឹកគគ្រេង ទាំងថ្ងៃ រីឯសមត្ថកិច្ច រដ្ឋបាលព្រៃឈើ រាប់ក្បាល រថយន្តយកប្រាក់ មិនបង្ក្រាប ៕