ខេត្តមណ្ឌលគិរី៖ កាលពីថ្ងៃអាទិត្យ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ មេឈ្មួញទាំង៣រូប គឺឧកញ៉ា សឹង សំអុល, ឧកញ៉ាប៉ោ សំអឿន និងឧកញ៉ាតុប វីដា រថយន្ត យីឌុបចំនួន១០គ្រឿងរបស់ក្រុមឧកញ៉ាទាំងបីរូបនេះបានលើកឈើពេញប្រៀប នៅចំណុចម្តុំព្រៃខ្មោច ចន្លោះក្រុមហ៊ុន៩៥ ស្រុកកោះញែក ខេត្តមណ្ឌលគិរី រួចចេញបាន៦គ្រឿង មកដល់ស្រុកពេជ្រាដា បម្រុងឆ្លងទៅប្រទេសវៀតណាម ក៏មានករណីបែកធ្លាយ ធ្វើឲ្យសមត្ថកិច្ច អាជ្ញាធរ និងជំនាញពាក់ព័ន្ធមួយចំនួន ដែលបានប្រយោជន៍ពីរត់ការភ័យស្លន់ស្លោ និងរួមគំនិតគ្នាជាមួយឈ្មួញដើម្បីផ្តល់ព័ត៌មានបិទបាំងចំពោះសមត្ថកិច្ចផ្សេងទៀត ចៀសវាងការបង្ក្រាប ដឹកជញ្ជូនឈើក្នុងបទល្មើសជាក់ស្តែង ។
រថយន្តយីឌុបទាំងនេះត្រូវបានពួកគេបង្ខំចិត្តយកទៅលាក់ទុកនៅចំណុចចម្ការម្រេចរបស់កូរ៉េ ឈ្មោះ វ៉ាយអូប្លាយ ស្ថិតនៅឃុំពូជ្រៃ ស្រុកពេជ្រាដា។ ដោយឡែកសមត្ថកិច្ចមួយក្រុមទៀត បានតាមប្រមាញ់ដើម្បីឈានដល់ការបង្ក្រាបការដឹកជញ្ជូនឈើខុសច្បាប់នេះ ប៉ុន្តែជាលទ្ធផល ទោះជាល្បីខ្ទរខ្ជាររឿងឡានដឹកឈើនេះពេញខេត្តមណ្ឌលគិរីក៏ដោយ ក៏ សមត្ថកិច្ចមិនអាចបង្ក្រាបបាន បន្ទាប់ពីក្រុមសមត្ថកិច្ច និងជំនាញផ្សេងទៀតបានអះអាងថា រថយន្តទាំងនោះ ដឹកឈើជន្លង់ម្រេច ដើម្បីជាលេស រហូតដល់រថយន្តទាំង៦គ្រឿងនោះ ទម្លាក់ឈើចោល ហើយបានបើកទៅកាន់កន្លែងក្រុមហ៊ុន យូនីគ្រីន វិញដោយសុវត្ថិភាព ។
ប្រភពព័តមានពីសមត្ថកិច្ចមួយរូប ដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបថា តាមពិតចម្ការម្រេចរបស់កូរ៉េឈ្មោះ វ៉ាអូប្លាយ មិនអាចជាកន្លែងទទួលយកឈើជន្លង់ម្រេចដាំបន្តទៀតទេ ដោយសារបច្ចុប្បន្ន ជាទីតាំងដែលជាំទឹក ។ ដូច្នេះការលើកឡើងរបស់សមត្ថកិច្ចបង្វែរទៅជាឡានដឹកឈើប្រណីត ទៅជារថយន្តដឹកឈើជន្លង់ គឺមានចេតនា បំបាត់ភស្តុតាង កើតឡើងដោយអំពើពុករលួយ លក្ខណៈប្រព័ន្ធ ។ មិនត្រឹមតែសកម្មភាពដឹកឈើនេះធូរលុងសម្រាប់ទឹកដីខេត្តមណ្ឌលគិរីប៉ុណ្ណោះទេ។
ជាក់ស្តែងពេលឈ្មួញកំពុងលើកឈើនៅម្តុំព្រៃខ្មោច ជិតក្រុមហ៊ុន៩៥បណ្តើរៗ គេក៏បានឃើញវត្តមាន ឧកញ៉ាតុប វីដា កំពុងចូលរួមកម្មវិធីទទួលទានអាហារពេលល្ងាចជាមួយនឹងលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីយ៉ាងរំភើយ ។ ចំណុចនេះ គេក៏ពុំដឹងថា លោកស្នងការត្រូវរ៉ូវគ្នាជាមួយឈ្មួញ ឬក៏លោកមិនទទួលបានព័ត៌មានពីសកម្មភាពលើកឈើនឹងដឹកជញ្ជូនឈើរហូតដល់ផ្អើលពេញខេត្តមណ្ឌលគិរី នាយប់ថ្ងៃទី៥ ខែសីហា នោះឬមួយយ៉ាងណាទេ ។
សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ក្រុមរបស់ឧកញ៉ាទាំង៣រូបខាងលើ បានឲ្យរថយន្តបាកុង និងរថយន្តកែច្នៃជា ច្រើនគ្រឿងចូលទៅកាន់តំបន់ភ្នំព្រេច តាមផ្លូវក្រុមហ៊ុនយូនីគ្រីន ក្នុងគោលបំណងទៅអូស និងដឹកជញ្ជូនឈើ ដើម្បីយកមកដាក់ក្នុងក្រុមហ៊ុនយូនីគ្រីន ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ ក្រោយមក ក៏មានរថយន្តយីឌុបចំនួន១០គ្រឿងបានចូលទៅដឹកឈើ ដែលកាប់អារ ច្រៀកជាឡាំងថ្មីៗ នៅចំណុចម្តុំព្រៃខ្មោចជិតក្រុមហ៊ុន៩៥ ហើយដឹកចេញបាន៦គ្រឿង ក៏បែកការណ៍ ។
លោកឧត្តមសេនីយ៍ទោ សាន្ត គឹមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី ជុំវិញការពាក់ព័ទ្ធខាងលើ សារព័តមានយើងពុំអាចសុំការបំភ្លឺ ប៉ុន្តែលោកថាបានទទួលស្គាល់ជុំវិញសកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់នេះ ដោយលោកឧត្តមសេនីយ៍ទោបញ្ជាក់យ៉ាងដូច្នេះថា តាមពិតគេសុំខ្ញុំមែន រឿងឡានដឹកឈើនោះ ប៉ុន្តែខ្ញុំបានប្រាប់ទៅពួកគេថា ខ្ញុំគ្មានតួនាទីអីហាមឃាត់អ្នកឯងទេ ចង់ដឹក ចង់ចេញ ជារឿងរបស់អ្នកឯង ខណៈខ្ញុំជាកម្លាំងសហការ ដើម្បីបង្ក្រាប ដូច្នេះគួរតែខាងលោកឯងសុំទៅជំនាញទៅ បើគេអនុញ្ញាតជារឿងរបស់គេ ។
លោក សាន្ត គឹមអឿន បន្តថា ខ្ញុំមានតែភារកិច្ចចូលរួមសហការបង្ក្រាបឲ្យតែជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធត្រូវការ ដូច្នេះឡានឈើអ្នកឯងទៅណាមកណា ជារឿងរបស់អ្នកចុះ ។ប៉ុន្តែអាចទទួលយកបានបានបញ្ជាក់ថា ក្នុងយប់នេះ ក្រុមឧកញ៉ាទាំង៣រូបខាងលើសុខចិត្តចំណាយប្រាក់ខាត ដើម្បីយករថយន្តយីឌុបទាំងនោះទៅដឹកឈើជន្លង់ម្រេច ហើយទុកឱកាសឲ្យក្រុមអ្នកសារព័ត៌មាន សមត្ថកិច្ច អាជ្ញាធរជំនាញ តាមផ្តិតរូបភាព និងពិនិត្យជាក់ស្តែងចុះ ថាតើពួកគេដឹកឈើល្មើសច្បាប់ ឬដឹកជន្លង់ម្រេចដើម្បីតម្រូវការក្នុងស្រុក? បើករណីនេះ ត្រូវបានគេឃើញគ្រប់គ្នាហើយថា ជាឈើជន្លង់ម្រេច បន្ទាប់មកនឹងមានវិធានការដឹកឈើល្មើសច្បាប់នោះតែម្តង ខណៈឈើជាច្រើនត្រូវបានឧកញ៉ាទាំង៣រូបនេះកំពុងប្រមូលទិញពីការកាប់បំផ្លាញនៅ តំបន់អភិរក្សភ្នំព្រេច ។
ក្នុងនោះអាចនិយាយបានថា ការគ្រប់គ្រងរបស់អាជ្ញាធរខេត្ត ក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្តហាក់ធូរលុង ខ្វះការទទួលខុសត្រូវ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ នេះ អង្គភាពយើងមិនអាចទាក់ទងបានទេពីលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ថា តើឧកញ៉ាសឹង សំអុល, ឧកញ៉ាតុប វីដា និងឧកញ៉ាប៉ោ សំអឿន មានច្បាប់ដឹកជញ្ជូនឈើឆ្លងទៅប្រទេសវៀតណាម និងមានសិទ្ធិកាប់ប្រមូលទិញឈើនៅតំបន់អភិរក្សភ្នំព្រេច ឬមួយយ៉ាងណា? ពីព្រោះអី ក្រុមហ៊ុនម៉ាស្ទឺរខេសាន់ របស់ឧកញ៉ាសឹង សំអុល ក៏ដូចជាក្រុមហ៊ុនយូនីគ្រីន របស់ឧកញ៉ាតុប វីដា គ្មានព្រៃឈើ គ្មានឈើនៅក្នុងឃ្លាំង មានតែរណាយន្ត ដែលទើបនឹងដំឡើងថ្មីៗ ទុកសម្រាប់អារច្រៀកឈើ ដែលគេសង្ស័យថា ឈើទាំងនោះ ត្រូវអូសចេញពីតំបន់អភិរក្សភ្នំព្រេចតែប៉ុណ្ណោះ ។
ក្រុមមន្ត្រីមាត់ដាច់នៅសាលាខេត្តមណ្ឌលគិរីបាននិយាយដោយចំអកថា បទល្មើសនេះ ស្រួលទប់ស្កាត់ ប៉ុន្តែពិបាកត្រង់ថា អ្នកមានតួនាទីបង្ក្រាប មិនដេកលក់ ប្រឹងធ្វើដេកលក់ ចរិកកន្ទេលធំបន្លំដេក ក្នុងនោះឲ្យតែគណៈបញ្ជាការឯកភាពខេត្តរិតបន្តឹង និងឲ្យកងកម្លាំងប្រដាប់អាវុធទទួលខុសត្រូវ ជំនាញមានវិធានការពិនិត្យផ្លូវច្បាប់ ហើយឲ្យអាជ្ញាធរនៅទីតាំងណាមួយ ដែលមានបទល្មើសត្រូវទទួលខុសត្រូវ គឺបទល្មើសកាប់បំផ្លាញព្រៃឈើ ដឹកជញ្ជូនឈើ ពិតជាមិនអាចឈ្មួញទាំងនោះថ្លើមពាស់មេឃ ហ៊ានដឹកឈើឆ្លងកាត់ក្នុងខេត្តមួយនេះឡើយ ។ ហេតុអីបានជាត្រូវនិយាយបែបនេះ ពីព្រោះថា ការដឹកជញ្ជូនឈើ មិនមែនជាការហោះឆ្លងកាត់នៅឯលើមេឃនោះទេ គឺសកម្មភាពរបស់ពួកគេមានជាក់ស្តែងតាំងពីរសកម្មភាពអារផ្តួលរំលំក្នុងព្រៃ សកម្មភាពយករថយន្តបាកុង និងរថយន្តស្តូចទៅអូស ចូលតាមក្រុមហ៊ុន ច្រៀកអារជាឡាំង និងលើកដាក់ឡានចេញទៅតាមគោលដៅរបស់ពួកគេនិមួយៗដើម្បីឆ្លងទៅប្រទេសវៀតណាម ដូច្នេះរឿងអីដែលពិបាកបង្ក្រាប ឬមើលមិនឃើញ ។ ចំណុចនេះហើយ ដែលគេដាក់ភាពសង្ស័យថា បទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរីអាចលួចដំណើរការបានម្តងម្កាល សុទ្ធតែជាអំពើពុករលួយ កើតឡើងជាលក្ខណៈប្រព័ន្ធរវាងសមត្ថកិច្ចអាជ្ញាធរជំនាញជាច្រើនស្ថាប័ន ដែលមានតួនាទីបង្ក្រាប បានឃុបឃិតគ្នាជាមួយឈ្មួញ ។
ប្រភពពីប្រទេសវៀតណាម ដែលអាចជឿទុកចិត្តបានធ្លោយឲ្យដឹងថា បន្ទាប់ពីឧកញ៉ាសឹង សំអុល ចាប់ដៃគ្នាជាមួយឧកញ៉ាប៉ោ សំអឿន ឧកញ៉ាតុប វីដា រួមគ្នាជាក្រុមតែមួយក្នុងការដឹកជញ្ជូនឈើនៅខេត្តមណ្ឌលគិរីនេះ គេបានឃើញវត្តមានឧកញ៉ាតុប វីដា បានទៅទំនាក់ទំនងជាមួយថៅកែឈើវៀតណាម និងបានយកប្រាក់មករត់ការស្ទើរគ្រប់សមត្ថកិច្ច និងអាជ្ញាធរទៅហើយ ប៉ុន្តែមិនដឹងជាយ៉ាងម៉េច ស្រាប់តែយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ រថយន្តយីឌុបចំនួន៦គ្រឿង បានដឹកឈើចេញពីចំណុចព្រៃខ្មោច ជិតក្រុមហ៊ុន៩៥ក្នុងដីចម្ងាយប្រហែល១០គីឡូម៉ែត្រ ដឹកចេញមកដល់ស្រុកពេជ្រាដា បម្រុងឆ្លងទៅប្រទេសវៀតណាម បានក្លាយទៅជារឿងបែកការ ៕