(កែប)៖ នៅព្រឹកថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១៨ នេះ រដ្ឋបាលខេត្តកែប បានធ្វើកិច្ចជំនួបពិភាក្សាការងារ ដើម្បីបង្កើតការទំនាក់ទំនងជាបង ប្អូនរវាងទីក្រុងលីនឆាង នៃខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន និងខេត្តកែប នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងគណៈប្រតិភូមកពីទីក្រុងលីនឆាង ព្រមទាំងថ្នាក់ដឹកនាំនៃមន្ទីរស្ថាប័នជំនាញគ្រប់អង្គភាពទូទាំងខេត្តកែបផងដែរ។
ជាកិច្ចស្វាគមន៍ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានឲ្យដឹងថា បច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងខេត្តកែប ត្រូវបានស្តារនិងអភិវឌ្ឍមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ដូចជាសាលារៀន មន្ទីរពេទ្យ វត្តអារាម និងផ្លូវថ្នល់ជាដើម។លោកអភិបាលខេត្តបានបញ្ជាក់ពីសក្តានុពលរបស់ខេត្តកែប ដែលជាខេត្តមានអទិភាពលើវិស័យទេសចរណ៍ មានមាត់ឆ្នេរស្រស់ស្អាត តាមបែបធម្មជាតិប្រកបដោយភាពទាក់ទាញ ដោយបានជំរុញដល់ក្រុមអ្នកទេសចរណ៍ចូលមកលម្ហែ សម្រាក កម្សាន្តនៅខេត្តកែបកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
លើសពីនេះខេត្តកែប ត្រូវបានអ្នកទេសចរណ៍ខាត់ទុកជាទីលម្ហែប្រកបដោយភាពទាក់ទាញ មានខ្យល់បរិសុទ្ធល្អ មានអំណោយផលស្តែងចេញពីធម្មជាតិពិតៗ និងធានាបានសុវត្ថិភាពក្នុងការស្នាក់នៅជូនដល់ភ្ញៀវទេសចរណ៍គ្រប់រដូវកាល
ក្នុងកិច្ចជំនួបពិភាក្សាក៏បានផ្តោតទៅលើអនុស្សារណៈយោគយល់ ដើម្បីបង្កើតទំនាក់ទំនងជាបងប្អូនរវាងទីក្រុងលីនឆាង នៃខេត្តយូណានសាធារណរដ្ឋប្រជាមានិតចិន និងខេត្តកែប នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការពង្រឹងបន្ថែមទៀតនូវការទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបតិ្តការរវាងទីក្រុងទាំងពីរនិងការយោគយល់គ្នាទៅវិញទៅមក និងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃក្រុងទាំងពីរ តាមរយៈការពិភាក្សាក្នុងលក្ខណៈមិត្តភាពជាបងប្អូន បានស្ថិតស្ថេរចីរកាល។
ជាមួយគ្នានេះ ភាគីទាំងពីរបានយល់ព្រមព្រៀងចុះហត្ថលេខា លើអនុស្សារណៈយោគយល់ស្តីពីការបង្កើតទំនាក់ទំនងជាបងប្អូនដោយបានឯកភាពគ្នា ឈរលើមូលដ្ឋានសមភាព ផលប្រយោជន៍រួមនិងការទុកចិត្តគ្នាទៅវិញទៅមក។រក្សាទំនាក់ទំនងជាអចិន្ត្រៃយ៍រវាងថ្នាក់ដឹកនាំ និងមន្ទីរអង្គភាពពាក់ព័ន្ធ នៃភាគីទាំងពីរដើម្បីសម្រួលពិគ្រោះយោបល់ស្តីពីការផ្លាស់ប្តូរនិងសហប្រតិបតិ្តការក៏ដូចជាបញ្ហាកង្វល់រួម ។ អនុស្សារណៈមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ និងមានសុពលភាពរយៈពេល៥ឆ្នាំ។
អនុស្សារណៈនេះមានចំនួន៣ច្បាប់ ជាភាសាខ្មែរ ភាសាចិន និងភាសាអង់គ្លេស ដោយអត្ថបទនិមួយៗមានខ្លឹមសារដូចគ្នាផងដែរ៕