កំពត ៖ នៅព្រឹកថ្ងៃទី០១ ខែ កក្កដា ឆ្នាំ ២០១៨ លោក ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត និងជាអភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ចំនួនពីរ គឺស្រុកកំពង់ត្រាច និងស្រុកបន្ទាយមាស ដែលមានចំនួនសរុប ១៥៨៣នាក់។ ជាមួយគ្នានេះដែរ លោកជាវ តាយ ប្រធានគណបក្សខេត្តបានបញ្ជាក់ថា វិស័យអប់ជាវិស័យអាទិភាពក្នុងការចូលរួមចំណែកដ៏សំខាន់សម្រាប់អភិវឌ្ឍប្រទេសជាតិក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ។
ក្នុងឱកាសដ៏ថ្លៃថ្លានៃពិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៅទីស្នាក់ការគណបក្សស្រុកកំព់ង់ត្រាចនាឱកាសនេះ ប្រធានគណបក្សប្រជាជនខេត្តកំពតបានប្រកាសសាងសង់ផ្លូវបេតុងមួយខ្សែតភ្ជាប់ពីផ្លូវជាតិលេខ៣៣ ទៅកាន់តំបន់ទេសចរណ៍ភ្នំកំពង់ត្រាច ដែលមានប្រវែង១៧០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតនៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត និងឃុំដំណាក់កន្ទួត ឃុំដំណាក់ខាងត្បូង សម្រាប់ទុកជូនជាចំណងដៃដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកកំពង់ត្រាចយើង។
ជាមួយនូវសមិទ្ធិផលដ៏ថ្លៃថ្លានេះ លោកគ្រូ អ្នកគ្រូ ពិសេសប្រជាពលរដ្ឋក្នុងស្រុកកំពង់ត្រាចទាំងមូល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអភិបាលខេត្តកំពត ដែលបានជួយសម្រួលនិងដោះស្រាយតាមសំណូមពររបស់បងប្អូនបានទាន់ពេលវេលា ។
ជាមួយនេះប្រជាពលរដ្ឋបានប្តេជ្ញាចិត្តនឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែ កក្កដា ២០១៨នេះ ដើម្បីឲ្យសម្តេចតេជោធ្វើជានាយករដ្ឋមន្ត្រីនិងបន្តដឹកនាំប្រទេសជាតិជាបន្តទៀត៕