Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

សហគ្រាស​ផលិត​ទឹកស្អាត​ស្រុក​កំពង់ត្រាច​រង​ការរិះគន់​ពី​អតិថិជន​ពី​បញ្ហា​អនាម័យ

​កំពត ៖ អតិថិជន​ដែល​កំពុង​ប្រើប្រាស់​បណ្តាញ​ទឹកស្អាត​ក្នុង​ស្រុក​កំពង់ត្រាច បាន​និង​កំពុង​នាំ​គ្នា​រិះគន់ថា ទីតាំង​ស្តុក​ទឹក​សម្រាប់​ផ្តល់​ទឹក​ប្រើប្រាស់​ដល់​អតិថិជន ហាក់​មាន​ភាព​ក្រ​ខ្វក់​គ្មាន​អនាម័យ ថែមទាំង​មាន​សភាព​ល្អក់កករ មិនគួរណា​យក​ទៅ​ប្រើប្រាស់​ឡើយ ហើយ​ទីតាំង​ស្តុក​ទឹក​មើល​ទៅ​ដូច​ជា​មិន​ទំនង​ព្រោះ​គ្មាន​បុគ្គលិក​ណា​ថែរក្សា​ឲ្យបាន​ហ្មត់ចត់​នោះឡើយ​។​មិនតែប៉ុណ្ណោះ​អាង​ស្តុក​ទឹក​ប្រើប្រាស់​នេះ​ត្រូវបាន​ម្ចាស់​អាជីវកម្ម​លួច​បង្ហូរទឹក​ពី​ស្រែ​និង​ពី​កន្លែង​ក្រ​ខ្វក់​ដាក់បញ្ចូល សម្រាប់​យក​ទឹក​ផ្គត់ផ្គង់​ដល់​អតិថិជន ខណៈ​ខ្វះ​ទឹក​ចែកចាយ​ម្តងៗ​។​

​គេ​បាន​រិះគន់​ទៀតថា អាង​ស្តុក​ទឹក​របស់​សហគ្រាស​នេះ មិន​សម​ដាក់​ឈ្មោះ​ជា​សហគ្រាស​ផលិត​ទឹកស្អាត​នោះទេ បើ​ដាក់ថា​ជា​កន្លែង​ផលិត​ទឹក​ក្រ​ខ្វក់​ទើប​ល្អ​ជាង​។

​មជ្ឈដ្ឋាន​ដដែល​បាន​រិះគន់​ទៀតថា សហគ្រាស​ផលិត​ទឹក​ខាងលើ​ក្រៅពី​កង្វះ​អនាម័យ​និង​គ្មាន​បទដ្ឋាន​បច្ចេកទេស ក៏​បាន​ធ្វើឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​ទឹក​ក្តៅក្រហាយ ខណៈ​សហគ្រាស​ផលិត​ទឹកស្អាត​នេះ ពេល​ផ្លាស់ប្តូរ​អ្នកគ្រប់គ្រង គ្មាន​ជូនដំណឹង​ជាមុន ហើយ​ករណី​កាត់ផ្តាច់ បណ្តាញ​ទឹក​បណ្តោះអាសន្ន​ដើម្បី​ពិន័យ​ក៏​មិន​បាន​ធ្វើការ​ជូនដំណឹង​ដល់​អតិថិជន​ដែរ លុះ​ពេល​ដល់កំណត់​ត្រឹម​១​ខែស្រាប់​តែ​បញ្ជា​ឲ្យ​បុគ្គលិក​មក​កាត់ផ្តាច់​តាមតែ​អំពើ​ចិត្ត​។​

​អតិថិជន​បានឲ្យដឹង​ទៀត​ថា កាល​អ្នកគ្រប់គ្រង​មុន​ទឹក​មាន​សភាព​ធម្មតា ហើយ​បាន​កំណត់​ឲ្យ​អតិថិជនប​ង់​ប្រាក់​តាម​វិក្កយបត្រ​ចាប់ពី​១​ខែ​រហូត​ដល់​៣​ខែ​ក៏​បាន បើ​លើស​ពីនេះ ទើប​ត្រូវ​កាត់ផ្តាច់​ទឹក​ពី​បណ្តាញ​មិនឲ្យ​ប្រើប្រាស់ ។ ប៉ុន្តែ​ចាប់តាំងពី​មាន​ការផ្លាស់ប្តូរ​អ្នកគ្រប់គ្រង​ថ្មី​មក បែរជា​បាន​កំណត់​រយៈពេល​បង់​ប្រាក់រាល់​មួយ​ខែម្តង ហើយក៏​មិន​បាន​ជូនដំណឹង​ជាមុន​ដែរ ដោយ​គ្រាន់តែ​សរសេរ​អក្សរ​ពី​បន្ទាត់​ដាក់​កំណត់​ក្នុង​វិក្កយបត្រ​ប៉ុណ្ណោះ បើ​ហួសពេល​កំណត់​បុគ្គលិក​របស់​សហគ្រាស​ទឹកស្អាត​ដើរ​ផ្តាច់​មិនឲ្យ​ប្រើប្រាស់​ទៀត​ទេ លុះត្រាតែ​ពលរដ្ឋ​ទៅ​បង់លុយ និង​ពិន័យ​ជា​ប្រាក់​១០.០០០​រៀល​ទើប​ភ្ជាប់​បណ្តាញ​ឲ្យប្រើ​ប្រាស់​វិញ​។​ចំពោះ​ទង្វើ​បែប​នេះ​ហាក់​មាន​ចេតនា​ចង់​ធ្វើ​បាប​អ្នកប្រើប្រាស់​បណ្រាញ​ទឹកស្អាត ដែល​កន្លងមក​គេ​ធ្លាប់​តែ​គិតថា​២​ឬ​៣​ខែ​ចាំ​បង់​ប្រាក់​ក៏​បាន​ដែរ ។ បន្ទាប់​ពី​មាន​ការផ្តាច់​បណ្តាញ​ទឹក​បែបនេះ អតិថិជន​ខ្លះ​ត្រូវ​ជួប​បញ្ហា​លំបាក​ព្រោះតែ​គ្មាន​ទឹក​សម្រាប់​ប្រើប្រាស់​នៅតាម​លំនៅឋាន និង​បើក​អាជីវកម្ម​ផ្សេងៗ​។​

​អតិថិជន​បាន​រិះគន់​ទៀតថា អ្នកគ្រប់គ្រង​សហគ្រាស​ផលិត​ទឹកស្អាត​កំពង់ត្រាច​ថ្មី មុន​នឹង​សម្រេច​កាត់ផ្តាច់​បណ្តាញ​ប្រើប្រាស់​របស់​អតិថិជន​ណា​ម្នាក់  គួរតែ​ជូនដំណឹង​ជា​មុន​យ៉ាង​ហោច​ណាស់​ក៏​បាន​រយៈពេល​១​ខែ​ឬ​២​ខែ​ដែរ ដើម្បី​ឲ្យ​អតិថិជន​យល់​ជ្រួតជ្រាប​ពី​ការប្តូរ​ថៅកែ​។​ម្យ៉ាងទៀត​ការជូនដំណឹង​តាមរយៈ​វិក្កយបត្រ​បង់ប្រាក់​ដោយ​ស​រ​សេរ​អក្សរ​តូចៗ​ស្ទើ​មើល​មិន​យល់​បែបនេះ នឹង​ធ្វើឲ្យ​អ្នក​ប្រើប្រាស់​បណ្តាញ​ទឹកស្អាត​ភាន់​ច្រឡំ ហើយក៏​មិន​ដឹង​មាន​ការកែប្រែ​ច្បាប់​ទម្លាប់​យ៉ាង​ដូច្នោះ​ដែរ​។​

​ជាមួយគ្នានេះ អ្នកប្រើប្រាស់​បណ្តាញ​ទឹក​ស្អាត​ក្នុង​ស្រុក​កំពង់ត្រាច​ទាំងអស់ សំណូមពរ​ដល់​អ្នកគ្រប់គ្រង​ថ្មី មេត្តា​យោគយល់​ដល់​អតិថិជន​ផង ព្រោះ​ពលរដ្ឋ​ភាគច្រើន​មិន​ទាន់​ដឹងថា មាន​ការកែប្រែ​ច្បាប់​ទម្លាប់​ដ៏​តក់ក្រហល់​បែប​នេះ​ឡើយ​។ ជាមួយគ្នា​នេះ​ខាង​ការិយាល័យ ឧស្សាហកម្ម និង​សិប្បកម្ម គួរ​ចុះទៅ​ត្រួតពិនិត្យ​មើល​ទីតាំង សហគ្រាស​ទឹក​ក្រ​ខ្វក់​នេះ​ម្តង​មើល៎ តើ​ក្រុមហ៊ុន​នេះ ផលិត​ទឹក​តាម​ទម្រង់​ស្តង់ដា​បច្ចេកទេស​ដែរឬទេ​?​បើ​បណ្តែតបណ្តោយ​បែបនេះ អ្នកប្រើប្រាស់​បណ្តាញ​ទឹក​នៅ​ក្នុង​តំបន់​ពិតជា​ជួប​នឹង​ហានិភ័យ​យ៉ាងធ្ងន់ធ្ងរ ពិសេស​ធ្វើឲ្យ​ខូច​សុខភាពដ​ល់​ពលរដ្ឋ​ទូទាំង​ស្រុក​កំពង់ត្រាច​។​

​ទាក់ទិន​នឹង​បញ្ហា​ដូច​ខាងលើ លោក អ៊ុយ ចិន្តា អ្នកគ្រប់គ្រង​ថ្មី នៃ​សហគ្រាស​ទឹកស្អាត​កំពង់ត្រាច បាន​ប្រាប់ កម្ពុជា​ថ្មី នៅ​ព្រឹក​ថ្ងៃទី​២៧​ខែមិថុនា ឆ្នាំ​២០១៨​នេះ​ថា ករណី​ដែល​ធ្វើឲ្យ​ទឹក​មាន​ពណ៌​ក្រហម​នេះ មក​ពី​លោក​បាន​កែរ​ទម្រង់​ដោយ​ប្រើប្រាស់​សារធាតុ​ថ្មី  ដើម្បី​ធ្វើ​ការពិសោធន៍ ដោយ​មិន​បាន​ប្រើ​សារ​ធាតិគីមី​នោះទេ ទើប​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ធ្វើឲ្យ​ទឹកប្រែ​ជាល្អ​ក់​និង​មាន​ពណ៌​ក្រហម​ខុសពី​ប្រក្រតី​បែប​នេះ​។​លោក​បាប​បញ្ជាក់ទៀតថា ចំពោះ​ការពិន័យ​នៅពេល​អតិថិជន​មិន​បាន​បង់ប្រាក់​តាម​វិក្កយបត្រ​រាល់​មួយ​ខែ​ម្តងនោះ គឺ​លោក​បាន​អនុវត្ត​រយៈពេល​ជាង​២​ខែ​មក​ហើយ ចាប់តាំងពី​លោក​បាន​ចូល​មក​គ្រប់គ្រង​សហគ្រាស​ទឹកស្អាត​នេះ​ម្លេះ​។​

​ដោយឡែក​លោក ចាន់ ថូ ប្រធានការិយាល័យ​ឧស្សាហកម្ម និង​សិប្បកម្ម​ស្រុក​កំពង់ត្រាច បាន​ប្រាប់​កម្ពុជា​ថ្មី តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ដដែល​ថា រឿងរ៉ាវ​ខាងលើនេះ ចាំ​ឲ្យ​ខាង​មន្ត្រី​របស់​លោក​ក​ចុះ​ទៅ​ត្រួតពិនិត្យ​មើល ព្រោះ​ខណៈ​នេះ​លោក​ជាប់រវល់​ទៅ​ប្រជុំ​នៅ​រាជធានី​ភ្នំពេញ​។​

​ចំណែក ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​កំពត លោក គឹម ជឿន កម្ពុជា​ថ្មី មិនអាច​សុំ​ការពន្យល់​បាន​ទេ​ដោយសារ​ទូរស័ព្ទ​របស់​លោក​ស្ថិតក្នុង​តំបន់​ក្រៅ​សេវា​៕

r180627b8 r180627b10 r180627b11 r180627b12 r180627b1

Filed in: កំពង់ត្រាច, ជីវិត & សុខភាព, ព័ត៌មាន​ខ្សឹបខ្សៀវ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី