កំពត ៖ លោកហ៊ុន ម៉ាណែត បានអំពាវនាវដល់លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី២៩ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ទាំងអស់គ្នា ដើម្បីជាកាតព្វកិច្ចជាពលរដ្ឋក្នុងការជ្រើសរើសអ្នកដឹកនាំប្រទេស ដែលនិយាយពិត អនុវត្តពិត ដោយការទទួលខុសត្រូវ ជាមួយប្រជាពលរដ្ឋ។
ការលើកឡើងបែបនេះ ក្នុងឱកាសដែលលោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តអង្គស្វាយ ស្ថិតក្នុងភូមិអង្គស្វាយ ឃុំមានជ័យ ស្រុកឈូកខេត្តកំពត កាលពីព្រឹកថ្ងៃច័ន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២១ខែឧសភា ឆ្នាំ២៩១៨នេះ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានលើកឡើងទៀតថា យើងទាំងអស់គ្នា ត្រូវតែចូលរួមថែរក្សានូវសុខ សន្តិភាពឱ្យបានគង់វង្ស និងប្រឆាំងដាច់ខាតនូវចលនាណាមួយដែលប៉ុនប៉ងផ្តួលរំលំនិងមានបំណងបំផ្លាញសុខ សន្តិភាពនៅក្នុងប្រទេសកម្ពុជា ។ លោកហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នោះថា សន្តិភាពគឺបានមកពីការខិតខំដោយលំបាក ព្រមទាំងការលះបង់សាច់ស្រស់ ឈាមស្រស់ និងអាយុជីវិតរបស់វីរៈជនស្នេហាជាតិនៃយើង ហើយត្រូវចូលរួម គាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងជាប្រមុខដឹកនាំប្រទេសជាតិបន្តទៀត។
សូមបញ្ជាក់ថា៖ បើយោងតាមរបាយការណ៍របស់ លោកខៀវ រិទ្ធិភ័ណ្ឌ អភិបាល នៃគណៈអភិបាលស្រុកឈូក បានឱ្យដឹងថា សមិទ្ធផលនានាដែលត្រូវសម្ពោធនាពេលនេះ រួមមាន៖ អគារសាលាធម្មសភា១ខ្នង បំពាក់ដោយគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលជាជំនួយរបស់សប្បុរសជនជិតឆ្ងាយ ហើយសមិទ្ធផលខាងលើនេះ បានកសាងដោយចំណាយថវិកាអស់ប្រមាណ១០ម៉ឺនដុល្លារអាមេរិកឯណោះ។
ជាមួយគ្នានេះ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ក៏បានចាត់ទុកសមិទ្ធផលនានាក្នុងវត្តអង្គស្វាយ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត ជាសមិទ្ធផលដ៏ថ្មីសន្លាងមួយទៀតក្នុងចំណោមសមិទ្ធផលជាច្រើន សម្រាប់ទុកជាចំណងដៃដល់លោកយាយ លោកតា និងពុទ្ធបរិស័ទ ពិសេសសម្រាប់ប្រជាពលរដ្ឋក្នុងស្រុកឈូក របស់យើង។ដូច្នេះលោកសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋក្នុងតំបន់ទាំងអស់ សូមចូលរួមថែរក្សានូវសមិទ្ធផលទាំងនេះ ឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែងដើម្បីបន្តទៅកូនចៅជំនាន់ក្រោយទៀត៕