កែប ៖ នៅរសៀលថ្ងៃសុក្រ ៦ កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព ស ២៥៦១ ត្រូវនឹងថ្ងៃទី ២០ខែមេសា ឆ្នាំ ២០១៨នេះ រដ្ឋបាលខេត្តកែប បានបើកកិច្ចប្រជុំគណៈអភិបាលខេត្តបើកទូលាយ ក្រោមអធិបតីភាព លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប។
កម្មវិធីនេះក៏មានការចូលរួមពីសំណាក់លោក លោកស្រី ជាអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក និងលោក លោកស្រីនាយកទីចាត់ការសាលាខេត្តបានចូលរួមផងដែរ។
យោងតាមរបាយការណ៍ របស់លោក ព្រំ គន្ធិ នាយករដ្ឋបាលសាលាខេត្តកែប បានឱ្យដឹងថា ដោយខេត្តយើងមានវិសាលភាពលើផ្នែកបរិស្ថានប្រកបដោយធម្មជាតិនោះ ទើបធ្វើឱ្យការងារទេសចរណ៍ក្នុងខេត្តមានកំណើនភ្ញៀវទេសចរជាលំដាប់។លោកបានបញ្ជាក់ថា ក្នុងរយៈពេលនេះចំនួនភ្ញៀវទេសចរសរុបចំនួន៤៤៧.២៧៤នាក់ នេះបើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ កើនឡើង១,៥០%។ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៤២៦.៨៤៥នាក់ និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ២០.៤២៦នាក់។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោក កែន សត្ថា អភិបាលខេត្តកែប ក៏បានលើកឡើងដោយកោតសរសើរចំពោះការយកចិត្តទុកដាក់របស់បណ្តាមន្ទីរ អង្គភាព ចំណុះសាលាខេត្តនិងជុំវិញខេត្តទាំងអស់ដែលជានិច្ចកាលតែងតែទទួលខុសត្រូវខ្ពស់ចំពោះតួនាទី ភារកិច្ចរៀងៗខ្លួន ដោយទទួលបានលទ្ធផលល្អប្រសើរ ឆ្លើយតបទៅនឹងកម្មវិធីនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នសាមីុរបស់ខ្លួនឱ្យអនុវត្តកន្លងមក។
លោកអភិបាលខេត្តក៏បានក្រើនរម្លឹកនិងសំណូមពរ ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាដោះស្រាយ ធ្វើយ៉ាងណាឱ្យដំណើរការអភិវឌ្ឍខេត្តកែប ដែលជាខេត្តមានសក្តានុពលខ្លាំងលើវិស័យទេសចរណ៍ ឱ្យកាន់តែមានភាពស្រស់បំព្រងថែមទៀត សម្រាប់ឆ្លើយតបនឹងតម្រូវការ ក៏ដូចជាជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យបានកាន់តែធូរធារមួយកម្រិតថែមទៀត៕