ខេត្តកំពត: នារសៀលថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តមឧកញ៉ា គង់ ក្រឹង និងលោកជំទាវ ម៉ាន សារ៉ស់ ចូលរួមក្នុងពិធីបិទការសូត្រលើកទី២៧ និងប្រឡងចាំមាត់លើកទី១ គម្ពីរអាល់គួរអានុលការីម ថ្នាក់ជាតិ ឆ្នាំ២០១៨ នៅវិហារឥស្លាមភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ។
ជាមួយគ្នានេះដែរ ក្នុងពិធីបិទការសូត្រលើកទី២៧ និងប្រឡងចាំមាត់លើកទី១ គម្ពីរអាល់គួរអានុលការីម ថ្នាក់ជាតិ ឆ្នាំ២០១៨ មានវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន អញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងអង្គពិធីទាំងមូល។
ឯកឧត្តមឧកញ៉ា គង់ ក្រឹង និងលោកជំទាវ ម៉ាន សារ៉ស់ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១០.០០០.០០០៛ (ដប់លានរៀល) ជូនមូលនិធិគម្ពីរអាល់គួរអាន និងឧបត្ថម្ភថវិកាចំនួន ១០.០០០.០០០៛ (ដប់លានរៀល) បន្ថែមទៀតសម្រាប់អង្គពិធីការសូត្រលើកទី២៧ និងប្រឡងចាំមាត់លើកទី១ គម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិ ឆ្នាំ២០១៨។
គួររំលឹកផងដែរថា ឯកឧត្តមឧកញ៉ា គង់ ក្រឹង និងលោកជំទាវ ម៉ាន សារ៉ស់ ត្រូវបានប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេសប្រជាពលរដ្ឋក្នុងស្រុកស្នួលក៏ដូចជាទូទាំងខេត្តក្រចេះបានប្រសិទ្ធនាមថា “ឧកញ៉ាចិត្តធម៌ មានសីលធម៌ និងមេត្តាធម៌” ចំពោះប្រជាពលរដ្ឋក្រីក្រ និងទុគ្គតជនជាដើម។ ជាមួយគ្នានេះដែរ សមិទ្ធិផលនានាជាច្រើនត្រូវបានកកើតឡើងជាបន្តបន្ទាប់ក្រោមការផ្តួចផ្តើមកសាងដោយថវិកាផ្ទាល់ខ្លួនរបស់ ឯកឧត្តមឧកញ៉ា គង់ ក្រឹង និងលោកជំទាវ ម៉ាន សារ៉ស់។ រួមមាន÷ វត្តអារាម វិហារឥស្លាម ផ្លូវថ្នល់ សាលារៀន អណ្តូងទឹក បង្គន់អនាម័យ …។ល។
សូមបញ្ជាក់ថា “គួរអាន” គឺជាគម្ពីរ និងជាច្បាប់កំពូលរបស់ឥស្លាម។ សាសនិកឥស្លាមទូទៅយកគម្ពីរគួរអានមកអនុវត្តតាមគោលជំនឿ និងប្រតិបត្តិតាមដែលជាសាររបស់ព្រះអល់ឡោះជាម្ចាស់ផ្តល់មកតាមរយៈព្យាការី មូហាំម៉ាត់។ អ្នកដែលសូត្រគួរអានទទួលបានប៉ះឡា (បុណ្យ) ពីព្រះអល់ឡោះជាម្ចាស់យ៉ាងច្រើន ៕