ព្រៃវែង ៖ មេឈ្មួញម្នាក់ដែលមានរមង្យាជាឧកញ្ញាកំពង់តែបង្កើននាំសត្វគោក្របីរាប់ម៉ឺនក្បាលក្នុង១ខែៗមានទាំងកូននិងមេត្រូវបានក្រុមហ៊ុនរបស់លោកឧកញ្ញាម្នាក់នាំចេញទៅលក់នៅប្រទេសវៀតណាមលើសលិខិតអនុញ្ញាតច្រើនទ្វេរដង ។
ប្រភពបានឲ្យដឹងថា ការនាំចេញសត្វពាហនៈនេះត្រូវបានក្រុមហ៊ុន”អង្គរសុខសារិទ្ធមានជ័យ” ដែលមានលោក ឧកញ្ញា ជឹម សុខ ជាប្រធាន ទទួលសិទ្ធផ្ដាច់មុខ ពីរដ្ឋាភិបាល ក្នុងការនាំចេញសត្វគោក្របីដែលអស់ពលកម្មទៅលក់នៅប្រទេស”ថៃឬវៀតណាម”។
ជាមួយគ្នានោះ ប្រភពបានបញ្ជាក់ថារាល់ការនាំចេញសត្វពាហនៈរបស់ក្រុមហ៊ុនមួយនេះគឺលើស កំណត់ចាប់ពី៧០ទៅ៨០ភាគរយនៃច្បាប់។ ដែលអាចធ្វើឲ្យក្រុមហ៊ុនចំណេញក្នុងមួយថ្ងៃចាប់ពី៤០លានរៀលដល់៥០លានរៀលសម្រាប់ឆ្នាំមុនៗ។ ហើយបច្ចុប្បន្នការរកស៊ីមិនសូវចំណេញដូចមុនទេ ខណៈមួយថ្ងៃ “ក្រុមហ៊ុន” អាចរកប្រាក់ចំណេញបាន តែ៨លានរៀលដល់១២លានរៀលប៉ុណ្ណោះ ។ ហើយ “ក្រុមហ៊ុនអង្គរសុខសារិទ្ធមានជ័យ” នេះ មានអ្នកចូលភាគហ៊ុនដល់ទៅ៤នាក់។ហើយរាល់ការចំណេញគេត្រូវបែងចែកជា៤ភាគហ៊ុនក្នុងនោះលោក ឧកញ៉ា ជឹម សុខ មានភាគហ៊ុនច្រើនជាងគេដល់ទៅ៤០ភាគរយ។
ប្រភពបានទៀតថា ក្រុមហ៊ុន”អង្គរសុខសារិទ្ធមានជ័យ”បាននាំសត្វគោក្របីតូចៗនិងធំក្នុងវ័យពលកម្មយកទៅលក់ឲ្យវៀតណាមតាមច្រកតំបន់ស្វាយអាង៉ោងស្រុកកំពង់ត្របែកខេត្តព្រៃវែងជាប្រចាំ។ទង្វើបែបនេះគឺផ្ទុយពីគោលការច្បាប់ដែលតម្រូវឲ្យមានការនាំចេញសត្វគោក្របីណាដែលចាស់ជរាអស់កំលាំងពលកម្មអូសទាញប៉ុណ្ណោះ។សព្វថ្ងៃក្រុមហ៊ុនមួយនេះបានទទួលការនាំចេញសត្វគោក្របីទៅប្រទេសជិតខាងក្នុងមួយ”ឆមាស” រយៈពេល៤ខែចំនួន៥០០០ក្បាល។
ដោយនាំចេញតាមច្រកទ្វារផ្សេងៗក្នុងខេត្តមួយចំនួនទៀតនៃប្រទេសកម្ពុជាទៅកាន់ប្រទេសថៃនិងវៀតណាម។ក្នុងនោះសម្រាប់ច្រកស្វាយអាង៉ោងគេបានបែងចែកឲ្យក្រុមហ៊ុនខាងលើនាំចេញសត្វគោក្របីក្នុង១ខែចំនួនតែ៥០០ក្បាលទៅ៧០០ក្បាលប៉ុណ្ណោះ សម្រាប់គោក្របីណាដែលអស់ពលកម្ម ។ តែផ្ទុយទៅវិញ ភាគីខាងក្រុមហ៊ុន”អង្គរសុខសារិទ្ធមានជ័យ” បានបំពានច្បាប់ដោយនាំចេញកូនគោក្របីទាំងតូចទាំងធំតាមច្រកស្វាយអាង៉ោងក្នុងមួយថ្ងៃៗជិត១០០០ក្បាល។
តែបច្ចុប្បន្ន គេនាំក្នុងមួយថ្ងៃ៣០០ក្បាលទៅ៤០០ក្បាល ! សរុបក្នុង១ខែជាង១ម៉ឺនក្បាលខណៈច្បាប់អនុញ្ញាតឲ្យនាំចេញតែ៧០០ក្បាល ។ ក្នុងនោះ គេនាំចេញគោក្របីតែ២ថ្ងៃស្មើច្បាប់អនុញ្ញាត១ខែបាត់ទៅហើយ ដូច្នេះគេចំណេញទេដងក្នុងបានថ្ងៃៗ ។
មិនតែប៉ុណ្ណោះ មេឈ្មួញទាំងអស់ ដែលយកសត្វគោក្របីមកលក់ឲ្យជនជាតិវៀតណាម តាមច្រកស្វាយអាង៉ោងនេះ គឺក្រុមហ៊ុន”អង្គរសុខសារិទ្ធមានជ័យ” ដែលទទួលសិទ្ធផ្ដាច់មុខ ។ តម្រូវឲ្យឈ្មួញទាំងនោះបង់លុយឲ្យក្រុមហ៊ុនក្នុង១ក្បាល៤ម៉ឺនរៀលជាប្រភេទកូនគោក្របី តែបើពេញវ័យ១ក្បាល៦ម៉ឺនរៀល សម្រាប់គោក្របីណាធំធាត់១ក្បាលបង់១២ម៉ឺនរៀល និងបង់បេនអស់៥០០០រៀលទៀតក្នុង១ក្បាល ។
ឆ្លើយតបនិងការលើកឡើងខាងលើ លោក ខុម មេការក្រុមហ៊ុនបានឲ្យដឹងថា បច្ចុប្បន្ននេះ ក្រុមហ៊ុនខាតមិនចំណេញទេ ។ ឯលោក ចិន វិសាល ប្រធានការិយាល័យពសុព្យាបាលសត្វ នៃមន្ទីរកសិកម្មខេត្តព្រៃវែង គ្មានលេខទូរសព្ទ័ចំពោះ លោក ឡោ រស្មី អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ពុំអាចសុំការបំភ្លឺនៅជំវិញក្នុងករណីនេះបានទេ ព្រោះទូរសព្ទ័តេចូលហើយអត់លើក។
ទាក់ទិនព័ត៌មានខាងលើនេះ អ្នកសារព័ត៌មានយើងមិនអាចសុំការពន្យល់ពីរលោក ជឹម សុខ និងមន្ត្រីបាននោះទេ ៕