រតនគិរី ៖ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ មានសេចក្តីរាយការណ៍ គំនរឈើរាប់ពាន់កំណាត់ ត្រូវឈ្មួញប្រមូលចេញពីដងទន្លេសេសាន្ត ស្ថិតក្នុងស្រុកវើនសៃ ស្ថិតនៅភូមិភ្នំកុក ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី។ រហូតដល់ម៉ោង១០យប់មិញ ឈើទាំងនេះត្រូវបានដឹកចេញតាមច្រកអូរយ៉ាដាវ ឆ្ពោះទៅលក់នៅប្រទេសវៀតណាម ហើយករណីនេះ ត្រូវបាននាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់ថា នឹងបញ្ជាឲ្យមូលដ្ឋានពិនិត្យមើល។
បទល្មើសព្រៃឈើបច្ចុប្បន្នកំពុងនៅមានការចរាចរឆ្លងកាត់ទៅកាន់ប្រទេសវៀតណាម ទោះមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចខ្លះ បានដាក់កម្លាំងពង្រាយដើម្បីធ្វើការទប់ស្កាត់ និងបង្ក្រាបក៏ដោយ ប៉ុន្តែអ្នកជំនាញខ្លះអះអាងថា ឈើទាំងនោះ ស្របច្បាប់មានលិខិតអនុញ្ញាតត្រឹមត្រូវ។
គំនរឈើដែលគេប្រទះឃើញនោះ ត្រូវបានគេប្រាប់ថា ជាឈើរបស់ក្រុមឈ្មួញដែលបានប្រមូលទិញពីក្នុងព្រៃដែនជម្រកសត្វទោច ជាយឧទ្យានជាតិវិរៈជ័យ ជាប់ព្រំប្រទល់ខេត្តរតនគិរី និងស្ទឹងត្រែង ហើយមួយចំនួនទៀត ចេញពីតំបន់ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
សេចក្តីរាយការណ៍ បន្តទៀតថា ក្រោយពេលឈ្មួញប្រមូលទិញបាន ពួកគេបានដឹកតាមគោយន្តច្នៃមកគរស្តុបទុកនៅតាមផ្ទះ និងមួយចំនួនជញ្ជូនបន្តទៅលាក់ទុកនៅមាត់កំពង់ទឹក ក្នុងភូមិប៉ាកាឡាន់ ឃុំប៉ាកាឡាន់ ស្រុកវើនសៃ ខេត្តតនគិរី ទាំងថ្ងៃទាំងយប់ ។សេចក្តីរាយការណ៍បញ្ជាក់ថា ឈើទាំងនេះ មានឈ្មួញឈ្មោះ ប៊ុល វិសាល និងលោក ណាក់ ក្បាលធំ ដែលមានឈ្មួញដ៏មានឥទ្ធិពលនៅពីក្រោយ ឈ្មោះ ហូវ ជីវ៉ៃ។
ពាក់ព័ន្ធនឹងការដឹកជញ្ជូនឈើទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វាអូរយ៉ាដាវនេះ អង្គភាពសារព័ត៌មានយើងមិនអាចសុំការពន្យល់ឲ្យលម្អិតពីមន្ត្រីរដ្ឋបាលព្រៃឈើ បានទេ នៅព្រឹកថ្ងៃទី២០ ខែធ្នូនេះ។ ដោយឡែក លោក អ៊ី ចំរើន ប្រធានច្រកទ្វាអូរយ៉ាដាវ ក៏មិនអាចទំនាក់ទំនងបានដែរ។
ចំពោះករណីចរាចរឈើចេញពីខេត្តរតនគិរី ទៅលក់នៅប្រទេសវៀតណាម នេះ លោក សៅ សុខា នឹងពិនិត្យមើលបន្ថែម។ ប៉ុន្តែលោកមិនទាន់ទទួលបានរបាយការណ៍ ឬព័ត៌មាននេះទេ ក្នុងនាមលោកជាប្រធានគណៈកម្មការបង្ក្រាបបទល្មើស។ពីព្រោះបទល្មើសព្រៃឈើ អ្នកទទួលខុសត្រូវតាមផ្លូវច្បាប់ គឺក្រសួងកសិកម្ម និងក្រសួងបរិស្ថាន។ ដោយបទល្មើសព្រៃឈើ មានពីរ មួយអត់ច្បាប់ មួយមានច្បាប់ ពិសេស គឺពិបាកអ្នកបង្ក្រាប។
ជាមួយគ្នា នាយឧត្តមសេនីយ៍ សៅ សុខា បានចាត់ទុកថា ក្រសួងជំនាញអនុញ្ញាតឲ្យអ្នករកស៊ីឈើ មានឃ្លាំងរក្សាទុកឈើនៅតំបន់ជាប់ព្រំដែន គឺជាការបន្លំ ហើយលោកណែនាំថា យល់ល្អគួរអនុញ្ញាតឲ្យយកទៅរក្សាទុកនៅកំពង់សោម ឬកំពង់ស្ពឺវិញ។
មជ្ឈដ្ឋានមហាជនរិះគន់ចំពោះអាជ្ញាធរក្នុងតំបន់ផងដែរ ប៉ុន្តែអាជ្ញាធរបានបដិសេធ ហើយថា ជារូបភាពគ្មានមូលដ្ឋាន និងប្រភពច្បាស់លាស់ ដែលជនខិលខូចធ្វើឡើងក្នុងគោលបំណងចង់បង្ក ចលាចលក្នុងសង្គម ។
ទោះជាណាក៏ដោយ បច្ចុប្បន្នសកម្មភាពដឹកជញ្ជូនឈើនៅខេត្តជាយប្រទេសមួយចំនួន ជាពិសេសខេត្តរតនគិរី មណ្ឌលគិរី និងស្ទឹងត្រែង ត្រូវបានគេរាយការណ៍មកថា បាន និងកំពុងចរាចរយ៉ាងរលូនទៅលក់នៅប្រទេសវៀតណាម ហើយខ្លះមានរូបភាពដូចហែកឋិនតែម្ដង។
សារព័ត៌មានយើងពុំអាចសុំការបំភ្លឺពីលោក ប៊ុល វិសាល លោក ណាក់ ក្បាលធំ និងលោក ហូវ ជីវ៉ៃ បានទេ នៅពេលនេះ ៕