ភ្នំពេញ ៖ គណបក្សហ្វ៊ុនស៊ិនប៉ិច បានសម្រេចបង្កើតគណៈកម្មការជ្រើសរើសបេក្ខភាពសមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភា ខណៈដែលការបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី ៤ នឹងមកដល់ដើមខែមករា ឆ្នាំ២០១៨ និងការបោះ ឆ្នោតជ្រើសតាំងសមាជីកសភាអាណត្តិទី ៦ នឹងមកដល់នៅចុងខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ។
យោងតាមសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការរៀបចំជ្រើសរើសបេក្ខភាពសមាជិកព្រឹទ្ធសភាអាណត្តិទី ៤ និងសមាជិករដ្ឋសភាអាណត្តិទី ៦ របស់គណបក្ស ហ្វ៊ុនស៊ិនប៉ិច ចុះថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៧ ដែលឡាយព្រះហស្ថលេខា ដោយសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ព្រះប្រធានគណបក្ស បានតែងតាំងបេក្ខភាពចំនួន ៥រូប រួមមាន ៖
១-លោក យូ ហុកគ្រី អតីតសហរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន, ២-លោក ប៉ោ ប៊ុនស្រ៊ី អតីតអនុប្រធានទី២ ប្រឹទ្ធសភា ជាអនុប្រធាន, ៣-លោក នុត សុខុម អតីតទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាសមាជិក, ៤-លោក ញេប ប៊ុនជិន អតីតរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសមាជិក, លោក យឹម សាវី ជាសមាជិក ។
ឥស្សរជននយោបាយទាំង ៥នាក់ ខាងលើនេះ សុទ្ធតែជាមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច និងជាមន្ត្រីចាស់ទុំ ដែលមានភក្តីភាព នឹងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ រហូតមក ខណៈដែលមួយចំនួនបានទៅតាមលោក ញឹក ប៊ុនឆៃ ក្នុងការបង្កើតគណបក្សខ្មែររួបរួមជាតិ ហើយពេលនេះ លោក ញឹក ប៊ុនឆៃ កំពុងជាប់ពន្ធនាគារ និងបានប្រកាសលាលែងពី ប្រធាន និងសមាជិកភាពគណបក្សហើយនោះ គណបក្សខ្មែររួបរួមជាតិ បានជ្រើសតាំងលោក សិង្ហ គីរី ជាប្រធានថ្មី ។
ទោះជាយ៉ាងណាអនុប្រធាន គណបក្សហ្វ៊ុនស៊ិនប៉ិច ជាអ្នកនាំពាក្យ និងជាសមាជិកនៅក្នុងគណៈកម្មការរៀបចំជ្រើស រើសបក្ខពួក សមាជិកព្រឹទ្ធសភាផងដែរនោះ ពេលនេះ គណបក្សហ្វ៊ុនស៊ិនប៉ិច កំពុងពង្រឹងកម្លាំងរាជានិយមក្រោមព្រះតម្រិះ ដឹកនាំរបស់សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ជាព្រះប្រធានគណបក្ស ហើយក្រោយបានទទលការចាត់តាំងនេះ សម្រាប់ បេក្ខភាពសមាជីកព្រឹទ្ធសភា ទើបតែចាប់ផ្តើមរៀបចំ ។ ចំណែកបេក្ខភាពសមាជិករដ្ឋសភាបានរៀបចំរួចរាល់អស់ហើយ នៅទូទាំងរាជធានី-ខេត្ត ។
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក កាលពីពេលថ្មីៗនេះ សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ បានមានបន្ទូល ថា គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងទទួលយកអាសនៈសភាជាង ៤០ របស់គណបក្សសង្គ្រោះជាតិ ក្រោយពីបក្សមួយនេះត្រូវ រំលាយ ហើយកៅអីរបស់គណបក្សត្រូវដកហូតយកមកបែងចែកនេះ ហើយដំណើរការរំលាយគណបក្សសង្គ្រោះជាតិ មិនមាន ឧបសគ្គអ្វីមករាំងស្ទះឡើយ បន្ទាប់ពីក្រសួងមហាផ្ទៃ ដាក់បណ្តឹងទៅតុលាការកំពូល សុំឱ្យរំលាយគណបក្សនេះចោល ដោយសារតែមេបក្សលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចោទពីបទក្បត់ជាតិ “សន្ទិដ្ឋិភាពជាមួយបរទេស” ។ ដូច្នេះបក្សរបស់ព្រះអង្គ កំពុងត្រៀមធ្វើការក្នុងរដ្ឋាភិបាលជាមួយគណបក្សប្រជាជនកម្ពុជា ដោយធ្វើជាបក្សប្រឆាំងមួយដែលប្រឆាំងមានហេតុផល ។ ពោលគឺកន្លែងណាត្រូវស្រប ដើម្បីសន្តិភាពជូនជាតិ ព្រះអង្គស្រប កន្លែងណាប្រឆាំង ព្រះអង្គនឹងប្រឆាំង ។
ទោះបីយ៉ាងណា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ប្រឈមនឹងការរំលាយ បានសម្តែង នូវការអស់សំណើចចំពោះគម្រោងចូលធ្វើរដ្ឋាភិបាលចម្រុះ របស់សម្តេចក្រុមព្រះ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងហៅថា ជាទង្វើ“ឥតអៀនខ្មាស”និងធ្វើតាមខ្សែញាក់របស់អ្នកនយោបាយ ខណៈដែលអ្នកវិភាគនយោបាយយល់ឃើញថា គណបក្ស សង្គ្រោះជាតិ មិនមានជម្រើសច្រើនលើសពីហ្នឹងទៀតទេ ក្រៅពីការនៅស្ងៀមស្ងាត់ហើយបាត់បង់កៅអីទាំងអស់ ៕