ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ ព្រឹក ថ្ងៃទី ១៧ខែ ធ្នូ ឆ្នាំ ២០១៣ នៅមន្ទីរពេទ្យម៉ាលីយ៉ា ដែលមានទីតាំងនៅមហាវិថី ព្រះ មុនីវង្ស កែងផ្លូវលេខ ៣៩២ ភូមិ ១ សង្កាត់បឹងកេងកងទី ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ព្រះគ្រូ ចៅអធិការវត្តអង្គអណ្តែត បាននិមន្តទៅព្យាបាលជំងឺដុះសាច់ បំពង់ក នៅមន្ទីរពេទ្យម៉ាលីយ៉ា ដែលមានទីតាំងខាងលើ ដោយគ្រូពេទ្យចាក់ថ្នាំមួយម្ចុល ទៅអ្នកជំងឺជាចៅអធិការ ស្រាប់តែប្រកាច់ រហូតសុគត ពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត្រ ។
ប្រភពព័ត៌មាន ពីបងប្រុសចៅអធិការ វត្តអង្គអណ្តែត បានឱ្យដឹងថា កន្លងមក នៅពេលដែលព្រះអង្គក្តៅខ្លួនម្តងៗ តែងតែហើមកន្លើត ទើបព្រះអង្គមកព្យាបាលនៅទីក្រុងភ្នំពេញ កាលពីល្ងាចថ្ងៃទី ១៤ ខែធ្នូ ដោយគង់នៅវត្ត បុទុមវតី ប៉ុន្តែ ពេលដែលព្រះអង្គនិមន្តមក ភ្នំពេញនេះ ស្ថានភាពជំងឺ ព្រះអង្គមិនជាធ្ងន់ធ្ងរទេ តែក្នុងគោលបំណងមកព្យាបាលរោគា ព្រោះពេលដែលក្តៅខ្លួន តែងតែហើមកន្លើត ដែលដុះសាច់បំពង់កនេះ ។
លុះនៅពេលព្រឹកថ្ងៃកើតហេតុនោះ ព្រះអង្គបាននិមន្ត ទៅព្យាបាលនៅមន្ទីរពេទ្យម៉ាលីយ៉ា ពេលទៅដល់ គ្រូពេទ្យពិនិត្យរួចរាល់ហើយ ចាក់ថ្នាំមួយម្ជុល ភ្លាមនោះ ស្រាប់តែព្រះអង្គមានអាការៈប្រកាច់ខុសប្រក្រតី ទើបគ្រូពេទ្យនៅមន្ទីរពេទ្យម៉ាលីយ៉ា បានបញ្ជូនព្រះអង្គ ទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្របន្តទៀត ជាអកុសល ពេលទៅដល់មន្ទីរពេទ្យកាល់ម៉ែត្រ គ្រូពេទ្យកាល់ម៉ែត្រ ពិនិត្យប្រាប់ថា ព្រះអង្គ សុគតទៅហើយ ។
ចៅអធិការដែលសុគត មាននាម ងឹម វណ្ណនី ជន្មាយុ ២៤ ឆ្នាំ ជាចៅអធិការវត្តអង្គអណ្តែត មានទីតាំងនៅភូមិថ្មី ឃុំជម្ពូវ័ន ស្រុកជុំគីរី ខេត្តកំពត បានបួស ៨ វស្សា មកហើយ មានញោមប្រុស (ឪពុក) ឈ្មោះ អ៊ុង រី អាយុ ៥១ ឆ្នាំ ជាប៉ូលិសព្រំដែនអូរស្មាច់ និងញោមស្រី (ម្តាយ) ឈ្មោះ កែវ សុខា អាយុ ៥០ ឆ្នាំ ។
ចំពោះការសុគតរបស់ចៅអធិការវត្ត អង្គអណ្តែត សាច់ញាតិរបស់ព្រះអង្គហាក់ដូចជាមានការងឿងឆ្ងល់ខ្លាំងណាស់ ហេតុអ្វី សុខភាព នៅធម្មតាសោះ បែរជាចាក់ថ្នាំសុគតភ្លាមបែបនេះ ? ហើយបានហៅប៉ូលិសកោសល្យវិច័យ ទៅធ្វើការពិនិត្យ រួចទើបយកសពទៅ ធ្វើ បុណ្យ តាមប្រពេណីនៅស្រុកកំណើតវិញ ៕