ខេត្តព្រះវិហារ ៖ ចំណុចភ្នំលុងស្ថិតនៅក្នុងទឹកដីភូមិត្រពាំងទទឹម ឃុំរម្យទម ស្រុករវៀង ខេត្តព្រះវិហារ កំពុងរងការបំផ្លាញធ្ងន់ធ្ងរ ដោយក្រុមឈ្មួញទុច្ចរិតឃុបឃិតជាមួយសមត្ថកិច្ច ដោយប្រើកម្លាំងកម្មកររាប់សិបនាក់ជីកកកាយរុករករ៉ែមាសយ៉ាងអនា ធិបតេយ្យ បង្កផលប៉ះពាល់ដល់បរិស្ថានភ្នំលុង ដែលមានសុទ្ធសឹងតែរណ្តៅជម្រៅចាប់ពី ៥០ម៉ែត្រ ទៅដល់ជិត ១០០ម៉ែត្រ ឯណោះ ។ មេការដែលឈរជើងត្រួតត្រាលើសកម្មភាពជីករុករករ៉ែមាសនៅភ្នំលុងមានឈ្មោះ ថន អមដោយកម្លាំងចម្រុះ ចេញមុខការពារនៅចំណុចភ្នំលុងថែមទៀតផង ទើបប្រជាពលរដ្ឋនៅតំបន់នោះដាក់ការសន្មត់ថា ជាសកម្មភាពឃុបឃិតជីក រករ៉ែមាសដោយពុំមានច្បាប់ទម្លាប់អ្វីនោះឡើយ ។
ប្រភពពីប្រជាពលរដ្ឋនៅតំបន់ភូមិត្រពាំងទទឹម បានអះអាងថា រយៈកាលកន្លងមកមានករណីបាក់ដីក្នុងអណ្តូងរ៉ែ មាសបង្កឱ្យស្លាប់ជាច្រើននាក់ ប៉ុន្តែការស្លាប់របស់កម្មករត្រូវបានគេលាក់បាំងដោះស្រាយស្ងាត់ៗដោយពុំទទួលបានការគាំពារ តាមផ្លូវច្បាប់ឡើយ ។ ចំណែកកម្លាំងចម្រុះដែលមាននគរបាលនិងកងរាជអាវុធហត្ថឈរជើងការពារនៅភ្នំលុងបានធ្វើការអះ អាងថា ពួកគាត់មកតាមការបញ្ជាពីមេតែប៉ុណ្ណោះ រឿងអ្វីទៀតគឺពួកគាត់អត់បានដឹងនោះទេ ។ ហើយការថតយករូបភាព ក្នុងសកម្មភាពជីករុករករ៉ែមាសនៅភ្នំលុងក៏ត្រូវបានរារាំងដោយកម្លាំងចម្រុះដែលឈរជើងការពារនៅទីនោះថែមទៀតផង ហាក់បង្ហាញឱ្យឃើញថា សកម្មភាពរុករករ៉ែមាសរបស់មេការថនអាចមានបង្កប់នូវភាពមិនស្របច្បាប់ រួមទាំងប្រើកម្លាំង ការពារតាមការចំណាយលុយក្រៅផ្លូវច្បាប់ដើម្បីធានាដល់មុខរបរទុច្ចរិតតែប៉ុណ្ណោះ ។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលលោក ស៊ុយ សែម មិនអាចទំនាក់ទំនងតាមទូរស័ព្ទបានឡើយ ដោយទូរស័ព្ទចូលហើយ ប្រព័ន្ធបិទដោយស្វ័យប្រវត្តិ ប៉ុន្តែត្រូវបានប្រព័ន្ធថ្មីឆ្លើយតបដែលជាជនបរទេសបញ្ជាក់ថា គាត់នៅធ្វើការក្នុងក្រសួងអភិវឌ្ឍន៍ ជនបទ ចំណែកលេខដែលទូរស័ព្ទចូលពេលមុនមិនមែនជាលេខទូរស័ព្ទរបស់លោក ស៊ុយ សែម ឡើយ (០១២ ៨០៥ ៨០៥)។ ទោះបីយ៉ាងណាមេការ ថន ដែលជាឈ្មួញធំក្នុងការធ្វើសកម្មភាពជីករករ៉ែមាសនៅភ្នំលុងធ្លាប់បានអះអាងតាម ទូរស័ព្ទថា សូមកុំឱ្យមានការចុះផ្សាយពីករណីជីករុករករ៉ែមាសនៅភ្នំលុង សូមទុកពេលរាប់អានគ្នាវិញល្អជាង ។
អភិបាលខេត្តព្រះវិហារលោក អ៊ុំ ម៉ារ៉ា មិនអាចទំនាក់ទំនងសុំការបំភ្លឺជុំវិញសកម្មភាពជីករុករករ៉ែមាសនៅភ្នំលុង បានឡើយដោយទូរស័ព្ទរោទិ៍តែពុំមានអ្នកទទួល ។ ទោះបីយ៉ាងណាមន្ទីរជំនាញរ៉ែ និងថាមពលខេត្តព្រះវិហារគួរតែដឹងពី បញ្ហាជីករុករករ៉ែមាសនៅភ្នំលុងដើម្បីធានាដល់ការធ្វើអាជីវកម្មស្របតាមបទដ្ឋានរដ្ឋបាលទើបអាចធានាបានលើផលប៉ះពាល់ បរិស្ថានរួមទាំងអាយុជីវិតកម្មករដែលជួបភាពរងគ្រោះដោយប្រការណាមួយដូចករណីបាក់អណ្តូងរ៉ែមាសនៅខេត្តក្រចេះ ដែលតម្រូវឱ្យថៅកែចេញមុខទទួលខុសត្រូវលើសំណងកម្មករដែលស្លាប់ឱ្យបានសមរម្យដើម្បីឱ្យក្រុមគ្រួសារអាចទទួលយក បាន ។
ប៉ុន្តែករណីធ្វើអាជីវកម្មរុករករ៉ែមាសនៅភ្នំលុងក្នុងទឹកដីស្រុករវៀង ដែលប្រើកម្លាំងចម្រុះនគរបាល និងកងរាជអាវុធ ហត្ថចេញមុខ ការពារហាក់បានបង្ហាញនូវសញ្ញាអាសន្នជាមុខរបរមិនស្របច្បាប់ដែលរដ្ឋហាក់ពុំបានគ្រប់គ្រងលើស្ថានភាពជីក កកាយរុករករ៉ែមាសដែលមានទំហំនៃផលប៉ះពាល់ក្នុងកម្រិតណាមួយដើម្បីវាយតម្លៃបានឡើយ ។ ចំពោះទិដ្ឋភាពក្រោមការ គ្រប់គ្រងរបស់មេការជីករុករករ៉ែមាសក៏ហាក់បានបង្ហាញឱ្យឃើញតាមរយៈឃុបឃិតប្រើអំណាចកម្លាំងចម្រុះដើម្បីការពារ មុខរបរទុច្ចរិតរបស់ខ្លួនតែប៉ុណ្ណោះ ។
សកម្មភាពធ្វើអាជីវកម្មរុករករ៉ែមាសបែបអនាធិបតេយ្យនៅចំណុចភ្នំលុងក្នុងភូមិត្រពាំងទទឹម ឃុំរម្យទម ស្រុករវៀង ខេត្តព្រះវិហារ បើគ្មានការឃុបឃិតដើម្បីស្វែងរកផលប្រយោជន៍ពីមន្ត្រីជំនាញទេនោះ ក៏មេឈ្មួញឈ្មោះ ថន មិនអាចធ្វើអាជីវកម្មរុករក រ៉ែមាសដោយថែមទាំងមានកម្លាំងចម្រុះការពារបាននោះឡើយ ។ ស្ថិតក្នុងតួនាទីជាអភិបាលនៃ គណៈអភិបាលខេត្តព្រះវិហារមានអំណាចជាគណៈបញ្ជាការឯកភាពខេត្ត លោក អ៊ុំ ម៉ារ៉ា គួរតែដឹងពីការប្រើកម្លាំងចម្រុះខេត្ត ទៅការពារឱ្យក្រុមឈ្មួញរុករករ៉ែមាសដោយគ្មានការលាក់លៀមបានឡើយ ។ លើកលែងតែអាជីវកម្មរុករករ៉ែមាសរបស់មេ ការឈ្មោះ ថន មានការពាក់ព័ន្ធ រត់ការឃុបឃិតជាមួយមន្ត្រីជំនាញដែលអាចផ្តល់ផលប្រយោជន៍ឱ្យមន្ត្រីថ្នាក់ខេត្តទើបអាចធ្វើ សកម្មភាពខុសច្បាប់ដោយប្រើកម្លាំងចម្រុះនគរបាល និងកងរាជអាវុធហត្ថមកការពារសកម្មភាពទុច្ចរិតបាន ៕ ដោយ ៖ ជ.ត