ឈើប្រណីតដឹកចេញពីស្រុកកោះញែក ខេត្តមណ្ឌលគីរីរាប់សិបរទេះក្នុងមួយថ្ងៃៗ ឆ្លងកាត់ចូលភូមិមួយរយប្រាំ ឃុំថ្មី ស្រុកចិត្របូរី ខេត្តក្រចេះ ដែលមានមេឈ្មួញ ៣នាក់ ប្រើឡានកាមរីម៉ាកឆ្លាម-បាឡែន និងកាមរីហើមប្រមាណ ៣០គ្រឿង ដឹកចេញបន្តយកទៅលក់ឱ្យមេឈ្មួញធំនៅចំណុចគីឡូលេខ ៧៩ ក្នុងស្រុកស្នួល មេឈ្មួញកណ្តាលឈ្មោះ ពក, ឈ្មោះ ប៉ាង និងឈ្មោះ ចិន បានដឹកឈើប្រណិតចេញពីស្រុកចិត្របូរី ក្នុងមួយថ្ងៃៗមិនតិចជាង ២០រថយន្ត ទាំង៣ប្រភេទនោះ ឡើយ ដោយមានថៅកែធំឈ្មោះ ធឿន និងឈ្មោះ គុន ជាអ្នកទទួលទិញនៅស្រុកស្នួលត្រង់គីឡូលេខ ៧៩ ដើម្បីបន្តយកទៅ លក់នៅប្រទេសវៀតណាម ។
ស្ថានភាពរថយន្តដឹកឈើប្រណីតចេញពីស្រុកចិត្របូរីរបស់ក្រុមឈ្មួញកណ្តាលឈ្មោះ ពក, ឈ្មោះ ប៉ាង និងឈ្មោះ ចិន ក្នុងមួយថ្ងៃចាប់ពី ២០ ទៅ៣០គ្រឿង គឺបើកក្នុងល្បឿនដាច់ព្រលឹង ដោយប្រជាពលរដ្ឋនៅតាមដងផ្លូវអះអាងថា បើមិនប្រយ័ត្ន ទេនោះ គឺងាយនឹងរងគ្រោះថ្នាក់ចរាចរណ៍ខ្លាំងណាស់ ។ សូម្បីអ្នកសារព័ត៌មានក៏មិនអាចថតយករូបភាពរថយន្តប្រភេទ ទំនើបដឹកឈើប្រណីតរបស់មេឈ្មួញកណ្តាលទាំង៣ បានឡើយ ព្រោះហ្វូងរថយន្តដែលចេញម្តងៗមានចាប់ពី ៤គ្រឿងឡើង ទៅមើលឃើញតែធូលីដីហុយហាក់បាត់រូបរថយន្តទៅហើយ ដែលជាហេតុធ្វើឱ្យការនាំឈើរបស់ក្រុមឈ្មួញតែងទៅដល់ គោលដៅដោយពុំមានការបង្ក្រាបអ្វីទាំងអស់ ។
ហ្វូងរថយន្តដឹកឈើប្រណីតរបស់មេឈ្មួញកណ្តាលទាំង ៣នាក់ ដែលអាចដឹកជញ្ជូនឈើចាប់ពី ២០ ទៅ ៣០រថយន្ត យកទៅដល់គោលដៅបានក៏អាស្រ័យដោយមានការឃុបឃិតពីលោក ព្រាប សុធារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ ជាអ្នក បើកភ្លើងខៀវរួមទាំងលោក សូយ សារិត នាយខណ្ឌរដ្ឋបាលថែមទៀតផង ទើបក្រុមឈ្មួញទុច្ចរិតទាំង ៣ ប្រើល្បឿនឡាន ដោយគ្មានខ្លាចក្រែងសមត្ថកិច្ចណាទាល់តែសោះបែបហ្នឹង ។ ម៉្យាងវិញទៀត ថៅកែធំដែលចាំទិញឈើប្រណិតពីមេឈ្មួញ ឈ្មោះ ពក, ប៉ាង និងចិន ក៏មានកិច្ចការពារពីក្រុមមេព្រៃថែមទៀតផង ទើបមានការសង្ស័យថា បើលោក សូយ សារិត នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ មិនទទួលបានលាភសក្ការៈទេនោះ ភាពអនាធិបតេយ្យដឹកជញ្ជូនឈើរបស់មេឈ្មួញ ទាំង៣ ដែលធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃក៏មិនអាចគេចចេញពីការបង្ក្រាបបានឡើយ ។ ដោយសូម្បីថៅកែធំឈ្មោះ ធឿន និងឈ្មោះ គុន ដែលបើកស្តង់ឈរទិញនៅចំណុចគីឡូលេខ៧៩ ក៏ត្រូវបានគេដឹងថា មានការទិញទឹកចិត្តលោកមេព្រៃថ្នាក់ខណ្ឌ រួចរាល់អស់ទៅហើយ ទើបសុវត្ថិភាពបទល្មើសអាចដំណើរការបានដោយរលូនបែបហ្នឹងទាន ។
ជាក់ស្តែងហ្វូងរទេះគោដឹកឈើប្រណីតចេញពីស្រុកកោះញែក ខេត្តមណ្ឌលគីរីយកមកស្តុបទុកក្នុងភូមិមួយរយប្រាំ ឃុំថ្មី ទុកលក់ឱ្យមេឈ្មួញកណ្តាលឈ្មោះ ពក, ប៉ាង និងឈ្មោះ ចិន ដែលប្រើសុទ្ធសឹងរថយន្តទំនើបដឹកឆ្លងកាត់ឃុំកន្ទួតឆ្លងទៅកាន់ស្រុក ស្នួលបានដោយសេរី គឺពិតជាមានការឃុបឃិតពីមន្ត្រីជំនាញថ្នាក់សង្កាត់រដ្ឋបាលព្រៃឈើរហូតដល់នាយផ្នែក និងនាយខណ្ឌ ទើបអាចមានលទ្ធភាពដឹកឈើប្រណិតចូលទៅដល់ស្រុកស្នួលបាន ។ មិនដឹងថា ក្រោមចំណាត់ការកែទម្រង់ស៊ី ជម្រៅរបស់រាជរដ្ឋាភិបាលអាណត្តិទិ ៥ គួរលើកទឹកចិត្តឱ្យមន្ត្រីខិលខូចបន្តឃុបឃិតបំផ្លាញព្រៃឈើដោយគ្មានវិធានការច្បាស់ លាស់ណាមួយក្នុងការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពឬយ៉ាងណានោះទេ ។ ព្រោះក្នុងនាម ឯកឧត្តម ឆេង គឹមស៊ុន ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើ គឺជាអ្នកទទួលខុសត្រូវលើប្រសិទ្ធភាពក្នុងការកែទម្រង់ឱ្យស្របតាមគោល នយោបាយចតុកោណជំហានទី ៣ ដែលប្រមុខរាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តដោយពុំមានការយោគយល់ដល់មន្ត្រីពុករលួយណា ម្នាក់ឡើយ ៕
ដោយ ៖ ជ.ត