កំពត ៖ មានប្រភពច្បាស់ការណ៍បានលួចទំលាយថា សព្វថ្ងៃទំនិញជាច្រើនប្រភេទដែលកំពុងចរាចរណ៍ឆ្លងកាត់ច្រកទ្វារអន្តរជាតិព្រែកចាកតាមមធ្យោបាយ រថយន្ត ម៉ូតូ ភាគច្រើនសុទ្ធតែជាទំនិញគេចពន្ធស្ទើតែទាំងអស់។ចំពោះរូបភាពផ្ទុកទំនិញសំពីងសំពោងនេះ បើតាមប្រភពខាងលើអះអាងថា គឺជារូបភាពបន្លំភ្នែកមួយ ដោយខាងជំនាញសរសេរវិកយប័ត្របង់ពន្ធត្រឹម៤០ទៅ៥០ភាគរយប៉ុណ្ណោះ សល់ពីនោះគឺគិតលុយញាត់ហោប៉ៅខ្លួនឯងហើយ។
ប្រភពដ៏ជឿជាក់បានលួចទំលាយទៀតថា ក្រៅពីមានការចរាចរណ៍ទំនិញគេចពន្ធឆ្លងកាត់ច្រកទ្វារអន្តរជាតិព្រែកចាកនោះ ក៏មានការនាំចូលទំនិញល្មើសច្បាប់ជាច្រើនប្រភេទតាមច្រករបៀង២ទៀតដែលចាត់ទុកជាច្រកសំរាប់នាំទំនិញយ៉ាងមានសុវត្ថិភាពបំផុត ។ ជាងនេះទៅទៀត ការដឹកជញ្ជូនទំនិញតាមមធ្យោបាយធុនតូចឬធំ ត្រូវបានប្រធានស្នាក់ការគយនិងរដ្ឋាករ ព្រែកចាក ច្បាម ក្តោបក្រសោបមិនឲ្យរួចមួយណាឡើយ ហើយករណីនេះមិនមែនកើតឡើងថ្មីៗទេ គឺបានអនុវត្តរាប់ឆ្នាំមកហើយ ពោលគឺបន្ទាប់ពីលោក ទន់ ចាន់ធី ជាប្រធានចាស់ត្រូវដកតំណែង ហើយតែងតាំង លោក យ៉ែម សេង ជំនួសមកម្លេះ។សេចក្តីរាយការណ៍បានលួចខ្សឹបទៀតថា របៀបរបបសរសេរក្រដាស់ពន្ធបិទលើទំនិញគ្រប់ប្រភេទដែលកំពុងសម្តែងឆាកល្ខោនបំភ័នភ្នែកមហាជននេះ តាមពិតជាក្បួនតម្រាមួយដែលបន្សល់តាំងពីប្រធានស្នាក់ការមុនមកម្លេះ ទើបបន្តមកដល់បច្ចុប្បន្ន គឺមិនខុសគ្នាឡើយ និយាយឲ្យស្រួលស្តាប់ គឺទំនិញអត់បង់ព ន្ធត្រូវបានឈ្មួញរៀបនៅខាងក្នុងរថយន្តបិទជិតមើលមិនឃើញទេ ។ ចំណែកឥវ៉ាន់មានបិទតែមគឺដាក់តម្រៀបបង្អួតមហាជន មើលទៅល្អដែរតើ អ្នកមិនដឹងគឺមិនយល់ បើអ្នកដឹងក៏មិនហ៊ាននិយាយ បានត្រឹមតែឈរមើលសម្រក់ទឹកមាត់តែប៉ុណ្ពោះ ព្រោះគេដឹងច្បាស់ថា ប្រធានស្នាក់ការគយនិងរដ្ឋាករព្រែកចាក លោកយ៉ែម សេង ក្នុងមួយខែៗប្រមូលលុយពីក្រុមអ្នករកសីុដឹកទំនិញគ្រប់ប្រភេទ ក្នុងតំបន់នេះរាប់មឺុនដុល្លាឯណោះ។
ទាក់ទិននឹងការចោទប្រកាន់ខាងលើ សារព័ត៌មានយើងមិនអាចសុំការពន្យល់ណាមួយពីលោក យ៉ែម សេង ប្រធានស្នាក់ការគយនិងរដ្ឋាករ ព្រែកចាកបានទេ នៅរសៀលថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៧នេះ ដោយសារលោកមិនទទួលទូរសព្ទ។
រឿងដោយឡែក ចំពោះជំនាញកាំកុងត្រូលដែលកំពុងដាក់ស្នាក់ការនៅច្រកទ្វារអន្តរជាតិព្រែកចាកវិញ ក៏មានគេរិះគន់ធ្ងន់ៗដែរ និយាយឲ្យចំមិនខុសនឹងស្ថាប័នគយឡើយ គឺមួយថ្ងៃៗគេឃើញមន្ត្រីកាំកុងត្រូលអង្គុយចុចតែទូរសព្ទហើយឆ្មក់ចាំតែលូកដៃយកលុយពីឈ្មួញដឹកទំនិញ បើទោះជាគេដឹកទំនិញបែបណា ក៏ពុំបានឆែកឆេឬពិនិត្យមើលមុខទំនិញខូចគុណភាពឬហួសសុពលភាពឡើយ សំខាន់ប្រមូលលុយដាក់ក្នុងកាបូបសិន ចង់ដឹកស្អីក៏ដឹកទៅ៕