មណ្ឌលគិរី ÷ នាព្រឹក ថ្ងៃសុក្រ ៧កើត ខែ ជេស្ឋ ឆ្នាំថោះ បញ្ចាស័ក.ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំពិធី បើកវគ្គបំប៉នគ្រូបង្គោលអំពីច្បាប់នៃការបោះឆ្នោតបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតនិងក្រម សីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។
ពិធីនេះបានប្រព្រឹត្តធ្វើឡើងក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត។ ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ត្រី ស្នងការរងពាក់ព័ន្ធ លោកនាយការិ.ជំនាញពាក់ព័ន្ធ លោកអធិការ អធិការរងទទួលសេនាធិការ-កិច្ចការប៉ុស្តិ៍រដ្ឋបាល-សន្តិសុខ និងផ្នែកជំនាញទាំង៣ នៃអធិការដ្ឋាន០២ ក្រុង/ស្រុក គឺក្រុងសែនមនោរម្យ និងស្រុកអូររាំង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៦ ឃុំ/សង្កាត់ និងប្រជាការពារទាំង២ ក្រុង/ស្រុក សរុបសិក្ខាកាមចូលរួមចំនួន ១៨៤នាក់ ស្រី ០៣នាក់ (ក្នុងនោះសិក្ខាកាម ការិ.ជំនាញ ០៤នាក់, ប្រជាការពារ ១០៤នាក់)។ វគ្គបណ្ដុះបណ្ដាលនាឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តលោកបានផ្ដល់នូវបទពិសោធន៍ល្អៗបន្ថែម និងបានណែនាំទៅដល់កំលាំងប្រជាការពារ មានសិទ្ធិជួយពង្រឹង និងជួយការពារនៅតាមកន្លែងនិមួយៗដែលខ្លួនគ្រប់គ្រង រួមសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ ដែលជាកម្លាំងមន្ត្រីនគរបាលយុត្តិធម៍នឹងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងពេលអនុវត្តច្បាប់ផងដែរ។
ជាកិច្ចបញ្ចប់នៃកម្មវិធីលោក ឧត្តមសេនីយ៍ត្រី សៅ សាវ៉ាត ស្នងការរងទទួលការងារសេនាធិការដែលជាគ្រូបង្គោលវគ្គបណ្តុះបណ្តាលនាពេលនេះ មានរយៈពេលពេញ ០១ថ្ងៃនិងគ្រូបង្គោល របស់ស្នងការដ្ឋានចំនួន២០នាក់ទៀតដែលបានចូលរួម វគ្គបណ្តុះបណ្តាលនៅអគ្គស្នងការដ្ឋាននគរបាលជាតិ កន្លងមកនាពេលថ្មីៗកន្លងមកនេះបានពន្យល់ណែនាំទៅដល់សិក្ខាកាមដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលនាពេលនេះ ត្រូវយកចិត្តទុកដាក់ ស្តាប់រាល់ខ្លឹមសារ ក្នុងមេរៀននិមួយៗដើម្បីយកខ្លឹមសារនៃមេរៀនទាំងអស់នេះទៅអនុវត្តការងារនាពេលខាងមុខអោយមានប្រសិទ្ឋភាពខ្ពស់លោក ឧត្តមសេនីយ៍ត្រីស្នងការរងក៏បានមានប្រសាសន៍បិទបញ្ចប់កម្មវិធីនាពេលនេះ។
ទិសដៅ៖បន្ទាប់ពីបញ្ចប់វគ្គនេះ ក្រុមគ្រូបង្គោលស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នឹងបន្តចុះបេីកវគ្គបណ្តុះបណ្តាល នៅអធិការដ្ឋាននគរបាល ០៣ស្រុកទៀតគឺ ស្រុកកោះញែក កែវសីមា និង ស្រុកពេជ្រាដា ឲ្យបានរួចរាល់ត្រឹមបំណាច់ ខែឧសភា ឆ្នាំ២០២៣នេះ៕