នាព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំពិធីសំណេះ សំណាល និងជូនដំណើរដល់យោធិន នៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួន៥៦នាក់ ដើម្បីចូលទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយស្ថិតនៅក្នុងភូមិសាស្ត្រភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង លោកជំទាវ កែវ សុខពិសី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង លោកនាយសេនាធិការ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ព្រមទាំង សាច់ញាតិ ក្រុមគ្រួសារ បងប្អូន របស់យោធិន ជាច្រើនរូបទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខនិងជូនពរ របស់ ឯកឧត្តម នាយឧត្តម សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ជូនដល់ យោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មីទាំងអស់ សូមឲ្យទទួលបានជោគជ័យគ្រប់គ្នា។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានផ្ដាំផ្ញើដល់ប្អូនៗ យោធិន នៃកងរាជអាវុធហត្ថ ដែលបានប្រឡងជាប់ជាស្ថាពរ នៅពេលដែលចូលទៅសាលាហ្វឹកហ្វឺន ត្រូវប្រឹងប្រែង រៀនសូត្រ គ្រប់មុខវិជ្ជាឱ្យបានល្អប្រសើរ ជំនះឲ្យបានគ្រប់ឧបសគ្គ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីនាពេលអនាគត។
លោកជំទាវ កែវ សុខពិសី បានថ្លែងថា ក្នុងនាម ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ ដែលបានរៀបចំការប្រឡងជ្រើសរើស យោធិនកងរាជអាវុធហត្ថ ប្រកបដោយតម្លាភាព និងយុត្តិធម៌ នាពេលកន្លងមកនេះ។
ទន្ទឹមនេះ លោកជំទាវ ក៏សូមថ្លែងអំណរគុណចំពោះ មាតា បិតា អាណាព្យាបាល ដែលបានអនុញ្ញាតឱ្យកូនៗ ចូលបម្រើក្នុង កងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថ ដើម្បីបម្រើប្រទេសជាតិមាតុភូមិ និងប្រជាពលរដ្ឋ ជាពិសេសចូលរួមថែរក្សា សន្តិភាព និង ការអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ក្រោយពីសំណេះសំណាលរួច លោកជំទាវ អភិបាលរង ក៏បាននាំយកថវិការបស់ រដ្ឋបាលរាជធានីភ្នំពេញ ឧបត្ថម្ភដល់ យោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ២០០,០០០ រៀល និង ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឧបត្ថម្ភ ក្នុងម្នាក់ៗ ទទួលបាន មី ០១កេស, ភេសជ្ជៈ ទឹកសុទ្ធ ០៣កេស ផងដែរ៕