កែប ៖ ក្នុងកិច្ចជួបសំណេះសំណាលរវាងបវរកញ្ញាឯកប្រទេសជប៉ុន ឆ្នាំ២០១១ (Miss Hisae Arai Managing Director of THF and Miss Japan 2011)នៅព្រឹកថ្ងៃទី០២ខែ ឧសភា ឆ្នាំ២០១៧នេះ លោកកែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែបបានលើកឡើងថា លោកនឹងមានគម្រោងរៀបចំធ្វើពិធីកែបសំអាតកែប នាខែកក្កដា ឆ្នាំ២០១៧ ដើម្បីអបអរពិធីបុណ្យសមុទ្រ ដែលនឹងប្រារព្វនៅក្នុងរមណីយដ្ឋានមាត់ឆ្នេរកែបនាពេលខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកបានបញ្ជាក់យ៉ាងដូច្នោះថា រមណីយដ្ឋានឆ្នេរកែបត្រូវរំលេចដោយសូចនករ ខ្យល់ស្អាត ដីស្អាត ទឹកស្អាត ស្របតាមពាក្យស្លោក ឆ្នេរស្រស់ស្អាតដាច់គេនិងភាពបៃតង និងភាពខៀវស្រងាត់។
យ៉ាងណាមិញ ក្នុងកិច្ចសំណេះសំណាល លោកក៏បានលើកយកនូវប្រធានបទសំខាន់ៗ ទាក់ទិននឹងនិរន្តរភាពបរិស្ថានក្រុងកែបដែលកន្លងមកក៏ត្រូវបានមជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេសកំពុងដោតការចាប់អារម្មណ៍យ៉ាងខ្លាំង លើវិសាលភាពប្រកបដោយសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ ដែលជាផ្នែកមួយដ៏សំខាន់របស់រមណីយដ្ឋានដ៏តូចច្រឡឹងមួយនេះ ។
អភិបាលខេត្តកែប ក៏បានរំពឹងថា ការរៀបចំទិវា កែបសំអាតកែប លើកទី៥ដែលនឹងប្រព្រឹត្តក្នុងខែកក្តដា ឆ្នាំ២០១៧ដើម្បីត្រៀមលក្ខណៈក្នុងការប្រកួតប្រជែង ទេសចរណ៍អាស៊ានពិសេសការរក្សានូវបរិស្ថាននិងអនាម័យ សំរាប់ពិធីបុណ្យសមុទ្រក្នុងអំឡុងពេលខាងមុខនេះផងដែរ។
ឆ្លើយតបនឹងប្រធានបទខាងលើ បវរកញ្ញាជប៉ុន ដែលជាទូតសុឆន្ទៈរបស់ ខេត្តកែប Miss Hisae Arai ក៏បានឯកភាពរាល់ទិសដៅទាំងឡាយដែលបានលើកឡើងអម្បាញមិញ ហើយកញ្ញាក៏បានទទួលស្គាល់ថា បរិស្ថាននៅក្នុងតំបន់ឆ្នេរកែបពិតជាមានសក្តានុពលលើផ្នែកទេសចរណ៍យ៉ាងពិតប្រាកដ។ជាមួយនឹងការរៀបចំទិវាកែបសំអាតកែប កញ្ញាក៏បានសំណូមពរឲ្យមានការចូលរួមពីសំណាក់សិស្សានុសិស្ស មន្ត្រីរាជការ ក្រុមអាជីវករ និងប្រជាពលរដ្ឋក្នុងខេត្តកែបទាំងមូលផងដែរ។
សូមបញ្ជាក់ផងដែរថា ការរៀបចំទិវាកែបសំអាតកែប(Kep Kep Clean) លើកទី៥នេះនឹងត្រូវធ្វើឡើងនៅចំណុចបរិវេណអនុវិទ្យាល័យចរិយាវង្ស ដែលនឹងប្រព្រឹត្តទៅក្នុងខែកក្កដា ឆ្នាំ២០១៧ខាងមុខ ក្រោមកិច្ចប្រឹងប្រែងពីសំណាក់អាជ្ញាធរខេត្តកែបនិងការចូលរួមរបស់បវរកញ្ញាឯកជប៉ុន គឺកញ្ញា Miss Hisae Arai ,Managing Director of THF and Miss Japan 2011 ៕